ជាតិ
រដូវវស្សាឆ្នាំនេះ នឹងមានទឹកទាបជាងឆ្នាំមុន
30, May 2023 , 11:41 am        
រូបភាព
ដោយ:
រដូវវស្សាឆ្នាំនេះ នឹងមានទឹកទាបជាងឆ្នាំមុន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។



ក្រសួងធនធានទឹក និងឧតុនិយម បាន​ព្យាករក​ម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ឃើញថា នៅ​ឆ្នាំនេះ ទឹកជំនន់​ទន្លេមេគង្គ​​មាន​លក្ខណៈ​តូច​ ​ហើយ​នៅ​ស្ថានីយ​ជលសាស្ត្រ​បាសាក់​-​ចតុ​មុខ ​អាច​នឹង​មាន​ក​ម្ពស់​ទឹកត្រឹម ​៨​,​៣​៥​ម៉ែត្រ​ ទាបជាង​ឆ្នាំ​កន្លងទៅ ​ដែលមាន​ក​ម្ពស់​ទឹកជំនន់​ ៩​,​៦​៥​ម៉ែត្រ​។​
  

រូបភាពតំណាង យកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
 
ក្រសួងធនធានទឹក បានបន្ថែមថា ស្ថានភាពទឹក​ទន្លេមេគង្គដើមឆ្នាំ២០២៣នេះ នៅ​ផ្នែក​ខាង​លើ​ខេត្ត​កំពង់ចាម​ ទឹកមាន​ក​ម្រិ​ត​ក​ម្ពស់​ខ្ពស់​ជាង​មធ្យម។ ​ចំណែក​នៅ​ទន្លេមេគង្គ​ផ្នែក​ខាង​ក្រោម​ ទឹកមាន​ក​ម្រិ​ត​ក​ម្ពស់​ប្រហាក់​ប្រហែល​នឹង​មធ្យម​​។​ ​រីឯ​នៅ​ទន្លេ​បាសាក់ ​និង​បឹង​ទន្លេសាប​ ទឹកមាន​ក​ម្រិ​ត​ក​ម្ពស់​ទាប​ជាង​មធ្យម​​។
 
បើតាមក្រសួងធនធានទឹក ​កម្រិតទឹកទាបនេះ ដោយសារស្ថានភាព​អាកាសធាតុ​ក្នុង​តំបន់ ​កំពុង​ទទួល​ឥទ្ធិពល​ពី​បាតុភូត​អែ​ល​នី​ណូ (​E​l​ N​in​o) ដែលធ្វើឱ្យទឹកភ្លៀង​​នៅ​អាង​ទន្លេ​មេគង្គ​ មានការថយ​ចុះ​ទាប​ជាមធ្យមជាងឆ្នាំមុន​ ដែលជា​កត្តា​នាំ​ឱ្យ​ទឹកជំនន់​ទន្លេ​មេគង្គ ​នៅ​ឆ្នាំ​នេះ ​មាន​លក្ខណៈ​តូច​។​
 
​ក្រសួងធនធានទឹក បានបញ្ជាក់ថា៖ «ការ​វិវត្ដ​យ៉ាង​រហ័ស​នៃ​បាតុភូត​អែ​ល​នី​ណូ(​E​l​ N​in​o) ​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​អាកាសធាតុ​ក្នុង​រដូវវស្សា​ឆ្នាំ​២​០​២​៣​ ​ជួបនឹង​របបទឹកភ្លៀង​ធ្លាក់​មិន​រាយ​ប៉ាយ​ល្អ ​ដែលភ្លៀង​អាច​មាន​ក​ម្រិ​ត​ពី​តិច​ទៅ​មធ្យម​ ​និង​ផ្នែក​ខ្លះ​បង្គួរ»​។
​ចាប់ពី​ខែ​មករា​ ​ដល់​ខែ​មេសា​ ​ស្ថានភាព​ភ្លៀង​នៅ​អាង​ទន្លេមេគង្គ​ ​រួម​ទាំង​កម្ពុជា​មាន​ក​ម្រិ​ត​ប្រហាក់ប្រហែល​មធ្យម​​ ​ដោយសារតែ​ឥទ្ធិពល​អែ​ល​នី​ណូ (​E​l​ Nino) ​មាន​ ៦​០​ភាគរយ​ ​និង​បាតុភូត​អែន​សូ​ (​Neutral​) ​មាន​៤​០​ភាគរយ​ ​ដែល​ជា​បាតុភូត​អន្តរកាល​ចន្លោះ​រវាង​បាតុភូត​អែ​ល​នី​ណូ (​E​l​ N​in​o) ​និង​បាតុភូត​ឡា​នី​ណា​ (​L​a​ N​in​a​)​។​ ចាប់ពី​ខែ​ឧសភា​ ​រហូតដល់​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​បាតុភូត​អែ​ល​នី​ណូ(​E​l​ N​in​o) ​មាន​ ៨​០​ភាគរយ​ ​និង​បាតុភូត​អែន​សូ​ (​Neutral​) ​មាន ​២​០​ភាគរយ​។​ នេះបើតាមក្រសួងធនធានទឹក។
 
ជាមួយគ្នានេះលោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុន្នី ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម នៅថ្ងៃទី២៩ ខែឧសភានេះថា ស្ថាប័នលោក និងក្រសួងធនធានទឹក បានតាមដាន និងពិនិត្យស្ថានភាពទឹកជាប្រចាំ ហើយបានស្វែងរកវិធានការដើម្បីត្រៀមឆ្លើយតបជាមួយស្ថានភាពទឹក នៅពេលខាងមុខ។
 
លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុន្នី បានបញ្ជាក់ថា៖«ដើម្បីឆ្លើយតបស្ថានភាពទឹកនេះ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានធ្វើការយ៉ាងយកចិត្តទុកដាក់ រៀបចំដាក់ចេញវិធានការ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពទឹក ព្រមទាំងបានណែនាំពលរដ្ឋឱ្យយកចិត្តដាក់ និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ចៀសវាសការខ្វះខាតទឹក»៕
 

Tag:
 កម្ពស់ទឹកទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com