សៀមរាប៖ ធ្លាប់ជាសិស្សរៀនមិនទាន់គេ ពុំមានភាពក្លាហាន មិនសូវចេះអាន ឬប្រកប តែពេលនេះ កុមារា ឈង់ ឆេងហ៊ុន ក្លាយជាសិស្សលេចធ្លោនៅក្នុងថ្នាក់ និងជាសិស្សពូកែ ដែលធ្វើឱ្យមិត្តភក្ដិ ពិសេសគ្រូបន្ទុកថ្នាក់ និងអាណាព្យាបាលមានមោទកភាពជាខ្លាំង។ ឆន្ទៈ ក៏ដូចជាការចូលរៀនថ្នាក់បំប៉នបន្ថែម គឺសុទ្ធសឹងជាដើមទង។
កុមារា ឈង់ ឆេងហ៊ុន ជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាកំពង់ភ្លុក។ ក្នុងវ័យ១១ឆ្នាំ កុមារារូបនេះ បានក្លាយជាសិស្សលេចធ្លោនៅក្នុងថ្នាក់រៀន និងជាសិស្សពូកែ។ លេចធ្លោ ព្រោះថា គេបានប្រែក្លាយពីសិស្សរៀនមធ្យម រៀនមិនទាន់គេ ទៅជាសិស្សរៀនបានចំណាត់ថ្នាក់ល្អ។
មានចរិតរម្យទម មិនសូវនិយាយស្ដី ឆេងហ៊ុន ជាសិស្សឧស្សាហ៍ម្នាក់។ នៅក្នុងថ្នាក់គេតែងស្ដាប់គ្រូ និងចូលចិត្តការសិក្សាជាខ្លាំង មិនថានៅសាលាឬនៅផ្ទះ។ ការសិក្សាធ្វើឱ្យគេសប្បាយ និងមិនមានអារម្មណ៍នឿយហត់ឡើយ។
រំឭកទៅក្រោយបន្ដិច កាលនៅរៀនថ្នាក់ទី៤ កុមារា ឆេងហ៊ុន ជាសិស្សរៀនមធ្យម និងខ្សោយផ្នែកអំណាន។ គេជាសិស្សម្នាក់ ដែលត្រូវបានជ្រើសរើសឱ្យរៀនថ្នាក់បំប៉នរយៈពេល៣ខែ។ កំឡុងពេលរៀននោះ កុមារា ឆេងហ៊ុន ប្រាប់ថាគ្រូបានជួយជំរុញគេខ្លាំងលើការសរសេរ និងប្រកប ដែលជាចំណុចខ្វះខាត របស់ខ្លួន។ ឆេងហ៊ុន រៀបរាប់ថា៖« ពេលរៀនថ្នាក់បំប៉ន រៀនជាមួយអ្នកគ្រូម្នាក់ម្ដងៗ កន្លែងអត់ចេះ គាត់ពន្យល់ ស្រួលរៀន ហើយឆាប់ចេះអាន និងប្រកបលឿន»។
ម្ដាយកុមារា ឆេងហ៊ុន អ្នកស្រី អឿន រ៉ានី បានរៀបរាប់ថា កូនរបស់អ្នកស្រីជាមនុស្សឧស្សាហ៍រៀនសូត្រ និងមិនសូវលេងច្រើនទេ។ ទោះគេជាសិស្សចូលចិត្តរៀនគណិតវិទ្យាបន្ដិចក្ដី តែកូនអ្នកស្រីខ្សោយមុខវិជ្ជា ភាសាខ្មែរ។ អ្នកស្រី រ៉ានី ពន្យល់ថា ទោះអ្នកស្រីព្យាយាមពន្យល់កូនបែបណា ក៏គេពិបាកចាប់បាន ណាមួយនៅតូចគេមានជំងឺដែលបណ្ដាលឱ្យគេរៀងធ្ងន់ត្រចៀកមួយចំហៀង។

អ្នកស្រី អឿន រ៉ានី ម្ដាយកុមារា ឆេងហ៊ុន
អ្នកស្រី រ៉ានី អះអាងថា ក្រោយចូលរៀនវគ្គបំប៉នរយៈពេល៣ខែ កូនអ្នកស្រីមានការផ្លាស់ប្ដូរច្រើន គឺខុសពីពេលមុនឆ្ងាយ។ ស្រ្តីវ័យ៣៣ឆ្នាំរូបនេះបន្ថែមថា៖« ពីមុនគាត់ខ្សោយសរសេរ និងអាន។ តាំងពីរៀនបំប៉នបាន៣ខែមក គាត់ព្យាយាមអាន គាត់ព្យាយាមប្រកប គាត់សរសេរបាន និងប្រកបបាន ឥឡូវអាចបាន៩៥ភាគរយហើយ ប្លែកជាងមុនឆ្ងាយណាស់»។
អ្នកគ្រូ ណូត ស្រីល័ក្ខ គ្រូបន្ទុកថ្នាក់កុមារា ឆេងហ៊ុន បានឱ្យដឹងថា ថ្នាក់បំប៉នជាថ្នាក់ពិសេសដែល ខាងសាលាដោយមានជំនួយពីអង្គការដៃគូ ជួយដល់សិស្សដែលរៀនមិនទាន់គេ និងងាយបោះបង់ការសិក្សា។ មុនចូលរៀន សាលាបានតេស្ដសមត្ថភាពសិស្សគ្រប់ៗគ្នា ដើម្បីដឹងថាពួកគេខ្សោយមុខវិជ្ជា ណាមួយ។

អ្នកគ្រូ ណូត ស្រីល័ក្ខ គ្រូបន្ទុកថ្នាក់កុមារ ឆេងហ៊ុន
ចំពោះកុមារា ឆេងហ៊ុន អ្នកគ្រូ ស្រីល័ក្ខ កត់សម្គាល់ឃើញថា គេខ្សោយមុខវិជ្ជាភាសាខ្មែរជាខ្លាំង។ អ្នកគ្រូបន្តថា៖« បើប្រៀបធៀបពីមុននិងឥឡូវ គាត់ល្អច្រើន ល្អរហូតដល់៩០ភាគរយ ដោយសារការមកបំប៉នដំបូង គាត់ពិបាកអាន សូម្បីប្រកបគាត់នៅពិបាក ថ្នាក់ទី៤ហើយនៅតែពិបាកប្រកប នៅពេលដែលត្រូវអាន គឺត្រូវតែប្រកបអមជាមួយ ហើយព្យញ្ជនៈនិងស្រះ គាត់មិនច្បាស់ទៀត។ ប៉ុន្តែឥឡូវមិនដូចពីមុនទេ គាត់អានដោយមិនចាំបាច់ប្រកប ប្រកបតែពាក្យពិបាកអាន ដែលយើងមានថ្មីឱ្យគាត់»។

បទពិសោធន៍បង្រៀនសិស្ស៤ឆ្នាំ អ្នកគ្រូ ស្រីល័ក្ខ បានមើលឃើញចំណុចខ្លះដែលធ្វើឱ្យសិស្សមួយ ចំនួនរៀនមិនទាន់គេ។ អ្នកគ្រូលើកឡើងថា៖« ខ្ញុំឃើញថាដោយសារក្នុងថ្នាក់មានចំនួនគ្នាច្រើន អ៊ីចឹងអាចការផ្តល់ពីគ្រូទៅសិស្ស ឬពីសិស្សមកគ្រូ អាចអត់ទាន់ច្បាស់ល្អ ពេលនៅក្នុងថ្នាក់បំប៉នមានគ្នាតិច អ៊ីចឹងទៅរវាងការយកចិត្តទុកដាក់សិស្សនិងគ្រូ ការសួរនាំគាត់មានភាពស្និទ្ធស្នាលជាង ហើយសិស្សក៏មានភាពរីករាយដែរ និងដឹងថា គ្រូមិនបានទុកពួកគេចោលទេ គាត់យកចិត្តទុកដាក់ បានណែនាំច្បាស់លាស់ ឱ្យអានម្នាក់ម្ដងច្បាស់ៗ»។
អ្នកគ្រូ ស្រីល័ក្ខ មើលឃើញចំណុចវិជ្ជមានច្រើននៃថ្នាក់រៀនបំប៉ន ពិសេសទប់ស្កាត់ការបោះបង់ ការសិក្សានៃសិស្សរៀនមិនទាន់គេ។ អ្នកគ្រូ ស្រីល័ក្ខ យល់ដូច្នេះ៖«ក្មេងមួយចំនួនដែលរៀនមិនទាន់គេ គាត់មានគំនិតចង់បោះបង់ការសិក្សា ដោយសារពេលគាត់មកដល់សាលារៀនតាមអត់ទាន់ មានអារម្មណ៍មិនចង់មករៀន។ ណាមួយគ្រួសារពួកគាត់ភាគច្រើនរវល់នេសាទ មិនសូវយកចិត្តទុកដាក់ជាមួយកូន»។
កំឡុងពេលរៀនថ្នាក់ទី៤ កុមារា ឆេងហ៊ុន ជាសិស្សរៀនបានមធ្យមភាគមធ្យម គឺបានចំណាត់ថ្នាក់លេខ ២៩ ក្នុងចំណោមសិស្ស៤០នាក់។ គេក៏មិនសូវមានភាពក្លាហានដែរ និងខ្មាសអៀនច្រើន។ នេះជាការកត់សម្គាល់របស់អ្នកគ្រូ ស្រីល័ក្ខ រៀបរាប់ពីអត្តចរិតកុមារា ឆេងហ៊ុន មកកាន់សារព័ត៌មានថ្មីៗ និងបន្តថា៖« ពីមុនមិនសូវពូកែ ខ្ញុំមានអារម្មណ៍ថា គាត់មិនសូវហ៊ាននិយាយស្ដី អឹមអៀន ខ្មាសគេ ព្រោះពេលគ្រូឱ្យអាន គាត់មិនចេះអាន ប៉ុន្តែក្រោយនេះ មានភាពស្វាហាប់ និងរួសរាយរាក់ទាក់ និងការនិយាយស្ដីខុសពីមុន គាត់ចូលចិត្តពន្យល់មិត្តភក្ដិ»។
នាយកសាលាបឋមសិក្សាកំពង់ភ្លុក លោក ទា សាវុធ យល់ថា កម្មវិធីថ្នាក់បំប៉នមានសារសំខាន់ ហើយកន្លងមក សាលាក៏ធ្លាប់បានអនុវត្តន៍ជាមួយអង្គការដៃគូដែរនៅកំឡុងពេលវ៉ាកង តែកម្មវិធីនេះ បានផ្អាកទៅវិញ។ លោក ទា សាវុធ លើកឡើងថា៖« វាជួយក្មេងដែលរៀនយឺតមិនទាន់គេ រៀនទាន់គេវិញ ព្រោះរៀនក្នុងថ្នាក់សិស្សច្រើន គ្រូផ្តល់ទៅមិនបានសព្វ ដោយសារក្មេងខ្លះអាចមកពីបញ្ហារបស់គាត់ គាត់ចង់រៀនជាដៃគូជាមួយគ្រូ ឬសិស្សតិច ទើបគាត់ទទួលមិនបានគ្រប់គ្រាន់»។

លោក ទា សាវុធ នាយកសាលាបឋមសិក្សាកំពង់ភ្លុក
បន្ទាប់ពីរៀនទាន់គេឯង និងក្លាយជាសិស្សពូកែ កុមារា ឆេងហ៊ុន កាន់តែស្រឡាញ់នឹងការសិក្សាជាខ្លាំង។ សិស្សរូបនេះបញ្ជាក់ថា នឹងមិនបោះបង់ការសិក្សាឡើយទោះមានបញ្ហាអ្វីក៏ដោយ គឺប្រឹងប្រែងរហូតដល់ រៀនចប់។ ឆេងហ៊ុន ចង់ក្លាយជាគ្រូបង្រៀនម្នាក់នៅក្នុងភូមិនាពេលអនាគត។
ចំពោះអ្នកស្រី រ៉ានី ដែលជាម្ដាយវិញ ក៏បេ្ដជ្ញាចិត្តខ្ពស់ថា នឹងមិនឱ្យកូនឈប់រៀនឡើយ គឺតស៊ូឱ្យកូនរៀន ដល់ចប់ចុងចប់ដើម។ ទោះគ្រួសារជាអ្នកនេសាទ និងរត់រ៉ឺម៉ត និងរៀនសូត្របានតិចតួច តែគ្រួសារមួយនេះតាំងចិត្តថា នឹងជំរុញឱ្យកូនរៀនដល់ថ្នាក់បរិញ្ញាបត្រ ប្រសិនមានលទ្ធភាព។

សាលាបឋមសិក្សាកំពង់ភ្លុក
អ្នកស្រី រ៉ានី ក៏គាំទ្រគំនិតកូនប្រុសច្បងរបស់ខ្លួន ដែលចង់ ធ្វើជាគ្រូបង្រៀនផងដែរ។ អ្នកស្រីលើកឡើងថា៖« យល់ស្របតាមបំណងដែលគាត់ចង់ធ្វើគ្រូ ព្រោះសុខភាពគាត់រៀងខ្សោយ សមនឹងសមត្ថភាពគាត់ដែរ»។
សូមបញ្ជាក់ថា ថ្នាក់បំប៉នជាផ្នែកមួយនៃកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងបំណងធ្វើឱ្យ ប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃសេវាកម្មអប់រំ ដោយកាត់បន្ថយការរៀនត្រួតថ្នាក់ និងអត្រាបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់។ ថ្នាក់នះជួយអ្នករៀនយឺតធ្វើឱ្យប្រសើរឡើងនូវលទ្ធផល នៃការសិក្សារបស់កុមារ និងកាត់បន្ថយលទ្ធភាពនៃការបោះបង់ការសិក្សា ដែលជាកង្វល់មួយរបស់កម្ពុជា ពិសេសនៅតំបន់ដាច់ស្រយាល។
សិស្សានុសិស្សនៅសាលាបឋមសិក្សាកំពង់ភ្លុក
នៅសាលាបឋមសិក្សាកំពង់ភ្លុក នៃបឹងទន្លេសាប ស្ថិតក្នុងគម្រោងដែលអង្គការ អេដ អេ អាក់ស្យុង និងអង្គការដៃគូ អង្គការខេប បានផ្តល់ឱ្យកុមារដែលងាយនឹងបោះបង់ការសិក្សាដោយសារមូលហេតុ ផ្សេងៗ ក្នុងគម្រោងសម្ពន្ធភាពកម្ពុជាដើម្បីកុមារក្រៅសាលារៀន (CCOSC)។ គម្រោងនេះមាន ការគាំទ្រ ហិរញ្ញវត្ថុពី Educate A Child (EAC) នៃ Education Above All Foundation កម្មវិធីដៃគូរួមគ្នា CCOSC បានចាប់ផ្តើមការងារនេះនៅក្នុងឆ្នាំ ២០១៤ ដែលថ្មីៗនេះកំពុងអនុវត្តន៍នៅដំណាក់កាលទី២ របស់ខ្លួន ក្នុងអំឡុងពេល និងបន្ទាប់ពីការបិទសាលារៀនដោយសារជំងឺរាតត្បាតកូវីដ-១៩៕