អន្តរជាតិ
តបនឹងជំហររបស់ជប៉ុន កូរ៉េខាងជើងក៏បើកចំហសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ដែរ
29, May 2023 , 8:29 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Pak Sang-gil ចេញមកបញ្ជាក់នៅថ្ងៃទី២៩ ខែឧសភាថា ប្រទេសរបស់លោក បើកចំហសម្រាប់ជំនួបកម្រិតខ្ពស់ជាមួយជប៉ុន តែជប៉ុនត្រូវផ្លាស់ប្ដូរជំហរលើបញ្ហាចាស់សិន។

 
ក្នុងសេចក្ដីថ្លែងការណ៍ចេញដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោក Pak Sang-gil និយាយថា មិនមានហេតុផលណាមួយដែលកូរ៉េខាងជើង និងជប៉ុនមិនអាចជួបគ្នានោះឡើយ។ ប៉ុន្តែលោក Pak ក៏បញ្ជាក់ដែរថា ទីក្រុងតូក្យូមិនត្រូវជំពាក់វាក់វិននឹងរឿងចាស់ ហើយព្យាយាមរកផ្លូវដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យប្រសើរវិញ។
 
ការប្រកាសរបស់អ្នកការទូតកូរ៉េខាងជើង ជាការឆ្លើយតបនឹងការអធិប្បាយរបស់នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ដែលចង់មានជំនួបកម្រិតខ្ពស់ជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនពីសំណាក់កូរ៉េខាងជើងអំឡុងឆ្នាំ១៩៧០ និង១៩៨០។
 
ប៉ុន្តែអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង អះអាងថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់អស់ហើយ។ ឯរឿងជំនួបវិញ លោក Pak បង្ហាញការងឿងឆ្ងល់ថា លោក គីស៊ីដា ចង់បានជំនួបកំពូលដោយគ្មានលក្ខខណ្ឌ ប៉ុន្តែមិនដឹងថា មេដឹកនាំជប៉ុនចង់បានអ្វីពីជំនួបនោះឡើយ។ លោកប្រាប់ទីក្រុងតូក្យូឱ្យបង្ហាញឆន្ទៈដើម្បីដោះស្រាយតាមសកម្មភាពជាក់ស្ដែងជាជាងបានត្រឹមតែសម្ដី។
 
ជាមួយនឹងរបាយការណ៍របស់ KCNA លោក គីស៊ីដា ក៏នៅតែបង្ហាញជំហរមិនប្រែប្រួលដដែលដើម្បីដោះស្រាយបញ្ហាចាប់ពង្រត់នេះ។ លោកនិយាយថា​ លោកមានតាំងចិត្តដើម្បីបញ្ចប់វិបត្តិយូរអង្វែងមួយនេះដោយផ្ទាល់ ក៏ដូចជាជំរុញឱ្យមានដំណើរការទៅមុខដែរ៕
 
 

Tag:
 ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com