កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho បើកភ្លើងខៀវ សម្រាប់តំណែងអ្នកចាត់ការ Real Madrid
01, Jun 2023 , 11:00 am        
រូបភាព
អ្នកចាត់ការក្រុម ​​AS Roma លោក Jose Mourinho ត្រូវបានគេមើលឃើញថាបានបើកទ្វារសម្រាប់ឱកាសក្នុងការវិលត្រលប់ទៅកាន់ការងារនៅក្លិប Real Madrid ឡើងវិញ។



លោក Mourinho កាលពីរដូវកាលមុនបានដឹកនាំ Roma គ្រងជើងឯកពានរង្វាន់ Europa Conference League ដែលទើបបង្កើតឡើងលើកដំបូងក្នុងរដូវកាល ២០២១-២២។ ប៉ុន្តែរដូវកាលនេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ មិនអាចជួយក្រុមអ៊ីតាលីបន្តឈ្នះ Europa League ឡើយ បន្ទាប់ពីចាញ់ Sevilla នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី ៤-១។
  


យ៉ាងណា អតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid រូបនេះ ត្រូវបានអ្នកកាសែតសួរនាំអំពីលទ្ធភាពក្នុងការវិលត្រលប់ទៅដឹកនាំការងារនៅកីឡដ្ឋាន ​Santiago Bernabeu លោក Mourinho បាននិយាយថាពិតជារីករាយចំពោះបទពិសោធន៍នៅទីនោះ។
 
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ និងជាគ្រូបង្វឹកតែម្នាក់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់តំបន់អឺរ៉ុប៥លើក បាននិយាយឆ្លើយតបទៅអុ្នកកាសែតដោយខ្លីថា«ខ្ញុំស្រលាញ់ ​Madrid វាពិតជាបទពិសោធន៍មួយដ៏ល្អខ្លាំងបំផុត។»។
 
លោក Jose Mourinho ធ្លាប់បានចំណាយពេល ៣រដូវកាលជាមួយក្រុមអធិរាជសចាប់តាំងពីឆ្នាំ ២០១០ ដល់ ២០១៣ ហើយក៏ទទួលបានជោគជ័យខ្លាំងនៅទឹកដីអេស្ប៉ាញ ដោយបានដឹកនាំ Real Madrid ឈ្នះពាន La Liga និង Copa del Rey។
 
យ៉ាងណាមិញ អតីតអ្នកចាត់ការ ​Chelsea និង Manchester United បានអភិវឌ្ឍន៍ទំនាក់ទំនងពោរពេញដោយភាពសាំញាំនៅក្នុងក្រុមជាមួយនឹងកីឡាករ ដែលបង្កជារឿងមិនសប្បាយចិត្តជាច្រើនរហូតលោកបានចែកផ្លូវជាមួយក្រុម តែលោកនៅតែទទួលការគាំទពីសំណាក់អ្នកគាំទ្រ។
 
Mourinho នៅជាប់កិច្ចសន្យាជាមួយ Roma រយៈពេល ១រដូវកាលទៀត តែអ្នកចាត់ការរូបនេះនៅតែអាចបន្តស្វែងរកការប្រកួតប្រជែងកម្រិតខ្ពស់បន្ថែមទៀត ហើយលោកក៏អាចនឹងអាចចេញមុនពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ការងារនៅកីឡដ្ឋាន Stadio Olimpico។
 
មកដល់ពេលនេះអនាគតរបស់លោក Carlo Ancelotti កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីក្រុមរបស់លោកបានធ្លាក់ចេញពីពានរង្វាន់ Champions League ដោយលទ្ធផលសរុប ២ជើង ៥-១ និងរបូតពានរង្វាន់ធ្លាក់ទៅកាន់ក្លិប Barcelona៕
 

Tag:
 Real Madrid
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com