អន្តរជាតិ
កូនប្រុសនាយករដ្ឋមន្រ្តីជប៉ុន នឹងលាលែងពីតំណែងជាលេខាឪពុកខ្លួន ក្រោយបែកធ្លាយរូបថតមិន​សមរម្យ
30, May 2023 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងកូនប្រុស Shotaro Kishida ។ រូបថត Kyodo
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងកូនប្រុស Shotaro Kishida ។ រូបថត Kyodo
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា​ ហ្វូមីអូ អះអាងថា កូនប្រុសរបស់លោក​នឹង​លាលែង​ពី​តំណែង​ជា​ជំនួយការនាយករដ្ឋមន្រ្តី បន្ទាប់ពីការចេញផ្សាយរូបថតកូនប្រុសរបស់លោក និងសាច់ញាតិផ្សេងទៀត​នៅឯវេទិកាធ្វើសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីដែលបានធ្វើឱ្យមានការមិនពេញចិត្តជាខ្លាំង។

 
ទស្សនាវដ្ដីប្រចាំសប្តាហ៍មួយរបស់ជប៉ុន កាលពីសប្តាហ៍មុន បានចុះផ្សាយរូបថតរបស់លោក Shotaro Kishida កូនប្រុសលោក គីស៊ីដា ហ្វូមីអូ និង​សាច់ញាតិ​ដែលមើល​ទៅហាក់​ដូចជា​សម្ដែង​ធ្វើ​សន្និសីទ​សារព័ត៌មាននៅឯវេទិកាដែលនាយករដ្ឋមន្ត្រីឈរថ្លែងសារនៅនិវេសនដ្ឋានផ្លូវការ។ ការ​មិន​ពេញចិត្ត ជា​ពិសេសពីបក្សប្រឆាំង ក៏បានផ្ទុះឡើង។
 
ដើម្បីរម្ងាប់ការមិនសប្បាយចិត្ត លោក គីស៊ីដា សម្រេចឱ្យកូនប្រុសលាលែងពីតំណែងលេខានាយករដ្ឋមន្រ្តី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក គីស៊ីដា បញ្ជាក់ថា កូនប្រុសរបស់នឹង​ចុះចេញ​ពី​តំណែង​ជា​លេខារបស់លោកចាប់ពីថ្ងៃទី២ ខែមិថុនា។ ការផ្លាស់ប្តូរនេះ គឺ​ដោយសារ​តែ​អាកប្បកិរិយា​មិន​សមរម្យ​នៅឯនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី។
 
«អាកប្បកិរិយានៅកន្លែងសាធារណៈគឺមិនសមរម្យក្នុងនាមជាអ្នកដែលមានតួនាទីផ្លូវការជាជំនួយការនាយករដ្ឋមន្រ្តីឡើយ»។ លោក គីស៊ីដា សង្កត់ធ្ងន់បែបនេះរួចបន្តថា លោកបានសម្រេចចិត្ត​ជំនួស​កូន​ប្រុសរបស់លោកដើម្បីបង្ហាញពីការទទួលខុសត្រូវ។
 
រឿងនេះកើតឡើងនៅពេលវេលាមិនសក្តិសមមួយសម្រាប់លោក គីស៊ីដា ដែលនាពេលថ្មីៗនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង។​ បើយោងតាមទីភ្នាក់ងារព័ត៌មាន Kyodo សមាជិកសភាជាន់ខ្ពស់ និងជាសមាជិកគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុនដែលជាគណបក្សប្រឆាំងដ៏ធំបំផុត លោក Seiji Osaka បាននិយាយថា ការបណ្តេញចេញគួរតែកើតឡើងមុននេះ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com