កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អត្តពលិកប៉ារ៉ាឡាំពិក ពេជ្រ យ៉ារេ៖ ពាក្យមើលស្រាល មិនអាចបញ្ឈប់ការប្រឹងប្រែងអភិវឌ្ឍខ្លួនឡើយ
02, Jun 2023 , 7:59 am        
រូបភាព
លោក ពេជ្រ យ៉ារេ អត្ដពលិកប៉ារ៉ាឡាំពិកហែលទឹកកម្ពុជា ប្ដេជ្ញាចិត្ត និងតែងតែជម្នះឧបសគ្គផ្សេងៗក្នុងជីវិត រហូតបានក្លាយជាកីឡាករ មានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។ យ៉ារេ តែងយកសម្ដីអ្នកដទៃ ដែលមាក់ងាយខ្លួនថាជាមនុស្សម្នាក់មិនអាចធ្វើអ្វីបាន ដើម្បីពង្រឹងសមត្ថភាពខ្លួន និងជឿលើខ្លួនអាចធ្វើបានគ្រប់យ៉ាង គ្រាន់តែយឺតជាងអ្នកមានកាយសម្បទាបរបូណ៍ប៉ុណ្ណោះ។



កីឡាករ ពេជ្រ យ៉ារេ វ័យ ៣៥ឆ្នាំ រំភើបជាខ្លាំងដោយសារ ការប្រឹងប្រែងរបស់ខ្លួនបានសម្រេច ព្រោះត្រូវបានជ្រើសរើសជាអត្ដពលិកជម្រើសជាតិលើកីឡាប៉ារ៉ាហែលទឹក។ កាលនៅវ័យ ១៤ ឆ្នាំ អត្ដពលិករូបនេះ តែងត្រូវមនុស្សមួយចំនួន និយាយចំអន់ថាពិការភាពបែបនេះ មិនអាចធ្វើអ្វីបាន ប៉ុន្ដែ យ៉ារេ បានជម្នះ ពាក្យទាំងនោះ ដោយប្រឹងប្រែងសិក្សារហូតបានដល់ឆ្នាំទី៣ លើមុខជំនាញផ្នែកទីផ្សារ។ ប៉ុន្ដែ បុរសវ័យ ៣៥ឆ្នាំរូបនេះ បានសម្រេចឈប់សិក្សាត្រឹមឆ្នាំទី៣ ដោយគិតថាពិការភាពរបស់ខ្លួន នឹងមិនមានស្ថាប័នការងារណាត្រូវការខ្លួន បម្រើការនោះទេ ដូច្នេះហើយ លោក យ៉ារេ សម្រេចចាប់ហ្វឹកហាត់វិស័យកីឡាហែលទឹកឲ្យបានខ្ជាប់ខ្ជួន។
  


និយាយប្រាប់សារព័ត៌មានថ្មីៗទាំងអារម្មណ៍ក្ដុកក្ដួល និងទឹកភ្នែករលីងរលោង ពេលរំលឹកដល់រឿងជូរចត់ លោក យ៉ារេ បានរៀបរាប់ពីប្រវត្តិខ្លះៗ អំពីខ្លួនព្រមទាំងគ្រួសារថា ក្នុងវ័យកុមារភាព រូបលោក តែងតែចង់ទៅសាលារៀនដូចក្មេងដទៃទៀតដែរ។ ប៉ុន្ដែនាអំឡុងឆ្នាំ១៩៩៨ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការកុមារ មិនទាន់មានច្រើន ដែលជាហេតុ ធ្វើឲ្យ យ៉ារេ សោកសៅ ព្រោះមិនបានចូលរៀនដូចក្មេងដ៏ទៃទៀតដែរ។ 
 
ថ្វីដ្បិតតែ កុមាររូបនេះ មានកាយសម្បទាមិនគ្រប់គ្រាន់ដូចក្មេងដទៃទៀតក៏ពិតមែន ប៉ុន្ដែ យ៉ារេ មិនពិការផ្នែកគំនិតទេ។ ហេតុដូច្នេះហើយ ក្មេងដ៏កំសត់នេះ តែងតែទៅអើតមើលក្មេងៗ ផ្សេងទៀតកំពុងសិក្សា រួចហើយរៀនអានតាមគេ។ 
 
«ខ្ញុំឃើញ គេអានអក្សរ ខ្ញុំចង់រៀន។ ខ្ញុំ តែងចង់រៀនដូចគេ ដូចឯងចឹងដែរ។ ខ្ញុំ បានតែអើតមើល ខ្ញុំ ស្រែកអានតាមគេ ដល់ចឹងខ្ញុំ ចង់ចេះ អក្សរ។»។ លោក យ៉ារេ បាននិយាយពីកុមារភាពខ្លួនដូច្នេះ។
 
លុះចូលមកដល់ឆ្នាំ២០០២ យ៉ារេ មានអាយុ ១៤ឆ្នាំ។ គាប់ជួនថ្ងៃមួយ ប្ដីប្រពន្ធចំណាស់មួយគូ បានឃើញសកម្មភាពរបស់ យ៉ារេ អើតមើលសិស្ស តាមមាត់បង្អួច ពីក្រៅថ្នាក់រៀន អ្នកទាំងពីរនោះ ក៏មកសួរកុមាររូបនេះ ថាចង់ចូលរៀនដូចគេទេ ដែឬទេ?  កុមារ យ៉ារេ បានឆ្លើយតបថាចង់ចូលរៀន។ ដូច្នេះអ្នកមានគុណទាំងពីរ ដែលមិនបានចាំឈ្មោះនោះ ក៏បានណែនាំ កុមារកំសត់នេះ ទៅសាលាអង្គការ Lavalla Primary School។
 
កីឡាករ យ៉ារេ សូមមិនបញ្ចេញឈ្មោះឪពុកម្ដាយទេ ដោយសារតែអារម្មណ៍នៅនឹកដល់អ្នកទាំងពីរ។ ពេលដែលម្ដាយ កុមារ យ៉ារេ ដឹងថាមានអង្គការទទួលកុមារពិការ ឲ្យចូលសិក្សា អ្នកម្ដាយរូបនេះ ស្ទើតែមិននឹកស្មានថា កូនរបស់ខ្លួន មានឱកាសបានចូលរៀន ដូចក្មេងដទៃ។ 
 
ជារឿងគួរឲ្យសង្វេក សម្រាប់អត្ដពលិករូបនេះ បន្ទាប់ពីចូលរៀន បាន៤ឆ្នាំ អ្នកម្ដាយ ក៏ទទួលមរណភាព នៅឆ្នាំ២០០៦ ដោយសារជំងឺ។ ៥ឆ្នាំក្រោយ បន្ទាប់ឪពុក យ៉ារេ ក៏បានចែកឋានទៅដោយសារជំងឺផងដែរ ដោយបានបន្សល់នៅ កូនប្រុស ៣នាក់ និងស្រី១រូប ដោយរាប់បញ្ចូលទាំង យ៉ារេ។ 
 
ចូលមកដល់វ័យ ២០ឆ្នាំ យុវជន ពេជ្រ យ៉ារេ តែងតែចូលរួមសិក្ខាសាលាផ្សេងៗ ក្នុងគោលបំណងចង់អភិវឌ្ឍខ្លួន។ ក្នុងឆ្នាំ២០០៨ យុវជននេះ បានចូលរួមសិក្ខាសាលាស្ដីពីក្រមសីលធម៌ពិធីករ-ពិធីការិនីតាមវិទ្យុ។ សិក្ខាសាលានេះ បានធ្វើឲ្យ យ៉ារេ ចាប់អារម្មណ៍ជាខ្លាំង ព្រោះជាការងារមួយដែលខ្លួនអាចធ្វើបាន ព្រោះមិនសូវប្រើប្រាស់ដៃជើងជាចាំបាច់។ ដោយឡែក ការប្រាថ្នា មិនបានសម្រេចព្រោះមិនឱកាសសម្រាប់យុវជនអា​យុ២០ឆ្នាំរូបនេះ។
 
អំឡុងពេលចូលរួមសិក្ខាសាលា ព្រឹទ្ធាចារ្យ ស្នាក់នៅវត្តថាន់មួយរូប បានចូលសួរ យ៉ារេ ថាចង់ចូលប្រឡូកក្នុងវិស័យកីឡាហែលទឹកទេ ហើយ យុវជននេះ ក៏សម្រេចទៅធ្វើតេស្ដហែលទឹកនៅស្ដាតអូឡាំពិក។ ពេលធ្វើតេស្ដដំបូង យ៉ារេ ត្រូវបានគណៈកម្មការជ្រើសរើស ឲ្យហែលសាកល្បង ៥០ម៉ែត្រ ហើយយុវជននេះ បានសម្រេចទី ទាំងត្រដាបត្រដួស។ 
 
កីឡាករ ពេជ្រ យ៉ារេ បានិយាយដូច្នេះ«ខ្ញុំ ចុះហែលទឹក ៥០ម៉ែត្រ។ ខ្ញុំ ដំបូងចេះតែហែលទៅ ហត់ណាស់។ គ្រូគាត់ប្រាប់ថា ដំបូងអ៊ីចឹងហើយ យូៗទៅលែងអីហើយ។»។
 
ចាប់តាំងពីធ្វើតេស្ដជាប់ក្នុងវិស័យកីឡារួច យ៉ារេ ត្រូវចាត់ចែកពេលវេលាហ្វឹកហាត់ផង និងសិក្សាផង ដោយរៀននៅពេលព្រឹក និងហ្វឹកហាត់នៅពេលល្ងាច។ យ៉ារេ បានអនុវត្តបែបនេះ រហូតបានចូលមកដល់រូបលោក ឡើងមករៀនឆ្នាំទី៣ លើជំនាញទីផ្សារ។ ប៉ុន្ដែ យ៉ារេ ត្រូវបានឈប់រៀន ត្រឹមឆ្នាំទី៣ ដោយគិតថា មិនមានស្ថាប័នការងារណា ត្រូវការរូបខ្លួន បូករួមទាំងកង្វះថវិការផងដែរ ហើយបែមកហាត់កីឡាវិញ ព្រោះចង់ក្លាយខ្លួនជាអត្ដពលិកឆ្នើម និងចង់រកថវិការខ្លះ បើកមុខរបរផ្ទាល់ខ្លួន។
 
លោក ពេជ្រ យ៉ារេ បាននិយាយប្រាប់ដូច្នេះថា៖«ខ្ញុំ បានបោះបង់ការសិក្សា ត្រឹមឆ្នាំទី ៣ផ្នែកទីផ្សារ ដោយសារ ខ្ញុំយល់ថា គ្មាន កន្លែងណា និងយកខ្ញុំ ទៅធ្វើការទេ ដោយសារការងារទាំងនោះ ត្រូវការធ្វើដំណើរ។ ហើយខ្ញុំ គិតទៀតថា ប្រសិនជាខ្ញុំ មកលេងកីឡាទៅ ប្រឹងធ្វើឲ្យបានល្អ និងមានប្រាក់ឧបត្ថម្ភផ្សេងៗ។ ហើយបើមានថវិការខ្លះ ខ្ញុំចង់បើករបររកស៊ី ចិញ្ចឹមជីវិតដោយខ្លួនឯង បាន។ ដូច្នេះ ខ្ញុំ ក៏ផ្ដោតលើការលេងកីឡានេះ ទៅ។»។ 
 
អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជារូបនេះ បានប្រាប់ទាំងអារម្មណ៍ជឿជាក់ និងជាសារដាស់តឿន ដល់មនុស្សគ្រប់គ្នាថា ជីវិត គឺជាការតស៊ូ។ អត្ដពលិករូបនេះ តែងយកការប្រឹងប្រែងធ្វើអ្វីមួយ ដើម្បីបញ្ជាក់ឲ្យមនុស្សគ្រប់គ្នាថា រូបលោក គឺមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើអ្វីមួយបាន ម្យ៉ាងវិញទៀត យ៉ារេ និងមិនបញ្ឈប់ការអភិវឌ្ឍខ្លួនព្រោះពាក្យមើលងាយអ្នកដទៃឡើយ។
 
«ខ្ញុំ ចង់បញ្ជាក់ឲ្យអ្នកនៅជុំវិញខ្លួនខ្ញុំ ឃើញថា ពេលខ្ញុំ មិនទាន់លេងកីឡារ គឺខ្ញុំទទួលសម្ពាធពីពួកគាត់ គាត់ថាប្រភេទពិការរបស់ខ្ញុំ គឺមិនអាចធ្វើអ្វី បានទេ ក្រៅពីនៅចាំផ្ទះ ពេលនោះ ខ្ញុំ គិតអំពីពាក្យគាត់ ហើយពិចារណា ថាខ្លួនខ្ញុំ ដូចពួកគាត់ថាអត់។ ពេលខ្ញុំ បានមករៀនមក ខ្ញុំ ស្គាល់មិត្តភក្ដិ ស្គាល់គេខាងក្រៅ មិនមែនដូចពួកគាត់ មិនមែនដូចពាក្យគាត់ថាទេ។

ពេលខ្ញុំ មករៀន ទើបខ្ញុំដឹងថា ខ្ញុំអាចធ្វើបានច្រើន ប៉ុន្ដែគ្រាន់តែអ្នកមានកាយសម្បទាគ្រប់គ្រាន់គាត់ធ្វើបានលឿន ចំណែកខ្ញុំ ធ្វើបានដែរ តែយឺតបន្ដិច។»។ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជារូបនេះ បាននិយាយទាំងសុទិដ្ឋិនិយមដូច្នេះ៕
 

Tag:
 ហែលទឹក
  ពេជ្រ យ៉ារេ
  អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com