កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ៖ Maguire មានសិទ្ធិសម្រេចនៅ ឬចេញពី ​Man Utd
30, May 2023 , 3:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United រីករាយដែលមានកូនក្រុមដូច Harry Maguire ប៉ុន្តែយ៉ាងណាខ្សែការពារ និងជាប្រធានក្រុមរូបនេះនឹងត្រូវសម្រេចចិត្តអំពីអនាគតរបស់ខ្លួនថានៅ ឬក៏ទៅ បន្ទាប់ពីបាត់បង់តំណែងជម្រើស១១នាក់ដំបូង។



Maguire បានធ្លាក់ចំណាប់អារម្មណ៍ និងបានបាត់តំណែងរបស់ខ្លួននៅក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ក្រុម Man Utd ចាប់តាំងពីខ្សែការពារសញ្ជាតិអាហ្សង់ទីន Lisandro Martinez មកចូលរួមក្រុម និងទទួលបានការពេញចិត្តពីសំណាក់លោក Ten Hag និងអ្នកគាំទ្រ។ 
 
ទោះបីក្នុងនាមជាប្រធានក្រុមតែ Maguire ក៏ពិបាកក្នុងការប្រជែងតំណែងពីកីឡាករ Raphael Varane, Victor Lindelof និងមិនតែប៉ុណ្ណោះខ្សែការពារស្លាបឆ្វេរ Luke Shaw ដែលលេងនៅតំបន់ការពារកណ្តាល។ Maguire បង្ហាញខ្លួនឱ្យ Man United ក្នុងលីគកំពូលអង់គ្លេសបានត្រឹម ៨ប្រកួតប៉ុណ្ណោះរដូវកាលនេះ។
 
នៅពេលត្រូវបានអ្នកកាសែតសួរនាំអំពីអនាគតរបស់ខ្សែការពារសញ្ជាតិអង់គ្លេស លោក Ten Hag បាននិយាយថា លោករីករាយដែលមាន Maguire នៅជាមួយ Man United ប៉ុន្តែក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់គេផងដែរ។ នេះមានន័យថាអតីតខ្សែការពារ ​Leicester ទំនងជាត្រូវនៅ ឬចាកចេញនៅរដូវកាលក្រោយដើម្បីមានឱកាសបង្ហាញខ្លួនពេញលេញឡើងវិញ។
 
«អាចនិយាយបានថា ខ្ញុំពិតជាសប្បាយចិត្តដែលរូបគេនៅទេនេះ ហើយនៅពេលដែលអ្នកត្រូវការរូបគេ គេតែងតែធ្វើការងារបានយ៉ាងល្អ ប៉ុន្តែវាអាស្រ័យការសម្រេចចិត្តរបស់គេលើអនាគតនៅជាមួយក្លិប។»។ លោក Ten Hag ប្រាប់កាសែត Times Newspaper បែបនេះ។
 
លើសពីនេះអ្នកចាត់សញ្ជាតិហូឡង់បានអះអាងថា​ Maguire បានផ្តល់គ្រប់យ៉ាង ១០០ភាគរយអំឡុងពេលហ្វឹកហាត់ និងបានដើរតួដ៏សំខាន់ក្នុងនាមជាប្រធានក្រុម ប៉ុន្តែលោកទទួលស្គាល់ថាគ្មានកីឡាករណាម្នាក់ដែលឈានដល់កម្រិតល្អហើយ តែត្រូវស្ថិតនៅក្នុងកៅអីបម្រុងនោះទេ។
 
Maguire បានក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោក បន្ទាប់ពី Man United បានចុះកិច្ចសន្យាយករូបគេពីក្លិប ​Leicester City ក្នុងតម្លៃ ៨០លានផោន(១០០,៩៧លានដុល្លារ)។ កិច្ចសន្យារបស់ Maguire ត្រូវផុតកំណត់នៅក្នុងឆ្នាំ ២០២៥៕
 
 
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com