អន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងសន្យាបាញ់ផ្កាយរណបបន្ថែម 
×![]()
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យ៉ូចុង អះអាងថា ផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើងនឹងត្រូវបាញ់ចូលទៅក្នុងគន្លងក្នុងពេលឆាប់ៗនេះដើម្បីបង្កើនការឃ្លាំមើលផ្នែកយោធា ស្របពេលទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានព្រមានពីផលវិបាកដល់ការដឹកជញ្ជូន និងការធ្វើដំណើរដោយសារការបាញ់បែបនេះ។
«យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីដែលអាចមានក្នុងការការពារសិទ្ធិអធិបតេយ្យភាព និង ផលប្រយោជន៍របស់យើង»។ លោកស្រី គីម យ៉ូចុង បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយដែល ផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១ ខែមិថុនា។
កូរ៉េខាងជើង ទើបបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួននៅថ្ងៃទី៣១ ខែឧសភា។ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ដកស្រង់របាយការណ៍ទីភ្នាក់ងារស៊ើបការណ៍ជាតិថា ការបាញ់របស់កូរ៉េខាងជើង ហាក់ធ្វើឡើងដោយប្រញាប់ប្រញាល់ ហើយទីក្រុងព្យុងយ៉ាងប្រហែលជាត្រូវការពេលយ៉ាងហោចណាស់ជាច្រើនសប្តាហ៍ទៀតដើម្បីដោះស្រាយបញ្ហាគ្រាប់រ៉ុក្កែតរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកស្រី គីម ក៏ឆ្លើយតបការរិះគន់លើកូរ៉េខាងជើងវិញថា ការរិះគន់ទាំងនោះដូចជាការរិះគន់ឱ្យខ្លួនឯងដ្បិតអាម៉េរិក និងប្រទេសផ្សេងទៀតបានបាញ់បង្ហោះផ្កាយរណបរាប់ពាន់រួចមកហើយ។
ស្របពេលជាមួយគ្នានេះ ដំណោះស្រាយមួយត្រូវបានអនុម័តដោយប្រទេសជាង១០០ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសន្តិសុខនៃអង្គការដែនសមុទ្រអន្តរជាតិ (IMO)។ ដំណោះស្រាយនោះបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការធ្វើតេស្តគ្រាប់រ៉ុក្កែតដោយមិនបានប្រាប់ដំណឹងជាមុនដែលទង្វើនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកធ្វើដំណើរតាមសមុទ្រ និងការដឹកជញ្ជូនអន្តរជាតិ ជាពិសេសនៅតំបន់អាស៊ីបូព៌ា។
យ៉ាងណាមិញ កូរ៉េខាងជើង បានច្រានចោលសេចក្តីសម្រេចចិត្តនេះនិងឯកសារដែលដាក់ស្នើដោយអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនជាដើម។ ក្រុងព្យុងយ៉ាងឆ្លើយតបថា ការសាកល្បងបាញ់គ្រាប់រ៉ុក្កែតនេះបង្កើតជាទម្លាប់ និងផែនការវិធានការការពារខ្លួន និងសន្តិសុខជាតិប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com