ជាតិ
សោកស្ដាយ! ផ្សោតអ៊ីរ៉ាវ៉ាឌីមួយក្បាល ងាប់នៅឆ្នេរកែប
01, Jun 2023 , 9:37 pm        
រូបភាព
ផ្សោតអ៊ីរ៉ាវ៉ាឌីមួយក្បាល ទម្ងន់ប្រហែល ២៥ទៅ៣០ គីឡូក្រាម បានងាប់ នៅឆ្នេរកែប កាលពីថ្ងៃទី ២៩ ខែឧសភា។ រូបភាព៖ លោក សារី
ផ្សោតអ៊ីរ៉ាវ៉ាឌីមួយក្បាល ទម្ងន់ប្រហែល ២៥ទៅ៣០ គីឡូក្រាម បានងាប់ នៅឆ្នេរកែប កាលពីថ្ងៃទី ២៩ ខែឧសភា។ រូបភាព៖ លោក សារី
ភ្នំពេញ៖ ផ្សោតអ៊ីរ៉ាវ៉ាឌី ឬហៅថាក្បាលត្រឡោកមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ ដោយមិនដឹងមូលហេតុ នៅត្រង់ចំណុចឆ្នេរកែប ស្ថិតក្នុងភូមិសាស្រ្ត ភូមិថ្មី សង្កាត់កែប ខេត្តកែប កាលពីថ្ងៃទី៣០ ខែឧសភា។



ជំនួយការអង្គការ Khmer ocean life លោក អេល លុកកាម៉ាន បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmey Thmey 25 នៅថ្ងៃទី១ ខែមិថុនានេះថា មកទល់ពេលមានរយៈពីរថ្ងៃហើយ ប៉ុន្តែមន្រ្តីជំនាញ មិនទាន់បានធ្វើកោសល្យវិច័យបញ្ជាក់ថា ផ្សោតនេះឈ្មោល ឬញីនោះទេ។ តាមព័ត៌មាន ដែលលោក លុកកាម៉ាន ទទួលបាន ផ្សោតដែលងាប់នេះ មានវ័យចំណាស់ ដូច្នេះ មន្រ្តីជំនាញ មិនទាន់អាចវាយតម្លៃថា វាងាប់ដោយសារពុលទឹក សត្វខាំ ឬជំងឺនោះទេ។ 
 
លោក ប្រាប់ដូច្នេះថា៖«យើងមិនទាន់បានធ្វើកោសល្យវិច័យថា វាឈ្មួល ឬញី យើងអត់ដឹងដែរ ដោយសារតែខាងអ្នកជំនាញគាត់អត់បានចុះទៅទេ។ ខ្ញុំដឹងត្រឹមថា ផ្សោតនេះវាចាស់ដែរហើយ»។ 
 
អង្គការ Khmer Ocean Life មានបេសកកម្មអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរសមុទ្ររបស់កម្ពុជា ដែលផ្ដោតលើសត្វសមុទ្រ តាមរយៈការស្រាវជ្រាវ  និងការតាមដានរាល់ការគំរាមកំហែងនានាទៅលើសត្វសមុទ្រ។
 
លោក សារី អ្នកទេសចរ ដែលបានឃើញផ្សោតអ៊ីរ៉ាវ៉ាឌីងាប់ដោយផ្ទាល់ បានឱ្យដឹងថា នៅពេលទៅកម្សាន្តឆ្នេរកែប លោក បានប្រទះឃើញសត្វផ្សោតមួយក្បាលនេះងាប់ ដោយមានធ្លាយពោះវៀនចេញមកក្រៅ កាលពីថ្ងៃទី ២៩ ខែឧសភា។ ផ្សោតនេះ មានទម្ងន់ប្រហែល ២៥ទៅ៣០ គីឡូក្រាម។ ភ្លាមនោះ លោក ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរ ដែលយាមក្បាតនៅតំបន់នោះ។ 
 
តាមការប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ផ្សោតក្បាលត្រឡោក ជាង ៥០ក្បាល ត្រូវបានរកឃើញ ក្នុងដែនសមុទ្រខេត្តកែប។ កន្លងទៅ សត្វផ្សោតប្រភេទនេះក៏ត្រូវបានគេប្រទះឃើញនៅតំបន់ប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់ពាមក្រសោប ខេត្តកោះកុងផងដែរ។
 
ផ្សោតប្រភេទនេះ ទាក់ទងគ្នាដោយបញ្ចេញសំឡេងផ្សេងៗគ្នា នៅហ្វ្រេក្រង់ទំហំ៦០មេហ្គាហឺត (60Mhz)។ ផ្សោតនេះហែលទឹកមិនលឿនទេ ប៉ុន្តែនៅពេលជួបគ្រោះថ្នាក់ វាអាចហែលបានដល់ទៅ ២០ទៅ២៥ គីឡូម៉ត្រ ក្នុង១ម៉ោង។ ចំណែក អាហារជាប្រចាំរបស់វាគឺ ត្រីល្អិតៗ បង្គារ បង្កង និងមឹក៕ 
 
 

Tag:
 បរិស្ថាន
  ផ្សោតក្បាលត្រឡោក
  កែប
  Khmer Ocean Life
© រក្សាសិទ្ធិដោយ thmeythmey.com