ជាតិ
ផ្ទះពលរដ្ឋជាង ១ម៉ឺនខ្នង ត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់ និងរន្ទះ នា៥ខែនេះ
01, Jun 2023 , 6:59 pm        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ខ្យល់កន្រ្តាក់ និងផ្គររន្ទះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាង ១ម៉ឺនខ្នង និងបណ្ដាលឱ្យមនុស្សស្លាប់រងរបួសជាង ១៦០នាក់ រយៈពេល ៥ខែ ឆ្នាំ២០២៣។ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណកម្មការគ្រប់គ្រងគ្រោះមហាន្តរាយ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។



លោក សុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា ដើមរដូវវស្សាឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់និងផ្គររន្ទះ ដែលគំរាមកំហែងដល់ប្រជាពលរដ្ឋ ។ បើតាមលោក កុលមុន្នី ខ្យល់កន្រ្តាក់រយៈពេល ៥ខែនេះ កើតឡើង ១៥៥លើក បានធ្វើឱ្យរលំផ្ទះពលរដ្ឋ ១១៦៤ខ្នង, របើកដំបូលផ្ទះ ៩៧១៥ខ្នង , សាលារៀន ៦៧ខ្នង , អគាររដ្ឋបាល , មនុស្សស្លាប់ ៦នាក់ និងរបួស ៩៩នាក់។
 
ចំពោះករណីរន្ទះបាញ់វិញ រយៈពេល ៥ខែនេះ បានកើតឡើង ៦០លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣១នាក់ និងរបួស ២៩នាក់ និងគោក្របី ងាប់ ៥៩ក្បាល។ នេះបើតាមលោក​ សុទ្ធ គឹមកុលមុន្នី។
ជាមួយគ្នានេះ លោក សុទ្ធ គឹមកុលមុន្នី ក៏បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នជាមុន និងរៀបចំដាក់ប្រព័ន្ធការពារ ដើម្បីជួយកាត់បន្ថយករណីបាតុភូតនៅកម្ពុជា៕
 
 
 

Tag:
 បាតុភូតធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com