ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី ហើយសុំសម្តេច ហ៊ុន សែន ជួយឲ្យបានរួចទោសទាំងអស់
31, May 2023 , 3:28 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក អ៊ូ ចន្ទ័ឫទ្ធិ
រូបពីហ្វេសប៊ុករបស់លោក អ៊ូ ចន្ទ័ឫទ្ធិ
លោក អ៊ូ ច័ន្ទឫទ្ធិ អ្នកនយោបាយជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ និងបន្តដើរតាមលោក សម រង្ស៊ី រហូតដល់ក្រៅបរទេសដល់បច្ចុប្បន្ន បានផ្តាស់ប្តូរជំហរ ដោយសម្រេចផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។ លោក បានសរសេរលិខិតជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជម្រាបពីការផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។



តាមរយៈលិខិត ដែលសរសេរចេញពីសហរដ្ឋអាម៉េរិក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ូ ច័ន្ទឫទ្ធិ ជម្រាបសម្តេច ហ៊ុន សែន ថាការដែលលោកសម្រេចផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារលោកអស់នឿលើនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការផ្សះផ្សារជាតិបាន។​​ ជាមួយគ្នានេះ លោក បានសុំឲ្យសម្តេច ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ ដើម្បីមានការលើកលែងទោស និងការចោទប្រកាន់ទាំងអស់ឲ្យលោក។
 
គេ មិនទាន់ឃើញសម្តេច ហ៊ុន សែន ឆ្លើយតបនឹងលោក អ៊ូ ច័ន្ទឫទ្ធិ នោះទេ។ ប៉ុន្តែ ជាការកត់សម្គាល់នាពេលថ្មីៗនេះ ឲ្យតែមានអ្នកប្រឆាំង ស្នើសុំកិច្ចអន្តរាគមន៍ សុំការយោគយល់ ឬសុំចុះចូល សម្តេច ហ៊ុន សែន កម្របដិសេធណាស់។ សម្តេច ប្រកាសដដែលៗថា មានតែលោក សម រង្ស៊ី ម្នាក់ប៉ុណ្ណោះ ដែលសម្តេច មិនអាចអត់ឱនឲ្យបាន។  
 
លោក អ៊ូ ច័ន្ទឫទ្ធិ ជាអ្នកនយោបាយប្រឆាំងម្នាក់ ស្ថិតក្នុងចំណោមអ្នកនយោបាយប្រឆាំងផ្សេងទៀត ដែលត្រូវតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារលើបទល្មើសជាច្រើន និងជាប្រភេទបទល្មើសធ្ងន់ធ្ងរ ដូចជា បទរួមគំនិតក្បត់ (ជាតិ) ជាដើម។ 
 
កាលគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅធរមាន លោក ជាសមាជិកអចិន្រ្តៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណបក្ស និងជាតំណាងរាស្រ្តនៅខេត្តកណ្តាល។ លោក មានបងប្រុសម្នាក់ ជាមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិដែរ គឺលោក អ៊ូ ច័ន្ទរ័ត្ន។ លោក អ៊ូ ច័ន្ទរ័ត្ន ពុំបានរត់ទៅក្រៅប្រទេសឡើយ ដោយបន្តរស់នៅក្នុងប្រទេស។ 
 
លោក អ៊ូ ច័ន្ទរ័ត្ន មិនទាន់ដឹងច្បាស់ថា លិខិត ដែលត្រូវផ្សព្វផ្សាយ ជាលិខិតពិតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ជាប្អូន ឬយ៉ាងណានោះទេ។ ប៉ុន្តែ លោក និយាយថា លោក មានការភ្ញាក់ផ្អើល ពេលឃើញព័ត៌មានផ្សាយអំពីលិខិតនោះ។ 
 
បើជាលិខិតពិតរបស់ប្អូន លោក ច័ន្ទរ័ត្ន ចាត់ទុកថា ជាសិទ្ធិរបស់បុគ្គលក្នុងការសម្រេចចិត្ត។ លោក មានប្រសាន៍ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«គាត់ សុំកិច្ចអន្តរាគមន៍ ក៏ត្រឹមត្រូវដែរ ដើម្បីអាចវិលមកមាតុភូមិវិញ […]»។
លោក អ៊ូ ច័ន្ទរ័ត្ន និងអ្នកនយោបាយប្រឆាំងមួយចំនួនទៀត ដែលចេញពីអតីតគណបក្សសង្គ្រោះជាតិដូចគ្នា បានរួមគ្នាបង្កើតគណបក្សថ្មីមួយ គឺគណបក្សកែទម្រង់កម្ពុជា៕

អត្ថបទទាក់ទង


 

Tag:
 អ៊ូ ច័ន្ទឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com