អន្តរជាតិ
ក្រុមប្រទេស BRICS បង្ហាញភាពរឹងមាំដើម្បីប្រជែងបស្ចិមប្រទេស 
×![]()
រដ្ឋមន្ត្រីការបរទេសនៃក្រុម BRICS នាថ្ងៃទី១ ខែមិថុនាបានអះអាងពីមហិច្ឆតារបស់ប្លុកមួយនេះក្នុងការប្រជែងជាមួយមហាអំណាចលោកខាងលិច ដោយលើកឡើងពីភាពចាំបាច់ក្នុងការកែទម្រង់ប្រព័ន្ធបច្ចុប្បន្ន។ ប៉ុន្តែជំនួបត្រូវគ្របដណ្ដប់ដោយសំណួរជុំវិញវត្តមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅកិច្ចប្រជុំកំពូលខែសីហាដែលអាហ្វ្រិកខាងត្បូងជាម្ចាស់ផ្ទះព្រោះលោកមានដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ក្នុងកិច្ចប្រជុំក្រុម BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នាថ្ងៃទី១ ខែមិថុនា នៅទីក្រុង Cape Town រដ្ឋមន្ត្រីការបរទេសទាំង៥ប្រទេសសង្កត់ធ្ងន់លើការយកចិត្តទុកដាក់កសាងឥទ្ធិពលរបស់ប្លុកនេះនៅក្នុងប្រព័ន្ធពហុប៉ូល និងប្រជែងអំណាចរបស់លោកខាងលិច។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar បានលើកឡើងថា ប្រទេសជាច្រើននៅតែជួបភាពលំបាកខណៈជំនួយមានតិចពេក។ លោកក៏និយាយដល់តម្រូវការដើម្បីធ្វើកំណែទម្រង់ការសម្រេចចិត្តជាសកលរួមទាំងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
«វិធីចាស់មិនអាចដោះស្រាយស្ថានភាពថ្មីបានទេ។ យើងជានិមិត្តសញ្ញានៃការផ្លាស់ប្តូរ។ យើងត្រូវតែ ចាប់ផ្ដើមសកម្មភាព»។ លោក Jaishankar បានលើកឡើងបែបនេះ។
ទន្ទឹមនេះ សំណួរទាក់ទងនឹងដីកាចាប់ខ្លួនប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ក៏នៅតែជាប្រធានបទសំខាន់ទោះបីជាកាលពីចុងខែឧសភា អាហ្រ្វិកខាងត្បូងបានចេញអភ័យឯកសិទ្ធិការទូតដល់មេដឹកនាំទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Johannesburg ក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោកស្រី Naledi Pandor បាននិយាយថា អាហ្វ្រិកដែលជាសមាជិក ICC កំពុងពិចារណាជម្រើសចំពោះលោក ពូទីន ដែលជាកម្មវត្ថុនៃដីកាចាប់ខ្លួនឧក្រិដ្ឋកម្មសង្គ្រាមដែលចេញដោយ ICC។
«ចម្លើយគឺប្រធានាធិបតីលោក Cyril Ramaphosa នឹងបង្ហាញថាអ្វីជាជំហរចុងក្រោយរបស់អាហ្វ្រិកខាងត្បូង»។ លោកស្រីលើកឡើងបែបនេះរួចបន្តថា ការអញ្ជើញត្រូវបានបញ្ជូនដល់ប្រមុខរដ្ឋទាំងអស់នៃក្រុម BRICS រួចហើយ។
គួរបញ្ជាក់ថា តុលាការ ICC បានចោទប្រកាន់លោក ពូទីន កាលពីខែមីនាពីបទឧក្រិដ្ឋកម្ម សង្រ្គាមជុំវិញការជម្លៀសកុមារចេញពីទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានដណ្ដើមកាន់កាប់។ យ៉ាងណាមិញ ទីក្រុងមូស្គូបដិសេធការចោទប្រកាន់នេះ។ ប៉ុន្តែមកទល់ពេលនេះ លោក ពូទីន មិនបានបញ្ជាក់ពីការចូលរួមជំនួបនេះនៅឡើយ ឯវិមានក្រេមឡាំងបញ្ជាក់ថា រុស្ស៊ីនឹងចូលរួមក្នុងកម្រិតត្រឹមត្រូវមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com