ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន ច្រានចោលការចោទថា ប្រើល្បិចធ្វើជាបាត់ឯកសារ
30, May 2023 , 5:59 pm        
រូបភាព
គណបក្សភ្លើងទៀន បើកកិច្ចប្រជុំគណៈកម្មាធិការនាយក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
គណបក្សភ្លើងទៀន បើកកិច្ចប្រជុំគណៈកម្មាធិការនាយក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
ដោយ៖ ទេពញាណ

គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់លេចធ្លោរជាងគេ បដិសេធការចោទប្រកាន់ថា ខ្លួន លាក់ទុក «ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ» ដោយពុំបានបាត់ទៅណានោះទេ។ ក្នុងការបដិសេធនេះ គណបក្សភ្លើងទៀន ចង់បញ្ជាក់ថា ខ្លួន ពិតជាបានបាត់ប្រកាសដើមមែន។
 
តាមរយៈសេចក្តីថ្លែងការណ៍៥ទំព័រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានសរសេរយ៉ាងលម្អិតពីកិច្ចប្រឹងប្រែងរបស់ខ្លួន ដូចជា ការពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការជួបតំណាងក្រសួងមហាផ្ទៃ និងការបន្តប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ជាដើម ដើម្បីបង្ហាញថា ខ្លួន ពិតជាមានបំណងចង់ចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ ហើយពុំបានប្រើល្បិចកលធ្វើជាបាត់ឯកសារអ្វីនោះទេ។ 
 
គណបក្សជំទាស់មួយមួយ អះអាងដូច្នេះថា៖«សកម្មភាពការងារដែលបានរៀបរាប់ទាំងប៉ុន្មានខាងលើ សបញ្ជាក់ឲ្យឃើញថា គណបក្សភ្លើងទៀន បានខិតខំប្រឹងប្រែងតាមគ្រប់មធ្យោបាយ និងអស់លទ្ធភាព ដើម្បីបានចូលរួមការបោះឆ្នោត […]»។ 
 
ក្នុងពិធីមួយនាពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញការមិនជំនឿថា គណបក្សភ្លើងទៀន បាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនោះទេ។ ផ្ទុយមកវិញ សម្តេច បែរជាដាក់ការសង្ស័យថា ប្រកាសដើមនោះ ត្រូវគេលាក់ទុក ដើម្បីមិនអាចឲ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតបាន ព្រោះដឹងថា បើទោះជាចូលរួមប្រកួត ក៏គណបក្សនេះ មិនអាចឈ្នះដែរ។
 
សម្តេចប្រមុខគណបក្សកាន់អំណាច បន្តថា ការប្រើឧបាយកលធ្វើជាបាត់ប្រកាសដើមបែបនេះ គឺគេមានបំណងចង់ឲ្យបរទេស គាបសង្កត់កម្ពុជា ដោយសារគណបក្សភ្លើងទៀន មិនបានចូលរួមប្រកួត។ សម្តេច ថ្លែងដូច្នេះថា៖«បើអ្នកទាំងហ្នឹងនៅក្នុងស្រុក ខ្ញុំថា ដាក់ប៉ូលិសឆែក គឺរកឃើញ [ប្រកាសដើមហ្នឹង] ឥឡូវ។ វាគ្មានបាត់ទៅណាទេ តែគេលាក់ គេមានគោលដៅនយោបាយជាក់លាក់»។  
 
ដោយសារគ្មានប្រកាសដើមស្តីពីការចុះបញ្ជីគណបក្ស ទើបគណបក្សភ្លើងទៀន មិនអាចទៅសុំបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធរដែន ហើយដោយសារគ្មានការបញ្ជាក់នីត្យានុកូលកម្មនេះ ទើបគ.ជ.ប មិនអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត។ ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ត្រូវក្រុមប្រឹក្សាធម្មនុញ្ញបដិសេធទៀត ដែលធ្វើឲ្យគណបក្សភ្លើងទៀន អស់ផ្លូវតវ៉ា។  
 
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រកាសថា ប្រកាសដើមរបស់ខ្លួន បានបាត់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ថ្នាក់ដឹកនាំគណបក្សនេះ ធ្លាប់ទៅជួបតំណាងក្រសួងមហាផ្ទៃម្តងជាពីរដងរួចមកហើយ ដើម្បីសុំឲ្យចេញប្រកាសដើម តែក្រសួងមហាផ្ទៃ ពុំបានចេញឲ្យ។ ក្រសួងមហាផ្ទៃ បានត្រឹមចេញលិខិតបញ្ជាក់ប៉ុណ្ណោះ ដែលបញ្ជាក់ថា គណបក្សភ្លើងទៀន បានចុះបញ្ជីគណបក្សស្របតាមច្បាប់ហើយ។ តែលិខិតបញ្ជាក់នេះ គ.ជ.ប មិនទទួលឡើយ ដោយនៅតែទាមទាររកប្រកាសដើម ដែលមានបញ្ជាក់នីត្យានុកូលកម្ម៕ 
 

Tag:
 ភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com