អន្តរជាតិ
អាមេរិក​ផ្ដល់​ជំនួយ​យោធា​ថ្មី​ចំនួន​៣០០​លាន​ដុល្លារ​ទៀត​ដល់​អ៊ុយក្រែន
02, Jun 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ ឧបករណ៍​បាញ់​មីស៊ីល​ដែល​ទទួល​បានពីសហរដ្ឋអាមេរិក​ត្រូវបានឃើញ​នៅ​ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ​កាលពីថ្ងៃទី០៦ ​កុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ឧបករណ៍​បាញ់​មីស៊ីល​ដែល​ទទួល​បានពីសហរដ្ឋអាមេរិក​ត្រូវបានឃើញ​នៅ​ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ​កាលពីថ្ងៃទី០៦ ​កុម្ភៈ ឆ្នាំ២០២៣។
ដោយ: VOA
សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​យោធា​ថ្មី​ចំនួន​៣០០ ​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន ដែល​កញ្ចប់​ជំនួយ​ថ្មី​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​រួម​បញ្ចូល​គ្រាប់សម្រាប់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ Patroit ​របស់​អ៊ុយក្រែន​ផង​ដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​ការពារ​ជាតិ​អាមេរិកាំងដែល​ថ្លែង​ប្រាប់ VOA។

 
មន្ត្រី​ការពារ​ជាតិ​អាមេរិកាំងដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​មុន​ពេល​ដែល​កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​និយាយ​ថា ​កញ្ចប់​ជំនួយ​នេះ​ក៏​រួម​មាន​គ្រាប់​រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត ​HIMARS ​គ្រាប់​រថក្រោះ ​និង​សព្វាវុធ​កម្ទេច​រថពាស​ដែក​ផង​ដែរ សម្រាប់​ផ្ដល់​ជូន​អ៊ុយក្រែន​មុន​ពេល​អ៊ុយក្រែន​គ្រោង​ធ្វើ​ការ​វាយ​បកនឹង​រុស្ស៊ី។
 
គ្រាប់​រ៉ុក្កែត Zuni រាង​ដូច​យន្តហោះ​ដែល​គ្មាន​ការ​បញ្ជា ​និង​មីស៊ីល AIM-7 បាញ់​ពី​អាកាស​ដែល​បញ្ជា​ដោយ​រ៉ាដា ក៏​ស្ថិត​ក្នុង​កញ្ចប់​ជំនួយ​ថ្មី​នេះ​ដែរ​សម្រាប់​ផ្ដល់​ការ​គាំទ្រ​ផ្លូវ​អាកាស​ដល់​អ៊ុយក្រែន ហើយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស Avenger និង​ប្រព័ន្ធ​មីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាស​ Stinger ​ក៏​ស្ថិត​ក្នុង​កញ្ចប់​ជំនួយ​នេះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការពារ​ជាតិ​អាមេរិក​នោះ។
 
នៅ​ពេល​ដែល​កញ្ចប់​ជំនួយ​នេះ​ត្រូវ​បាន​ប្រកាស វា​នឹង​ក្លាយជា​ការ​ដក​អាវុធ​យុទ្ធភណ្ឌ​ពី​បញ្ជី​សារពើភណ្ឌ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​លើក​ទី ៣៩ ដែល​អនុញ្ញាត​ដោយ​ប្រធានាធិបតី តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០២២ ​មក។
 
កញ្ចប់​ជំនួយ​ថ្មី​នេះ​លេច​ឡើង នៅ​ចំ​ពេល​ដែល​ទាហាន​អ៊ុយក្រែន​ប្រហែល ​២០០ ​នាក់​បាន​ចាប់ផ្ដើម​ហ្វឹកហាត់​រួម​លើ​ការ​ប្រើ​រថក្រោះ Abrams ​ប្រភេទ​ M1A1 ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​យោធា​សហរដ្ឋ​អាមេរិក​នៅ​ទ្វីប​អឺរ៉ុប។
 
ទាហាន​អ៊ុយក្រែន ២០០ នាក់​ទៀត​កំពុង​ហ្វឹកហាត់​លើ​ការ​ធ្វើ​ប្រតិបត្តិការ​ចាក់​សាំង​រថក្រោះ​និង​ការ​ថែទាំ​រថក្រោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​នេះ។
 
ទាហាន​អ៊ុយក្រែន​នឹង​ហ្វឹកហាត់​ប្រើ​រថក្រោះ Abrams ​ចំនួន​ ៣១ គ្រឿង​ ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​អាល្លឺម៉ង់​កាលពី​ដើម​ខែ​នេះ។ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា រថក្រោះ Abrams ប្រភេទ ​M1A1 ​ចំនួន ​៣១ ​គ្រឿង​ទៀត​កំពុង​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ​នៅ​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ត្រូវ​បញ្ជូន​ឱ្យ​អ៊ុយក្រែន​នៅ​ត្រឹម​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com