អន្តរជាតិ
ផ្កាយរណបស៊ើបការណ៍ដំបូងរបស់កូរ៉េខាងជើង ធ្លាក់ចូលទៅសមុទ្រក្រោយបាញ់ចេញបន្តិច
31, May 2023 , 11:29 am        
រូបភាព
ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង នាថ្ងៃទី៣១ ខែឧសភា បាន​បញ្ចប់​ដោយ​បរាជ័យ បន្ទាប់ពីដំណាក់កាលទី២របស់គ្រាប់រ៉ុក្កែតដែលដឹកនាំផ្កាយរណបដំណើរ​ការខុសប្រក្រតី។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងសន្យានឹងបន្តបាញ់បង្ហោះទៀតនៅពេលឆាប់ៗ ទោះការបាញ់លើកនេះរងការថ្កោលទោសខ្លាំងក្ដី។

 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) នាថ្ងៃទី៣១ ខែឧសភា បានរាយការណ៍ពីការបាញ់ផ្កាយរណបយោធារបស់ខ្លួនដែលមិនជោគជ័យ។ រ៉ុក្កែត Chollima-1 ដែលបំពាក់ផ្កាយរណបយោធា Malligyong-1 បានបរាជ័យដោយសារតែអស្ថិរភាពនៅក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈនៅពេលចាប់ផ្ដើមដំណាក់កាលទី២។ 
 
នេះជាការប៉ុនប៉ងបាញ់លើកទីប្រាំមួយរបស់កូរ៉េខាងជើង និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។ វាក៏ជាការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់កូរ៉េខាងជើងដែរ។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់រ៉ុក្កែតចេញពី Tongchang-ri នៅឆ្នេរខាងលិចប្រទេសនេះនៅម៉ោង៦កន្លះ។ ជាមួយគ្នានេះ កូរ៉េខាងត្បូងក៏បានប្រមូលសំណល់រ៉ុក្កែតនេះដើម្បីស្រាវជ្រាវបន្ត សំដៅយល់ដឹងពីសមត្ថភាពរបស់រដ្ឋកុម្មុយនីស្តមួយនេះ។
 
នៅកូរ៉េខាងត្បូង និងជប៉ុន អាជ្ញាធរក៏បានប្រកាសអាសន្នឱ្យប្រជាជនរកកន្លែងសុវត្ថិភាព ហើយក៏លុបចោលវិញនៅពេលបន្ទាប់ ក្រោយគ្មានគ្រោះថ្នាក់ណាមួយ។
 
ភ្លាមក្រោយការបាញ់បង្ហោះនេះដែរ កូរ៉េខាងត្បូង ក៏ថ្កោលទោសភ្លាមដែរដោយចាត់ទុកជាការរំលោភ​យ៉ាងធ្ងន់ធ្ងរលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជា​ការ​បង្ក​ហេតុ​ដ៏​ធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ និងតំបន់នេះទៀតផង។
 
ស្រដៀងគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក Adam Hodge ហៅការបាញ់រ៉ុក្កែតនេះ ជាការបង្កើនភាពតានតឹង និងហានិភ័យដែលធ្វើឱ្យមានអស្ថិរភាពដល់ស្ថានភាពសន្តិសុខក្នុងតំបន់ និង​ពិភពលោក។ លោក Hodge បញ្ជាក់ថា អាម៉េរិក នឹងបន្តឈរការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និង​ជប៉ុន​ផងដែរ៕
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com