ជាតិ
«ស៊ីនួន» ស្នាដៃរបស់អ្នកនិពន្ធបារាំង ដែលនាំឱ្យនឹកដល់កុមារភាពដ៏ស្រស់បំព្រងនៅទីជនបទ
31, May 2023 , 4:35 pm        
រូបភាព
តើអ្នកធ្លាប់ឆ្លងកាត់កុមារភាពនៅស្រុកស្រែចម្ការ ឬស្រុកទន្លេដែរឬទេ? ស្នាដៃនិពន្ធ និងរូបថតរបស់អ្នកនិពន្ធបារាំង អូឌីល វ៉េតេម៉េ (Odile Wertheimer) ពិតជាអាចទាញអ្នកឱ្យវិលទៅរកអតីតកាលដ៏ស្រស់បំព្រង។ ជាអតីតកាលដែលគ្មានស្មាតហ្វូន គ្មានរបស់របរទំនើបប្រើប្រាស់ ប៉ុន្តែតួអង្គកុមារីស៊ីនួន និងកុមារាវ៉ាន់ឌី រស់នៅយ៉ាងសប្បាយរីករាយជាមួយវប្បធម៌ប្រពៃណី និងទេសភាពបែបធម្មជាតិ។

 
«ស៊ីនួន» ត្រូវបានបកប្រែពីចំណងជើងភាសាបារាំង «Sinoun, la petite Cambodgienne» ដែលបោះពុម្ពផ្សាយលើកដំបូងនៅឆ្នាំ១៩៧០ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ Fernand Nathan។ ជារឿងខ្លី អមដោយរូបថតស-ខ្មៅ រឿង «ស៊ីនួន» ពិពណ៌នាអំពីទេសភាពធម្មជាតិ ជីវភាព និងវប្បធម៌ខ្មែរ រួមទាំងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកម្ពុជា។
 
 

«ស៊ីនួន» ដែលជាតួអង្គឯកក្នុងសាច់រឿង ត្រូវបានអ្នកនិពន្ធ អូឌីល វ៉េតេម៉េ ចាត់ទុកជាមិត្តជិតស្និទ្ធម្នាក់របស់ខ្លួន ព្រោះកុមារីតូចអាយុ៩ឆ្នាំនេះហើយ ដែលនាំឱ្យគាត់ស្គាល់ស្រុកខ្មែរ នាមុនឆ្នាំ១៩៧០។ ជាមួយនឹងការពិពណ៌នាប្រកបដោយភាពពីរោះរណ្តំ រូបថតពិតៗដែលផ្តិតដោយអ្នកនិពន្ធ ក៏បានទាញអារម្មណ៍អ្នកអានដែលមានអាយុស្របាលនឹងស៊ីនួន នឹងឃើញនូវអនុស្សាវីរយ៍ពីអតីតកាលរបស់ខ្លួនផងដែរ។
 
ក្នុងសាច់រឿង អ្នកនិពន្ធបារាំង អូឌីល បានលាតត្រដាងពីជីវិតដ៏រីករាយរបស់ស៊ីនួន និងវ៉ាន់ឌី ជាប្អូនប្រុស ក៏ដូចជាអ្នកភូមិដទៃទៀត ក្នុងជីវភាពជាអ្នកទន្លេ ពោរពេញទៅដោយធនធានស្រូវ និងត្រី។ បន្ថែមពីលើនេះ លោកស្រីបានបង្ហាញពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក្តីស្រឡាញ់បងស្រីចំពោះប្អូនប្រុស ការជួបជុំគ្រួសារពេលមានបុណ្យទាន ការស្តាប់ជីតានិទានរឿង ការប្រឹងប្រែងសិក្សាសូត្រ និងភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត។
 
សូមបញ្ជាក់ថា នៅឆ្នាំ១៩៧១ សៀវភៅនេះ ទទួលបានពានរង្វាន់ Prix Graphigue នៅក្រុងបូឡូញ៉ា ប្រទេសអ៊ីតាលី។ ក្រោយទទួលបានភាពល្បីល្បាញនៅបារាំង និងប្រទេសមួយចំនួន អ្នកនិពន្ធបានផ្ទេរសិទ្ធិសៀវភៅទៅឱ្យសមាគមជួយស្រ្តីខ្មែរ (AAFK/Association d’Aide aux Femmes Khmeres) ដើម្បីបោះពុម្ពចែកផ្សាយបន្ត។
 
 

៥៣ឆ្នាំក្រោយមក បន្ទាប់ពីការបោះពុម្ពលើកដំបូង សៀវភៅ «Sinoun, la petite Cambodgienne» ត្រូវបានបកប្រែជាភាសាខ្មែរ ដោយលោក ហុក សិទ្ធិ និពន្ធនាយកគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា។ «ដោយសារចង់រក្សាកេរដំណែលស្នាដៃ ក៏ដូចជាសម្រាប់កុមារ និងយុវជនខ្មែរបច្ចុប្បន្នដែលចង់ដឹងអំពីជ្រុងមួយនៃជីវភាពដ៏សាមញ្ញនៃតំបន់ខ្លះរបស់កម្ពុជានាសម័យនោះ»។ នេះបើយោងតាមសំណេរលើកំណត់អ្នកបោះពុម្ពផ្សាយ។
 
«លាហើយ ស៊ីនួន! លាហើយ វ៉ាន់ឌី! លាជារៀងរហូត !!!»។ ឃ្លាចុងក្រោយចុងក្រោយនៅលើសៀវភៅ ជាមួយនឹងរូបភាព ស៊ីនួន និងវ៉ាន់ឌី ឈរកាន់ដៃគ្នាចំពីមុខប្រាង្គប្រាសាទអង្គរវត្ត អាចឱ្យយើងយល់ពីអារម្មណ៍របស់អ្នកនិពន្ធថា គាត់ទំនងជាមិនអាចជួបមិត្តរបស់គាត់បានទៀតឡើយ ព្រោះក្រោយការចាកចេញរបស់គាត់នៅឆ្នាំ១៩៦៩ កម្ពុជាឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ ពីរដ្ឋប្រហាររបស់លន់ នល់ បន្តចូលដល់សម័យខ្មែរក្រហម។
 
អភិនីហារពិតជាកើតមានមែន! ក្រោយការបោះពុម្ពផ្សាយជាភាសាខ្មែរ ក្រុមការងារអង្គការស៊ីប៉ា បានរកឃើញតួអង្គស៊ីនួន ពិតប្រាកដ គឺអ្នកស្រី ផូ ស៊ីនួន បច្ចុប្បន្នជាម្តាយ និងជាជីដូនមួយរូបដែលឈានចូលដល់វ័យ៦៥ឆ្នាំ។
 
 
ក្នុងបទសម្ភាសជាវីដេអូជាមួយស៊ីប៉ា អ្នកស្រី ស៊ីនួន បានអះអាងថា គាត់បានចងចាំទាំងអស់នូវទិដ្ឋភាពដែលបានពិព័រណនាក្នុងសាច់រឿងចេញពីភូមិកំណើតនៅតំបន់ភ្នំបាសិត ក្នុងខេត្តកណ្តាល។ ទាក់ទងនឹងទំនាក់ទំនងជាមួយអ្នកនិពន្ធបារាំង អ្នកស្រីបានរៀបរាប់ថា ជាពេលវេលាមួយដែលមិនអាចបំភ្លេចបាន ជាពិសេសនៅឆ្នាំ១៩៦៨ ដែលគាត់បាននាំអ្នកស្រីទៅដើរលេងនៅប្រទេសបារាំង។ 

ឆ្នាំ១៩៦៩ ជាឆ្នាំចុងក្រោយដែលអ្នកទាំងពីរបានជួបមុខគ្នា ដោយសារតែអ្នកនិពន្ធបារាំង ត្រូវវិលត្រឡប់ទៅស្រុកកំណើតវិញ។ ដល់ឆ្នាំ១៩៧០ អ្នកនិពន្ធ អូឌីល បានផ្ញើសំបុត្រទៅកាន់ ស៊ីនួន ដោយសន្យាជួយទំនុកបម្រុងការសិក្សាឱ្យចប់ចុងចប់ដើម ប៉ុន្តែក្រោយរដ្ឋប្រហារទម្លាក់សម្តេចឪ ទំនាក់ទំនងអ្នកទាំងពីរក៏បានកាត់ផ្តាច់ផងដែរ។
 
នៅខ្ទង់ឆ្នាំ១៩៩០ អ្នកស្រី ស៊ីនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានក្រុមអ្នកកាសែតទៅសម្ភាសអ្នកស្រី រួមទាំងផ្តល់សៀវភៅដល់ខ្លួន។ «យូរឆ្នាំហើយ មិននឹកស្មានថាគាត់គិតយើង  មិននឹកគិតថា គាត់ស្រឡាញ់យើងដល់ថ្នាក់ហ្នឹង»។ អ្នកស្រី ស៊ីនួន បានរៀបរាប់យ៉ាងដូច្នេះក្នុងបទសម្ភាស ប៉ុន្តែគាត់ក៏មិនដែលបានជួបអ្នកនិពន្ធ អូឌីល សារជាថ្មីនោះដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com