ជាតិ
សហគមន៍ខ្នងផ្សា សង្ឃឹមភ្ញៀវឈប់ជិះម៉ូតូ ឡានផ្ទាល់ខ្លួនឡើងភ្នំ
31, May 2023 , 8:59 am        
រូបភាព
រូបភាពពី៖លោក នំ រ៉ាគីន អ្នកនាំផ្លូវភ្ញៀវឡើងភ្នំខ្នងផ្សា។
រូបភាពពី៖លោក នំ រ៉ាគីន អ្នកនាំផ្លូវភ្ញៀវឡើងភ្នំខ្នងផ្សា។
ភ្នំពេញ៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង-ខ្នងផ្សា បានផ្សព្វផ្សាយសារជាថ្មី លើករណីភ្ញៀវជិះម៉ូតូ ឡានផ្ទាល់ខ្លួនឡើងភ្នំខ្នងផ្សា  ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ពីការដ្ឋានសាងសង់បង្គោលភ្លើង ដែលធ្វើឱ្យផ្លូវរអិលពេលភ្លៀងធ្លាក់។

 
ផ្លូវឡើងទៅកំពូលភ្នំខ្នងផ្សា ត្រូវបានបិទដើម្បីសាងសង់បង្គើលភ្លើង ព្រោះអាចបង្កគ្រោះថ្នាក់។ យ៉ាងណាមិញ សហគមន៍ ក៏បានឈូសឆាយផ្លូវថ្មីមួយទៀតសម្រាប់ឱ្យភ្ញៀវ ឡើងទៅកំពូលភ្នំខ្នងផ្សាផងដែរ។ បើទោះផ្លូវចាស់ត្រូវបិទ តែទេសចរនៅតែសម្រុកឡើងភ្នំដូចធម្មតា ដោយក៏មានទេសចរមួយចំនួន បានយកម៉ូតូ ឡានផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរឡើងភ្នំ។
 
លោក ហ៊ុន សៅ ប្រធានសហគមន៍រលាក់កងជើង-ខ្នងផ្សា បានលើកឡើងថា សហគមន៍ខ្នងផ្សាធ្លាប់ផ្សព្វផ្សាយពីការហាមជិះម៉ូតូខ្លួនឯងឡើងភ្នំម្តងរួចមកហើយ ប៉ុន្តែថ្មីៗគេឃើញមានទេសចរមួយចំនួន បានលើកឡើងពីការជិះម៉ូតូឡើងទៅកំពូលភ្នំ។ សហគមន៍ មិនឱ្យភ្ញៀវជិះម៉ូតូខ្លួនឯងព្រោះខ្លាចមានគ្រោះណាមួយ នៅតាមបណ្តោយផ្លូវ ដែលកំពុងសាងសង់បង្គោលភ្លើង។
 
«ភ្ញៀវមួយចំនួនពួកគាត់យកម៉ូតូផ្ទាល់ខ្លួនឡើងភ្នំដោយខ្លួនឯង ករណីនេះ យើងក៏ធ្លាប់ហាមប្រាម និងណែនាំរួចមកហើយ ប៉ុន្តែទង្វើនេះនៅតែមាន។ ចំពោះគោយន្តរបស់ប្រជាសហគមន៍ ដែលធ្លាប់តែដឹកនាំភ្ញៀវឡើងភ្នំ ក៏ហាក់អន់ថយពីការជួលសេវាកម្មដូចគ្នា។ កត្តានេះ ធ្វើឱ្យខ្ញុំបារម្ភពីការបាត់បង់ចំណូលរបស់ប្រជាសហគមន៍ និងខ្លាចគាត់វិលទៅកាប់ឈើក្នុងព្រៃវិញ។» លោក ហ៊ុន សៅ ប្រធានសហគមន៍ បានបញ្ជាក់ដូច្នេះ។
 
ជាទូទៅ ប្រជាសហគមន៍នៅតំបន់នេះ គឺមានសេវាកម្មជួលគោយន្ត ឬម៉ូតូ ដើម្បីដឹកភ្ញៀវ និងឥវ៉ាន់ភ្ញៀវ ជាមួយនឹងអ្នកនាំផ្លូវដ៏ជំនាញផងដែរ។ លើសពីនេះ ទេសចរក៏ជាចំណែកមួយ ដែលអាចផ្តល់ប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពប្រជាសហគមន៍ទីនោះ មួយកម្រិត។ 
 
ប្រធានសហគមន៍រលាក់កងជើង-ខ្នងផ្សារូបនេះ បន្ថែមថា បើទោះមានបញ្ហាសណ្តាប់ធ្នាប់បន្តិច តែវត្តមានទេសចរនៅតែមានច្រើន ដោយក្នុង១សប្តាហ៍មានទេសចរឡើងភ្នំប្រមាណ ៥០នាក់។ នាដើមឆ្នាំ២០២៣នេះ មានទេសចរទៅច្រើន ជាចុងឆ្នាំ២០២២ បើទោះមិនមានទិន្នន័យជាក់លាក់តែ ក្រុមការងារនៃសហគមន៍ បានកត់សម្គាល់ថាមានច្រើន។ 
 
ទេសភាពនៃភ្នំខ្នងផ្សា នៅតែស្រស់ស្អាតដូចដើម អមជាមួយស្មៅពណ៌បៃតងខ្ចី។ ដោយឡែក ចាប់ពីខែឧសភា ដល់កក្កដា ភ្ញៀវចាប់ផ្តើមមកច្រើន ប៉ុន្តែខាងសហគមន៍បារម្ភពីវត្តមានភ្ញៀវនារដូវវស្សា ព្រោះមានភ្លៀងធ្លាក់ អាចធ្វើឱ្យប្រជាសហគមន៍បាត់បង់ចំណូល៕
 

Tag:
 ThmeyThmey
  សហគមន៍ខ្នងផ្សា
  ភ្នំខ្នងផ្សា
  លោក ហ៊ុន សៅ
© រក្សាសិទ្ធិដោយ thmeythmey.com