កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ប្តេជ្ញាថា Liverpool នឹងវិលត្រលប់ទៅកាន់ការប្រជែងជើងឯក Premier League ជាថ្មី
29, May 2023 , 5:09 pm        
រូបភាព
លោក Jurgen Klopp បានសន្យាថាក្លិប Liverpool នឹងវិលត្រលប់ទៅកាន់ការប្រកួតប្រជែងសម្រាប់ពានរង្វាន់ Premier League វិញនៅរដូវកាលក្រោយ បន្ទាប់ពីការប្រកួតចុងក្រោយដ៏ខកចិត្តនៃការបញ្ចប់រដូវកាល ត្រឹមស្មើក្រុម Southampton លទ្ធផល ៤-៤ ថ្ងៃទី២៨ ខែឧសភា។ ក្រុម Southampton ត្រូវបានកាត់ចោលទៅកាន់លីគលំដាប់ទីពីរ។



ការប្រកួតចុងក្រោយ Liverpool រកបានត្រឹមតែ ១ពិន្ទុពីការប្រកួត ហើយបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ ហើយក្រុមរហ័សនាមហង្សក្រហម បានខកខានតំណែងក្នុងក្រុមលំដាប់កំពូលទាំង ៤ លើកដំបូងចាប់តាំងពីរដូវកាល ២០១៥-១៦។
 
​ទោះយ៉ាងណា Liverpool រដូវកាលនេះ បានបញ្ចប់ទៅដោយគ្មានការឈ្នះពានរង្វាន់ណាមួយទាល់តែសោះ ហើយរដូវកាលក្រោយពួកគេនឹងត្រូវធ្លាក់ទៅលេងនៅក្នុងពានរង្វាន់អឺរ៉ុបលំដាប់ទីពីរ Europa League។
 
ក្រោយឆ្លងកាត់ការប្រជែងដ៏លំបាកក្នុងរដូវកាល ២០២២-២៣ អ្នកចាត់សញ្ជាតិអាល្លឺម៉ង់ បាននិយាយលោករីករាយក្នុងការឃើញក្រុមហង្សក្រហមវិលត្រលប់ ក្នុងនាមជាក្រុមដ៏ខ្លាំងបំផុតមួយឡើងវិញ។
 
«មានរឿងរ៉ាវជាច្រើនបានកើតឡើងអំឡុងពេលរដូវកាលប្រកួត ហើយនៅពេលអ្នកបានគិតនោះគឺថារដូវកាលរយៈពេលដ៏យូរជាង ៤ឆ្នាំ។ អរគុណសម្រាប់ការប្រកួត ១១លើកចុងក្រោយ ដែលបានជួយផ្តល់នៅកម្លាំងដល់ក្រុមហង្សក្រហមយ៉ាងខ្លាំងក្លា បានផ្តល់ឱ្យយើងនៅទស្សនៈមួយ និងមូលដ្ឋានសម្រាប់យើងត្រូវធ្វើនាពេលខាងមុខ។[…] យើងឆ្លងកាត់រដូវកាលដ៏អាក្រក់ តែយើងឡើងមកដល់ចំណាត់លេខ ៥ នេះគឺជាសារមួយផងដែរ។»។ នេះជាអ្វីដែលលោក Klopp បាននិយាយក្រោយចប់ការប្រកួតទល់ Southampton។
 
Liverpool ធ្លាក់ទម្រង់លេង និងតែងមានបញ្ហាក្នុងការប្រកួតដោយសារតែពីដើមរដូវកាល កីឡាករក្នុងក្រុមជួបបញ្ហារងរបួសជារឿយៗ ដែលធ្វើឱ្យរំខានដល់គុណភាពនៃការលេងរបស់ក្រុម។
 
ក្រុម Liverpool បញ្ចប់រដូវកាល ២០២២-២៣​ ក្នុងចំណាត់ថ្នាក់លេខ ៥ ដោយរកបានត្រឹមតែ ៦៧ពិន្ទុ ប៉ុណ្ណោះ ដោយឈរពីក្រោមក្រុមលេខ ៤ Newcastle United ដែលមាន ៧១ពិន្ទុ៕
 

Tag:
 Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com