អន្តរជាតិ
ប្រេសិតពិសេស UN ប្រចាំមីយ៉ាន់ម៉ានឹងលាលែងពីតំណែងក្នុងខែនេះ 
ប្រេសិតអង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា Noeleen Heyzer។ រូបថត AFP
×![]()
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំមីយ៉ាន់ម៉ានឹងចុះចេញពីតំណែងនៅខែមិថុនា បន្ទាប់ពីកាន់តំណែងអស់រយៈពេល១៨ខែ។ នេះបើតាមអ្នកនាំពាក្យរបស់ប្រមុខ UN ។ UN នឹងជ្រើសរើសបេសកជនថ្មីជំនួសដែរ។
អ្នកនាំពាក្យប្រមុខ UN លោក Stephane Dujarric ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រេសិតពិសេស UN ប្រចាំមីយ៉ាន់ម៉ាលោកស្រី Noeleen Heyzer នឹងចាកចេញពីតំណែងនៅថ្ងៃទី១២ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃកិច្ចសន្យាការងាររបស់លោកស្រី។ លោកស្រីបានចាប់ផ្ដើមតួនាទីនេះក្នុងខែតុលាឆ្នាំ ២០២១ ដែលមកទល់ពេលនេះ លោកស្រីបានបម្រើការងារអស់ជិត២០ខែដែរ ប៉ុន្តែលោកស្រីមិនអាចបំពេញការងារដោយរលូនឡើយ។
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចខិតខំផ្នែកការទូតរបស់ UN និងអាស៊ានដើម្បីដោះស្រាយវិបត្តិរហូតមកដល់ពេលនេះ បានបរាជ័យ ក្នុងការទប់ស្កាត់ការបង្ហូរឈាមដែលកើតឡើងដោយរដ្ឋប្រហារ។
«សូមថ្លែងអំណរគុណចំពោះលោកស្រី Heyzer សម្រាប់កិច្ចខិតខំមិនចេះនឿយហត់ចំពោះមុខសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា»។ អ្នកនាំពាក្យ UN បានស្រង់សម្តីប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បែបនេះដោយបន្ថែមថា បេសកជនថ្មីនឹងត្រូវបានតែងតាំងនៅពេលខាងមុខ។
ជាប្រេសិតពិសេស លោកស្រី Heyzer ដែលជាសង្គមវិទូជនជាតិសិង្ហបុរី ក៏មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចសន្ទនានយោបាយជាក្រុមប្រឆាំង និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាមដែលបានចាប់ផ្តើមបន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ។ លោកស្រីបានទៅ បំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយប្រមុខរបបយោធា មីន អ៊ុងឡាំង និងមន្ត្រីយោធាកំពូលផ្សេងទៀត តែក៏រងការរិះគន់ដោយក្រុមសិទ្ធិមនុស្សថា ជាទទួលស្គាល់របបយោធាទៅវិញ។ លោកស្រីត្រូវបានបដិសេធមិនឱ្យជួបលោកស្រី ស៊ូជី ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com