ជាតិ
នយោបាយជាតិ
សម្តេច ទៀ បាញ់ និងរដ្ឋមន្រ្តីការពារជាតិប្រទេសដទៃទៀត ទៅជុំគ្នានៅសិង្ហបុរី ដើម្បីនិយាយពីសន្តិសុខ សម្តេច ទៀ បាញ់ ពេលទៅដល់ព្រលានយន្តហោះភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ (រូបពីក្រសួងការពារជាតិ)។
× សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំស្តីពីសន្តិសុខអាស៊ីលើកទី២០ ជាមួយបណ្តារដ្ឋមន្រ្តីការពារជាតិផ្សេងទៀត មកពីប្រទេសជាសមាជិកអាស៊ាន។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា។
គួរកត់សម្គាល់ថា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសមហាអំណាចទំាង២ គឺអាម៉េរិក និងចិន នឹងចូលរួមក្នុងកិច្ចប្រជុំខាងលើនេះដែរ។ តាមរយៈកិច្ចប្រជុំនេះ បណ្តារដ្ឋមន្រ្តីការពារជាតិ នឹងពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ រួមមាន បញ្ហាឥណ្ឌា-បាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខ សន្តិសុខនៃប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍនៃសមត្ថភាពយោធា និងការធ្វើសមតុល្យភាពក្នុងតំបន់ ជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា សម្តេច ទៀ បាញ់ នឹងថ្លែងសុទ្ទរកថា ដោយផ្តោតលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទី ក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។
បើតាមក្រសួងការពារជាតិកម្ពុជាដដែល សម្តេច ទៀ បាញ់ នឹងមានជំនួបទ្វេភាគីដាច់ដោយឡែក ជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសមួយចំនួនផងដែរ ដូចជា រដ្ឋមន្រ្តីការពារជាតិចិន រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី និងរដ្ឋមន្រ្តីការពារជាតិសិង្ហបុរី អាទិ៍៕
Tag:
ទៀ បាញ់
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com