ជាតិ
នយោបាយជាតិ
បណ្ឌិត សាយ បូរី ថា បញ្ញវន្តគួរសិក្សាស្រាវជ្រាវមនោគមន៍វិជ្ជានយោបាយសម្តេច ហ៊ុន សែន យកទៅបង្រៀន 
បណ្ឌិត សាយ បូរី អាយុ៨២ឆ្នាំ បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែជាអ្នកនយោបាយទេ តែជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ
×![]()
តាមរយៈសំណេរដ៏កម្រនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣១ ខែឧសភា បណ្ឌិត សាយ បូរី អាយុ៨២ឆ្នាំ បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែជាអ្នកនយោបាយទេ តែជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ។
លោក សាយ បូរី ដែលទទួលបានបណ្ឌិតច្បាប់ជំនាញខាងវិទ្យាសាស្ត្ររដ្ឋបាលពីបារាំងនៅឆ្នាំ១៩៧៤ បានអះអាងថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា លោកទើបតែឃើញមានសម្តេច ហ៊ុន សែន ម្នាក់គត់ ដែលឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ។
«ពួកសត្រូវ ខំពន្លិច ឬបន្ថោកលោកយ៉ាងណា ក៏ការពិតនៅតែជាការពិត។ បញ្ញវន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក សម្រាប់បង្រៀនផងដែរ»។ នេះជាការលើកឡើងរបស់លោក សាយ បូរី ដែលធ្លាប់ធ្វើជាមន្ត្រីជាន់ខ្ពស់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនាឆ្នាំ១៩៦៥, ធ្វើជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ទំនាក់ទំនងជាមួយរដ្ឋសភា (ឆ្នាំ១៩៩៣-១៩៩៥)។
លោកបានកត់សម្គាល់ថា៖ «យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ព្វសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោកជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ»។
ក្រៅពីតួនាទីជាសាស្ត្រាចារ្យតាមមហាវិទ្យាល័យ លោក សាយ បូរី ធ្លាប់ធ្វើជាប្រធានគណៈមេធាវីកម្ពុជា (១៩៩៥-១៩៩៨), សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, អតីតទីប្រឹក្សាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ និងជាអតីតទីប្រឹក្សាច្បាប់របស់លោក កឹម សុខា ក្នុងក្របខណ្ឌអនុប្រធានទី១នៃរដ្ឋសភាជាតិ។
ស្នាដៃសៀវភៅដ៏ល្បីល្បាញរបស់លោក សាយ បូរី គឺ «នីតិរដ្ឋបាលសាធារណៈ» ជាភាសាខ្មែរ ដែលត្រូវបានបោះពុម្ពជាច្រើនលើក ចាប់តាំងពីឆ្នាំ២០០១ មក៕
© រក្សាសិទ្ធិដោយ thmeythmey.com