ជាតិ
Nicc បានរកឃើញអ្នកជាប់ជ័យលាភីផ្នែកបច្ចេកវិទ្យាចំនួន ៨ក្រុម នៅវគ្គទី៣
29, May 2023 , 7:59 pm        
រូបភាព
ក្រុមStartup ចំនួន ៨ ដែលទទួលបានជ័យលាភី។ រូបភាព៖ Nicc
ក្រុមStartup ចំនួន ៨ ដែលទទួលបានជ័យលាភី។ រូបភាព៖ Nicc
ដោយ:
មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (Nicc) បានរកឃើញក្រុម Startupផ្នែកឌីធីថលចំនួន ៨ក្រុម ក្នុងចំណោមក្រុម៣៧ ដែលបានចូលរួមប្រគួតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា នៅលើកទី៣។ ក្រុមទាំង៨ ដែលបានជាប់ Nicc នឹងបណ្ដុះបណ្ដាលបន្ថែម និងណែនាំឱ្យអថិជនស្គាស់ពីសមត្ថភាពរបស់ពួកគេ ។



លោក ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានលើកឡើថា ក្រុម Startupផ្នែកឌីជីថល ទាំង៨នេះ ទទួលបានប្រាក់ឧបត្ថម្ភពី KOICA ចំនួន១ម៉ឺនដុល្លារអាម៉េរិក ដើម្បីយកទៅអនុវត្តន៍លើគម្រោង ដែលពួកគេបានធ្វើបទបង្ហាញផ្នែកបច្ចេកវិទ្យា។
  

លោក ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា។ រូបភាព៖ Nicc
 
ចំពោះវិញ្ញាសាដែលបានដាក់ក្នុងការប្រកួត គឺក្រុម Sartupទាំងនោះ ត្រូវផ្ដល់ដំណោះស្រាយមួយ ក្នុងទម្រង់ជាបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម ដូចជាផ្នែកកសិកម្ម សុខភាព ទេសចរណ៍ ការទំនាក់ទំនង និងបម្រើលើវិស័យផ្សេងៗទៀតដែលទាក់ទងផ្នែកឌីជីថល។ នេះបើតាមលោក សុវីឡា ។
 
បើតាមលោក សុវីឡា អ្នកចូលប្រកួតនៅលើកទី៣នេះ សុទ្ធតែមានកម្រិតសមត្ថភាពខ្លាំង ជាងការប្រកួតលើកមុន។ ពួកគេម្នាក់ៗ សុទ្ធតែមានគំនិតខាងអាជីវកម្ម ដែលប្រើប្រាស់ឌីជីថល ដើម្បីបង្កើតនៅសេវាកម្ម និងផលិតផលរបស់ពួកគេ។
 
លោក សុវីឡា បានបញ្ជាក់ថា ៖«ខ្ញុំជ្រើសរើស ក្រុមSartup នេះគឺយកគាត់មកបណ្ដុះនៅគំនិតអាជីវកម្មដល់ពួកគាត់ និងធ្វើឱ្យគំនិតអាជីវកម្មរបស់ពួកគាត់ដំណើរការ ហើយអាចចរាចរណ៍នៅលើទីផ្សារ។ ខ្ញុំគិតថា ធុរៈកិច្ចថ្មី ជាកន្លែងមួយសម្រាប់ឱ្យពួកគាត់អាចចាប់ផ្ដើមធ្វើការ វឹកហាត់ក្នុងការបង្កើតអាជីវកម្ម ជួយបណ្ដុះគំនិតអាជីវកម្មឱ្យពួកគាត់ និងជួយបង្កើតការងារនៅកម្ពុជា»។ 
 
លោក ស្រ៊ុន សុវីឡា បានវាយតម្លៃលើការជ្រើសរើសក្រុម Startup គឺផ្ដល់ពិន្ទុឱ្យក្រុមនីមួយៗ មានភាពយុត្តិធម៍ ព្រោះមានគណៈកម្មការ អ្នកជំនាញ និងក្រុមហ៊ុនដែលមានបទពិសោធន៍ជាអ្នកវាយតម្លៃ ថាតើមានទីផ្សារធំកម្រិតណា ? ហើយអ្វីដែលទីផ្សារមិនទាន់មាន តាមរយៈការធ្វើបទបង្ហាញរបស់ពួកគេ តាមរយៈបច្ចេកវិទ្យាទាំងនោះ។
 
ការបង្កើតអាជីវកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ។ លោក សុវីឡា លើកឡើងបែបនេះ ហើយបានបន្តថា ៖«នៅថ្ងៃអនាគត (ពលរដ្ឋ) មិនអាចរស់នៅដោយខ្វះប្រព័ន្ធឌីជីថលបាននោះទេ»។
 
សូមជម្រាបថា រហូតមកដល់ពេលនេះ Nicc បានជ្រើសរើសក្រុម Startup ដែលមានសមត្ថភាពផ្នែកឌីជីថលចំនួន ១៩ក្រុមហើយ ដោយលើកទី១ ជ្រើសរើសបាន ៤ក្រុម, លើកទី២ បាន ៧ក្រុម និងលើកទី៣ ជ្រើសរើសបាន ៨ក្រុម៕
 
 

Tag:
 ផ្នែកបច្ចេកវិទ្យា
  Startup
© រក្សាសិទ្ធិដោយ thmeythmey.com