ជាតិ
ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាព និងជាថ្ងៃរម្លឹកគុណដល់អ្នកពលីក្នុងបេសកកម្ម UN
29, May 2023 , 6:59 pm        
រូបភាព
កំពង់ស្ពឺ៖ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២៩ ខែឧសភា ប្រារព្ធទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាព ដែលជាការគោរពដឹងគុណដល់បុព្វបុរសជាច្រើននាក់ នៃបណ្តាប្រទេស ដែលបានពលីដើម្បីបុព្វហេតុសុខសន្តិភាពមនុស្សជាតិ។ កម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាព នៅខេត្តកំពង់ស្ពឺ។

 
កងកម្លាំងពីបណ្តាអង្គភាពជាច្រើន រួមទាំងសាច់ញាតិរបស់កងកម្លាំងដែលបានពលី បានជួបជុំគ្នានៅចំកណ្តាល នៃសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺ  ដើម្បីត្រៀមខ្លួនគោរពវិញ្ញាក្ខន្ធដល់កងកម្លាំងរក្សាសន្តិភាព អមដោយក្រុមត្រែមួយក្រុមយ៉ាងធំ។ 
 
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងការពារជាតិ

សំឡេងនៃក្រុមត្រែបានបន្លឺឡើង កម្រងផ្កានៃបណ្តាប្រទេស ដែលបានបរិច្ចាគកងកម្លាំង ក៏ត្រូវបានដង្ហែទៅម្តងមួយៗ ដោយមានអង្គទូត ដើរពីក្រោយយ៉ាងស្មិងស្មាធិ៍។ តំណាងឱ្យកម្ពុជា  សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងការពារជាតិ ជាក្បួនដំបូងគេ ដោយបន្ទាប់មក គឺអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន១៥ ជាបន្តបន្ទាប់។ 
 
ឆ្នាំ២០២៣នេះ គឺជាលើកទី៧៥ នៃទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ  ២៩ ឧសភា ដើម្បីរម្លឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព។ ថ្ងៃនេះផងដែរ ក៏ជាឱកាសក្នុងការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាព នៅតាមប្រទេសមានសង្គ្រាម ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ននេះ ។
 
សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមការងារ ក្នុងក្បួនដង្កែកម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាព 

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍អំពីការពលីរបស់កងកម្លាំងដូច្នេះថា «បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាពហើយ យើងក៏បានបរិច្ចាគកងកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមការសំណូមពររបស់អង្គការសហប្រជាជាតិ។ ច្បាស់ណាស់ថា កន្លែងមួយចំនួននៅមានហានិភ័យខ្ពស់ណាស់ ដូច្នេះហើយទើបជៀសមិនផុតពីការពលី។ ទោះជាយ៉ាងណាក៏ដោយ យើងចាត់ទុកថា ការពលីដោយមោទនភាពនេះ បានបំពេញដែលយើងស្រលាញ់បំផុត និងត្រូវការបំផុត គឺ សុខសន្តិភាពមនុស្សជាតិ ហើយនឹងបន្តបំពេញប្តូរផ្តាច់បំផុត»។ 
 
បើតាមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក Joseph Scheuer ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រUN។ ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ដោយមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១១នាក់ផងដែរ។
 
លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី  អនុប្រធានទី១​ គណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ ដែលអង្គការសហប្រជាជាតិ បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថាUNTAC។ UNTAC បានរួមចំណែកស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជា ពីសង្គ្រាម និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។ 
 
គួរបញ្ជាក់ថា អំឡុង ឆ្នាំ១៩៩២ និងឆ្នាំ១៩៩៣ មានកងកម្លាំងUNTAC ១៥០០០នាក់ កម្លាំងនគរបាលស៊ីវិល៣០០០នាក់ បុគ្គលិកស៊ីវិល៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា។ ក្នុងប្រតិបត្តិការនេះ កងកម្លាំង UNTAC ចំនួន៨២នាក់ មកប្រទេសចំនួន២៧ប្រទេស បានពលីជីវិតលើទឹកដីកម្ពុជា។ 
 
ដោយឡែក រយៈពេល១៧ឆ្នាំនេះ កម្ពុជា បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ចំនួនជាង៩០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស។ ឆ្នាំ២០២៣នេះ កម្ពុជា មានកម្លាំងមួកខៀវ ៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕
 
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី  អនុប្រធានទី១ គណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព 


ការដង្ហែកម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធ របស់អង្គការសហប្រជាជាតិ
 

ការដង្ហែកម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធ របស់អង្គការសហប្រជាជាតិ
 


Tag:
 សន្តិភាព
  អង្គការសហប្រជាជាតិ
  កម្ពុជា
  ពលី
© រក្សាសិទ្ធិដោយ thmeythmey.com