អន្តរជាតិ
ចិន បាញ់យានអវកាសដឹកជនស៊ីវិលទៅទីអវកាសជាលើកដំបូង
30, May 2023 , 8:29 pm        
រូបភាព
ចិន បានបាញ់បង្ហោះយានអវកាសមួយទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួននៅថ្ងៃទី៣០ ខែឧសភា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនសមត្ថភាពនៅទីលំហ។ ជាលើកដំបូងផងនោះ ជនស៊ីវិលម្នាក់ក៏ធ្វើដំណើរទៅទីលំហដែរ។

 
រ៉ុក្កែត Long March-2F ដែលបំពាក់យាន Shenzhou-16 ត្រូវបានបង្ហោះចេញពីជើងទម្រនៅម៉ោង៩កន្លះព្រឹកនៅស្ថានីយ៍ Jiuquan កណ្ដាលវាលខ្សាច់ Gobi ក្នុងខេត្តកាន់ស៊ូ។ មនុស្ស៣នាក់ ធ្វើដំណើរតាមយាននេះដើម្បីទៅជំនួសបុគ្គលិក៣នាក់ផ្សេងទៀតដែលកំពុងបំពេញការងារនៅស្ថានីយ៍ Tiangong របស់ចិនផ្ទាល់។ នេះជាការបាញ់បង្ហោះយានដែលមានមនុស្សលើកទី៥ហើយសម្រាប់ទីក្រុងប៉េកាំងគិតតាំងពីឆ្នាំ២០២១ មក។ 
 
ម្នាក់ក្នុងចំណោមអវកាសយានិកទាំង៣ គឺលោក Gui Haichao សាស្រ្តាចារ្យសាកលវិទ្យាល័យ Beihang ។ លោក Gui ជាជនស៊ីវិលទីមួយធ្វើដំណើរទៅទីអវកាស។
 
ចិន បានបង្កើនឥទ្ធិពលផ្នែកអវកាសរបស់ខ្លួនក្រោមក្ដីសុបិនអវកាសដែលដាក់ចេញដោយប្រធានាធិបតី ស៊ី ជិនភីង ។ ជាមួយនឹងការជះលុយរាប់ពាន់លានដុល្លារ ចិនក៏អាចកសាងស្ថានីយ៍អវកាសផ្ទាល់ខ្លួនថែមទៀត ដែលរឿងនេះមានតែអាម៉េរិក និងរុស្ស៊ីប៉ុណ្ណោះអាចធ្វើបានជាមួយនឹងស្ថានីយ៍អវកាសអន្តរជាតិ។ 
 
តាមគម្រោង ចិនចង់បញ្ជូនយានផ្ទុកមនុស្សទៅឋានព្រះច័ន្ទនៅត្រឹមឆ្នាំ២០៣០។ អ្នកនាំពាក្យទីភ្នាក់ងារអវកាសចិន (CMSA) Lin Xiqiang ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែឧសភា ថា គោលដៅរបស់ចិន គឺការរុករកផ្នែកវិទ្យាសាស្រ្ត និងការធ្វើពិសោធនៅឋានព្រះច័ន្ទ។
 
ជាមួយនឹងស្ថានីយ៍អវកាសផ្ទាល់ខ្លួន ចិនក៏ស្វាគមន៍អវកាសយានិកអន្តរជាតិដែលចង់ធ្វើដំណើរតាមយានអវកាសរបស់ខ្លួនផងដែរ។ បើតាម CMSA ចិនចង់បញ្ជូនយានអវកាសមានមនុស្សទៅទីអវកាស២ដងក្នុងមួយឆ្នាំ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com