សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ចង់ក្លាយជាសមាជិកក្លឹបរថយន្តថៃដើម្បីបង្កើនការផលិត
02, Jun 2023 , 2:05 pm        
រូបភាព
ការដាក់តាំងបង្ហាញរថយន្តអគ្គិសនីនៅថៃ ។ រូបភាពពី Xinhua ។
ការដាក់តាំងបង្ហាញរថយន្តអគ្គិសនីនៅថៃ ។ រូបភាពពី Xinhua ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) មានបំណងចង់ក្លាយជាសមាជិកនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) ដើម្បីជួយជំរុញឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងរីកចម្រើននៅថៃ។

 
លោក Surapong Paisitpatanapong អនុប្រធាន FTI និងជាអ្នកនាំពាក្យក្លឹបបាននិយាយថា សហព័ន្ធកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ហើយសង្ឃឹមថានឹងឈានដល់កិច្ចព្រៀមព្រៀងក្នុងពេលឆាប់ៗនេះ។
 
លោក Surapong បានបញ្ជាក់យ៉ាងដូច្នេះ ៖ « ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីភាគច្រើនមកពីចិន រួមទាំងក្រុមហ៊ុនដែលបានប្រកាសរួចហើយនូវផែនការវិនិយោគនៅថៃ ក៏ដូចជាអ្នកចំណូលថ្មីកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការក្លាយជាសមាជិកនៃក្លឹបឧស្សាហកម្មរថយន្ត »។ 
 
​ក្រុមហ៊ុនផលិតរថយន្តមកពីជប៉ុន អឺរ៉ុប និងអាម៉េរិក គឺជាសមាជិកបច្ចុប្បន្ននៃក្លឹប ហើយដើរតួយ៉ាងសំខាន់ក្នុងការជំរុញឧស្សាហកម្មនៅក្នុងថៃ។ ប្រសិនបើមានការព្រមព្រៀងដាក់បញ្ចូលក្រុមហ៊ុនចិន នឹងអាចឱ្យថៃមានសមត្ថភាពផលិតរថយន្តបន្ថែម ១០០ពាន់គ្រឿងក្នុងមួយឆ្នាំ។ នេះការអះអាងរបស់លោក Surapong Paisitpatanapong ។ 
 
បើតាមការព្យាកររបស់ក្លឹបឧស្សាហកម្មរថយន្ត ថៃនឹងផលិតរថយន្តសរុបចំនួន ១,៩៥លានគ្រឿងនៅឆ្នាំនេះ បើទោះបីជាមានការធ្លាក់ចុះនៃទិន្នផលនៅក្នុងខែមេសាក៏ដោយ។កាល​ពី​ឆ្នាំ​មុន ផលិតកម្ម​រថយន្ត​មាន​ចំនួន​សរុបត្រឹមតែ ១,៨៨ លាន​គ្រឿង។
 
ចំនួនរថយន្តដែលថៃបានផលិតក្នុងខែមេសាឆ្នាំនេះ បានថយចុះ ០,១៣ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុនមានត្រឹមតែ ១១៧ ៦៣៦គ្រឿង ដោយសាររដូវកាលចូលឆ្នាំថ្មី និងការធ្លាក់ចុះនៃការលក់ក្នុងស្រុកជាពិសេសសម្រាប់ប្រភេទរថយន្តភីកអាប់។ ចំណែកចាប់ពីខែមករាដល់ខែមេសា ការផលិតរថយន្តបានកើនឡើង ៤,៦១ភាគរយបើធៀបពេលដូចគ្នានាឆ្នាំមុន មានចំនួន ៦២៥ ៤២៣គ្រឿង៕
 

Tag:
 ថៃ
  រថយន្តអគ្គិសនី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com