ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ៥ មុខនេះល្អខ្លាំងដល់ខួរក្បាល និងការចងចាំ 
×![]()
ទម្លាប់នៃការញ៉ាំអាហារល្អ នឹងជួយឱ្យខួរក្បាលដំណើរការបានត្រឹមត្រូវ មិនបង្កើតឱ្យមានការឃ្លានអាហារសម្បូរខ្លាញ់ឡើយ។ អ្នកឯកទេសខាងសរសៃប្រសាទជឿជាក់ថា របបអាហារបួសប្រចាំថ្ងៃ អាចធ្វើឲ្យសកម្មភាពខួរក្បាលប្រសើរឡើង ពន្យារការចាប់ផ្តើមនៃជំងឺភ្លេចភ្លាំង ឬជំងឺផាកឃីនសុន។
ដើម្បីឲ្យខួរក្បាលមានសុខភាពល្អ យើងមិនអាចមើលរំលងការញ៉ាំអាហារល្អៗនោះទេ។ ដូច្នេះហើយ ចូរញ៉ាំអាហារទាំង៥ប្រភេទនេះ ដើម្បីជួយបង្កើនអានុភាពខួរក្បាល ក៏ដូចជាធ្វើឲ្យខួរក្បាលយើង បំពេញមុខងារកាន់តែប្រសើរជាងមុន ។
១. ស៊ុត
ជាការពិតណាស់ ស៊ុតផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដោយសារតែវាសម្បូរទៅដោយ ជាតិប្រូតេអ៊ីន។ យើងអាចចម្អិនម្ហូបអាហារ ជាមួយនឹងស៊ុតបានច្រើនយ៉ាង ហើយវាក៏មានរសជាតិឆ្ងាញ់ផងដែរ។
២. សាច់ត្រី
សាច់ត្រីមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ហើយក៏ផ្ដល់នូវអាស៊ីដខ្លាញ់អូមីហ្គា៣ ដែលជាខ្លាញ់ជំនួយដល់សុខភាព ក៏ដូចជាផ្ដល់ថាមពលដល់ខួរក្បាលបានយ៉ាងស័ក្ដិសិទ្ធផងដែរ។ ជាងនេះទៅទៀត អាស៊ីដខ្លាញ់អូមីហ្គា៣ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង ព្រមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាលទៀតផង។
៣. គ្រាប់ធញ្ញជាតិ និងសូកូឡា
គ្រាប់ធញ្ញជាតិ គឺជាប្រភពនៃវីតាមីនE ដែលប្រឆាំងនឹងអុកស៊ីតកម្ម។ តាមការសិក្សាខ្លះ វាមានប្រសិទ្ធភាពក្នុងការបង្កើនការចងចាំ នៅពេលដែលយើងមានអាយុកាន់តែច្រើន។ ចំណែកឯសូកូឡាពណ៌ខ្មៅវិញ វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏អស្ចារ្យដែរ។
៤. បន្លែបៃតង
បន្លែខៀវមានសារប្រយោជន៍យ៉ាងច្រើន ដល់រាងកាយយើង។ វាជួយធ្វើឲ្យស្បែកយើងភ្លឺថ្លា ជំនួយឆ្អឹង កាត់បន្ថយស្ត្រេស ក៏ដូចជាប្រឆាំងនឹងភាពចាស់ជាដើម។ លើសពីនេះ បន្លែខៀវក៏ជួយទ្រទ្រង់ដល់ការចងចាំ និងជាអាហារបំប៉នដល់ពេញនិយមមួយ សម្រាប់ថាមពលខួរក្បាលផងដែរ។
៥. តែបៃតង
យើងបានដឹងហើយថា តែបៃតងដើរតួនាទីដ៏សំខាន់ នៅក្នុងរបបអាហារប្រចាំថ្ងៃ។ ពិសេសសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ពិតជាមិនគួរមើលរំលងភេសជ្ជៈមួយមុខនេះឡើយ។ បន្ថែមពីនេះ តែបៃតង ក៏ជួយបង្កើនថាមពលខួរក្បាល ក៏ដូចជាពង្រឹងការចងចាំបានយ៉ាងមានប្រសិទ្ធភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com