កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជាទូតសុច្ឆន្ទៈក្រុមហ៊ុនមួយ តែកីឡាការិនី ស្រួង ភាវី មិនយកប្រាក់សម្រាប់ខ្លួនឯង ហើយបង្វិលចូលសប្បុរសធម៌
30, May 2023 , 10:41 am        
រូបភាព
កីឡាការិនី ស្រួង ភាវី នាពេល​ចុះបំពេញការងារសប្បុរសធម៌មួយ។ រូបថត ហ្វេសប៊ុក Sroung Pheavy
កីឡាការិនី ស្រួង ភាវី នាពេល​ចុះបំពេញការងារសប្បុរសធម៌មួយ។ រូបថត ហ្វេសប៊ុក Sroung Pheavy
ដោយ: រួបរួម
កីឡាការិនីប៊ីយ៉ាលំដាប់ពិភពលោក ស្រួង ភាវី ដែលទើបឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅទឹកដីកំណើតខ្លួន បានធ្វើរឿងដ៏ល្អមួយបន្ថែមទៀត។ តាមរយៈហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី៣០ ខែឧសភា កីឡាការិនីដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េខាងត្បូងរូបនេះ បានអះអាងពីការចុះហត្ថលេខាជាមួយក្រុមហ៊ុនអាកាសចរណ៍មួយក្នុងនាមជាទូតសុច្ឆន្ទៈ ប៉ុន្តែមិនយកកម្រៃសម្រាប់ខ្លួនឯងឡើយ ដោយបង្វិលចំណូលទាំងនោះទៅជាកិច្ចការសប្បុរសធម៌វិញ។

 
 «ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ»។ នេះជាការអះអាងរបស់កីឡាការិនី ស្រួង ភាវី។
 
កីឡាការិនីដែលមានបេះដូងសប្បុរសធម៌រូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុនយល់ព្រមដោយរីករាយចំពោះការស្នើលក្ខខណ្ឌរបស់ខ្លួន។ គាត់បានលើកឡើងថា៖ «ខ្ញុំមានខ្លួនតែមួយ រាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទើបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»។
 
 
កាលពីអំឡុងនៃការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម កីឡាការិនី ស្រួង ភាវី ក៏បានប្រកាសដោយបើកចំហរផងដែរលើការសម្រេចយករាល់ថវិកាដែលឈ្នះពីការប្រកួតដាក់ក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។
 
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កីឡាការិនីរូបនេះ បានឈ្នះមេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុប៣បាំង និងបានមេដាយសំរឹទ្ធលើវិញ្ញាសាការ៉ុម១បាំង។ ភ្លាមៗ ក្រោយឈ្នះមេដាយមាស កីឡាការិនី ស្រួង ភាវី បានបញ្ជាក់ថា គ្មានអ្វីដែលរីករាយជាងនាំជ័យជម្នះជូនជាតិរបស់ខ្លួននោះឡើយ ដែលមានតម្លៃមហិមាជាងជ័យជម្នះដែលទទួលបាននៅកូរ៉េ និងពានរង្វាន់លំដាប់ពិភពលោកទៅទៀត។
 
កីឡាករិនី ស្រួង ភាវី បានបន្ថែមថា៖ «តាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត។ ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ដើម្បីកម្ពុជា»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com