ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជំនួយជាង៦០ម៉ឺនដុល្លារ ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារតាមសាលារៀននៅកំពង់ចាម 
×![]()
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងប្រមាណ៦០ម៉ឺនដុល្លារ ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀននៅខេត្តកំពង់ចាម។ កញ្ចប់ជំនួយនេះ ផ្តោតសំខាន់លើការលុបបំបាត់ការដាក់ទណ្ឌកម្មលើរាងកាយ ការធ្វើបាប និងការប្រើប្រាស់ភាសារំលោភបំពានកុមារ។
មានសាលារៀនរដ្ឋចំនួន៤៣ នៅខេត្តកំពង់ចាម នឹងត្រូវបានអនុវត្តគម្រោងលុបបំបាត់អំពើហិង្សាលើកុមារ ពីអង្គការ Save the Children Japan ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងចំនួន៦៣៧,៨៣៨ដុល្លារ ដល់អង្គការ Save the Children Japan ដើម្បីអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៩ឧសភា ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចាំកម្ពុជា គម្រោងរបស់អង្គការ Save the Children Japan នឹងអនុវត្តលើសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្តាយ និងបុគ្គលិកអប់រំ រួមទាំងបង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន (SBCPM) និងការតស៊ូមតិដើម្បីកិច្ចការពារកុមារនៅតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។ ក្នុងគម្រោងនេះ គឺមានសិស្សសរុប១,២ម៉ឺននាក់ និងគ្រូបង្រៀនចំនួន៤៤០នាក់ នៃសាលារៀនគោលដៅ នឹងទទួលបានអត្ថប្រយោជន៍ពីបរិស្ថានដែលគ្មានអំពើហិង្សា។
លោក អ៊ូអិណុ អាត់ស៊ូស៊ី សង្ឃឹមថា កុមារកម្ពុជានឹងអាចទទួលបានការសិក្សាស្ថិតក្នុងបរិស្ថានមួយគ្មានអំពើហិង្សា និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។ លោកបន្តនិយាយយ៉ាងដូច្នេះ៖ « រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានា និងគាំទ្រការងាររបស់ពួកគេក្នុងការដោះស្រាយបញ្ហានានានៅកម្ពុជា»។
គួរជម្រាបថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥០លានដុល្លារអាម៉េរិក ដល់គម្រោងចំនួន១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
Tag:
អប់រំ
កំពង់ចាម
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com