កីឡាអន្តរជាតិ
អន្តរជាតិ
Neymar អាចនឹងផ្លាស់ទៅ Man Utd បើអ្នកជំនួញកាតា Sheikh Jassim ទិញយកក្លិបយក្សអង់គ្លេសនេះ
31, May 2023 , 5:54 pm        
រូបភាព
ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar Jr នឹងអាចផ្លាស់ទៅ Manchester United ប្រសិនក្លិបបិសាចក្រហមត្រូវបានទិញដោយអ្នកជំនួញកាតា លោកSheikh Jassim។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រកីឡាដ៏ល្បីរបស់បារាំង Mercato Le10sport.com ថ្ងៃទី៣០ ខែឧសភា។​ ទាំងកីឡាករ និងក្លិបកំពុងតែស្វែងរកឱកាសដូចគ្នានៅចុងបញ្ចប់រដូវកាល ២០២២-២៣។



បើតាមរបាយការណ៍ដែលបានផ្សាយដដែលនោះ ក្លិប PSG នាពេលបច្ចុប្បន្នហាក់បីមានភាពមិនសប្បាយចិត្តជាមួយ Neymar Jr ស្របពេលដែលកីឡាករសញ្ជាតិប្រេស៊ីលកំពុងតែរងរបួស។ ជាពិសេសអាកប្បកិរិយារបស់ Neymar Jr បានធ្វើឱ្យក្លិបមិនសូវទទួលបានការសរសើរពីសំណាក់អនុប្រធានក្លិបឡើយ។
  


ខណៈភាពមិនសប្បាយចិត្តនេះ កំពុងតែកើតឡើង កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានគេដឹងថាបានទៅទស្សនាការប្រកួតប្រណាំងរថយន្ត ​F1 នៅទីលានប្រកួត Monaco Grand Prix។ 
ក្រោយមកអ្នកចាត់ការ PSG លោក​ Christophe Galtier បានអះអាងថាតារាបាល់ទាត់ប្រេស៊ីល ក៏បានអវត្តមានអំឡុងពេលដែលការប្រកួតដណ្តើមជើងឯកទល់ Strasbourg ស្របពេលដែលរូបគេកំពុងព្យាបាលរបួសជើង។
 
នៅពេលដែលរដូវកាល ២០២២-២៣ កំពុងតែហៀបនឹងបញ្ចប់សម្រាប់លីគបាល់ទាត់មួយចំនួន ប៉ុន្តែនៅ Premier League បានបញ្ចប់រដូវកាលរួចរាល់ ក្លិបមួយចំនួនដូចជា Chelsea និង Newcastle United កំពុងតែបង្ហាញចំណាប់អារម្មណ៍លើ Neymar Jr។ 
 
ទោះយ៉ាងណា ការផ្ទេរមួយទៅកាន់ Manchester United អាចជារឿងដែលត្រូវបានសម្របសម្រួលដោយការទិញក្លិបបិសាចក្រហមរបស់អ្នកជំនួញកាតាលោក Sheikh Jassim។
បន្ថែមពីនេះរបាយការណ៍បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលក៏មានទំនាក់ទំនងជាមួយនឹងប្រទេសកាតា ហើយដូច្នេះទំនាក់ទំនងវិជ្ជមានអាចជំរុញការផ្ទេរទៅកាន់ទឹកដី Old Trafford មានភាគរយខ្ពស់។
 
Neymar ក៏ទទួលបានសំណើរក្នុងការឱ្យទៅចូលរួមលេងនៅក្នុងក្របខណ្ឌប្រទេសអារ៉ាប៊ីសាអូឌីត Saudi Pro League ផងដែរ។ 
 
បើតាមប្រភពមួយបានប្រាប់ទៅកាន់ Le10sport.com ខ្សែប្រយុទ្ធ Neymar ត្រូវបានគេផ្តល់សំណើរប្រាក់ប្រមាណជិត ៤០០លានអឺរ៉ូ (៤២៦លានដុល្លារ)​ ដើម្បីទៅចូលរួមនៅក្លិបក្នុងប្រទេសស្ថិតក្នុងតំបន់មជ្ឈឹមបូពា៍នេះ។ យ៉ាងណា អតីតកីឡាករ Barcelona បានប្តេជ្ញារួចហើយថារូបគេនឹងនៅតែបន្តនៅក្នុងលីគតំបន់អឺរ៉ុប៕
 

Tag:
 Neymar Jr
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com