សៀមរាប៖ លើសពីជំនាញបច្ចេកទេស ភាពអត់ធ្មត់ និងសេចក្ដីស្រឡាញ់ ជាចំណុចតូចៗ តែសំខាន់ របស់អ្នកអភិរក្ស និងជួសជុល វត្ថុបុរាណធ្វើពីលោហៈ នៃអាជ្ញាធរជាតិអប្សរា។ ការងារជាអ្នកអភិរក្ស សម្រាប់មន្ត្រីអភិរក្សប្រៀបដូចជាការមើលថែទារក និងជាការងារដែលមិនចេះចប់ មិនចេះហើយ។
តទៅនេះសូមលោកអ្នកនាង ទស្សនាវីដេអូ ដែលរៀបចំដោយ លោក ស៊ុល រ៉វី ដូចតទៅ៖
សភាពស្ងប់ស្ងាត់ ក្នុងបន្ទប់ធំល្មមមួយ រួមនឹងស្ត្រី៣នាក់ កំពុងផ្ចង់អារម្មណ៍នឹងការងារ។ ទីនេះជាបន្ទប់អភិរក្សវត្ថុបុរាណធ្វើពីលោហៈ ក្នុងសារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ ក្រុងសៀមរាប។ សកម្មភាពឆ្កឹះដី ដែលជាប់នៅលើរូបចម្លាក់ ដែលយើងអាចសន្និដ្ឋានបានថា ជារូបបដិមា ដែលរកឃើញពីកំណាយ នៅទំនប់ស្រះស្រង់ កាលពីពេលថ្មីៗនេះ។
សកម្មភាពឆ្កឹះដីចេញម្ដងបន្តិចៗរបស់ស្ត្រីអ្នកអភិរក្សវត្ថុបុរាណ ពិតជាខាតពេលវេលា និងធ្វើឱ្យខ្ញុំធុញទ្រាន់ នឹងសកម្មភាពទាំងនេះណាស់។ ហេតុអ្វីក៏ពួកគេ មិនព្រមយកបដិមាទាំងនោះ ទៅត្រាំទឹកទៅ ឬប្រើប្រាស់សារធាតុគីមី ដើម្បីជម្រះដី ស្និម ច្រែះ នោះទៅវាងាយស្រួល និងចំណេញពេលវេលាជាង?
«អ្នកខ្លះគាត់មកមើលគាត់ថារបស់ហ្នឹងសុទ្ធតែដី ម៉េចមិនត្រាំទឹកទៅ ត្រាំទឹកទៅឱ្យវារីកទៅលឿន។ យើងធ្វើអ៊ីចឹងអត់បានទេ។ គឺយើងថ្មមបំផុត បើយើងហ៊ានតែខ្លាំង ដាច់ដល់សាច់ខាងក្នុង។ គឺយើងមើលថែប្រៀបដូចកូនង៉ែតតូច ដែលទើបនឹងកើត គឺយើងថ្មមដូចគ្នាអ៊ីចឹង»។ នេះជាការលើកឡើងរបស់ អ្នកស្រី បេ ស៊ីនួន មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា។
អ្នកស្រី ស៊ីនួន ជាបុរាណវិទ្យា និងមានជំនាញអភិរក្សវត្ថុបុរាណពីលោហៈ ប្រមាណ១០ឆ្នាំមកហើយ នៃអាជ្ញាធរជាតិអប្សរា។ ឆ្លងកាត់បទពិសោធន៍យូរឆ្នាំ លើការងារអភរិក្សនេះ អ្នកស្រីថា ការងារនេះ ជាការងារដែលត្រូវការអត់ធ្មត់ និងស្រឡាញ់ លើសពីមានជំនាញបច្ចេកទេស។
វត្ថុបុរាណធ្វើពីលោហៈ អាចខូចខាតគ្រប់ពេល ប្រសិនបើអ្នកអភិរក្សធ្វេសប្រហែស និងអាចបន្ថែមជំងឺទៅលើវត្ថុបុរាណទាំងនោះទៀតផង។ «ជំងឺលើលោហៈ»ទាំងនេះ គឺខ្ញុំចង់សំដៅលើការប្រេះ បាក់បែក ស្និម ច្រែះ ដែលកើតមានលើវត្ថុបុរាណទាំងនោះ ដែលបានកប់ក្នុងដី ជាច្រើនឆ្នាំមកហើយនោះ។
វត្ថុសិល្បៈជាច្រើន ដែលយើងបានឃើញដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ គឺមិនមែនស្អាតស្រាប់នោះទេ។ ពេលខ្លះវត្ថុទាំងនោះ ត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើន ដើម្បីអាចយកមកតាំងបង្ហាញបាន។ ហើយអ្នកដែលចំណាយពេល និងវត្ថុនេះច្រើនជាងគឺ «អ្នកអភិរក្ស»នេះឯង។
បន្ទាប់ពីកំណាយឃើញនូវវត្ថុបុរាណទាំងនោះ តើអ្នកជំនាញអភិរក្សត្រូវធ្វើខ្លះ?
អ្នកស្រី ស៊ីនួន ពន្យល់ថា៖ «មុនពេលយើងយកមកសម្អាត គឺយើងត្រូវស្រាវជ្រាវឯកសារទាក់ទងនឹងប្រវត្តិសិល្បៈ ថតរូបគ្រប់ជ្រុងជ្រោយនៃរូប (ដែល) ខូចខាតហើយ យើងបញ្ចូលទិន្នន័យទៅក្នុងកំព្យូទ័រ។ បន្ទាប់មកទៀតយើងដល់ដំណាក់កាលនៃការសម្អាត»។
បើនិយាយពីការសម្អាត និងជួសជុល ក៏ត្រូវការពេលវេលាច្រើនផងដែរ គឺអាចឈានដល់ច្រើនសប្ដាហ៍ឯណោះ ទៅតាមទំហំ និងស្ថានភាពនៃវត្ថុនោះ។ អ្នកស្រីថា៖ «យើងចំណាយពេលយូរ មិនថាវត្ថុតូច វត្ថុធំ ទៅតាមជំងឺ។ យើងអត់អាចកំណត់ថាវត្ថុតូចនេះ ធ្វើ៣ថ្ងៃហើយ ឬវត្ថុធំមួយអាទិត្យហើយទេ គឺទៅតាមជំងឺនៃវត្ថុ»។
ឧបករណ៍ចម្បងៗ ដែលអ្នកអភិរក្ស នៅក្នុងបន្ទប់នេះប្រើប្រាស់គឺមានជក់, ឧបករណ៍ពង្រីក (digital microscope), កូនកាំបិតវះកាត់ (scalpel blade), ម៉ាស៊ីនសម្អាតដោយសំឡេងរំញ័រ(ultrasonic machine) ទឹកគ្មានសារធាតុរ៉ែ និងសារធាតុគីមីមួយចំនួនទៀត ដើម្បីសម្អាតភាពច្រែះ ស្និម និងកាវ ដើម្បីបិទផ្គុំបំណែកដែលបាក់បែកនៃវត្ថុទាំងនោះ។
ជំហានដំបូងគេបង្អស់បន្ទាប់ពីវត្ថុបុរាណ មកដល់កន្លែងអភិរក្ស គឺការការថតរូបគ្រប់ផ្នែកទាំងអស់នៃវត្ថុ មុននឹងដល់ជំហានសម្អាត។ បន្ទាប់ពីថតរូបរួច អ្នកអភិរក្សគឺប្រើប្រាស់ឧបករណ៍មួយប្រភេទ ដែលអាចឱ្យយើងដឹងថា វាជាឧបករណ៍ពង្រីក។ ការប្រើប្រាស់ឧបករណ៍នេះ គឺដើម្បីមើលថាតើវត្ថុនោះ មានជំងឺអ្វី ខូចខាតអ្វីខ្លះ ដើម្បីឈានដល់ការសម្អាត ទៅតាមស្ថានភាពនៃវត្ថុនោះ។
អ្នកស្រី បេ ស៊ីនួន ពន្យល់បន្ថែម៖ «ចាប់ផ្ដើមនៃដំណាក់កាលសម្អាត។ (ការ)សម្អាតបែងចែកចេញជា២ គឺសម្អាតស្ងួតនិងសម្អាតសើម។ សម្អាតស្ងួត គឺយើងគ្រាន់តែយកជក់បោស យកស្កាប៉ែល (scalpel blade) ដើម្បីសម្អាតដី ហើយសម្អាតសើម គឺយើងប្រើទឹកគ្មានជាតិរ៉ែ»។
ដំណាក់កាលសម្អាត ជាដំណាក់កាលដែលអ្នកអភិរក្សអត់ធ្មត់បំផុត។ អ្នកអភិរក្សប្រើកូនកាំបិតយកមកកេះៗ ដីក្ដាំងដែលនៅជាប់លើរូបបដិមា ម្ដងបន្តិចៗ ដោយថ្មមៗ ដោយមិនបង្ខំនោះឡើយ។ ទាំងភ្នែក អារម្មណ៍ ខួរក្បាល ដៃ គឺប្រុងប្រយ័ត្ន។ បើពុំនោះទេ នឹងអាចធ្វើឱ្យវត្ថុនោះខូចខាត និងបាត់បង់សភាពដើម កាន់តែច្រើន។
ការប្រើប្រាស់កូនកាំបិត តែមួយមុខមិនទាន់អាចឱ្យវត្ថុនោះស្អាតនៅឡើយនោះទេ គឺត្រូវការឧបករណ៍សំឡេងរំញ័រទៀត ដើម្បីសម្អាតចាក់ជ្រៅទៅកាន់ចន្លោះតូចៗ នៅលើរូបបដិមា។ ប្រសិនបើការសម្អាតនោះ មិនអាចសម្អាតបាន ទើបអ្នកអភិរក្សប្រើប្រាស់ទឹក ហើយការប្រើប្រាស់ទឹកនេះ គឺគ្រាន់តែយកសំឡី ផ្សើមទឹក និងយកមកផ្តិតតិចៗ លើវត្ថុបុរាណតែប៉ុណ្ណោះ។
លើសពីការប្រើប្រាស់ទឹកគ្មានសារធាតុរ៉ែ អ្នកអភិរក្ស ក៏ប្រើប្រាស់សារធាតុគីមីមួយចំនួនទៀតផងដែរ ដើម្បីសម្អាតច្រែះ និងស្និម ដែលជាប់នឹងរូបបដិមា។ អ្នកស្រី ស៊ីនួន លើកឡើងថា៖ «ប្រើម៉ាស៊ីនហ្នឹង (ultrasonic machine) ដោយសារថា យើងប្រើស្កាប៉ែល ឆ្កឹះកំណកដីក្ដាំងហ្នឹងអត់ចេញទេ ដូច្នេះយើងប្រើម៉ាស៊ីនហ្នឹងឯង។ យើងប្រើប្រាស់សមាសធាតុគីមី ដើម្បីលាប។ បើវា(រូបបដិមា)ឡើងស្និមពណ៌ខៀវ(បៃតង) យើងត្រូវប្រើសមាសធាតុគីមីអី។ បើឡើងច្រែះដើម្បីបញ្ឈប់ការឡើងច្រែះហ្នឹង»។
ជំហានចុងក្រោយគឺការបិទផ្គុំវត្តុទាំងនោះ ប្រសិនបើវាបាក់បែក ឬសញ្ជែកសាច់ពីគ្នាជាដើម។ ការបិទផ្គុំនេះ គឺអ្នកជំនាញប្រើកាវ ឬបើធ្ងន់ធ្ងរ ឬវត្ថុនោះធំពេក គឺគេប្រើវិធីសាស្ត្រភ្ជាប់ដោយប្រើប្រាស់ដែកជាដើម។ អ្នកស្រីពន្យល់៖ «ដូចថារបស់ហ្នឹងប្រេះ យើងប្រើផលិតផល(កាវ)ដើម្បីបិទ។ បើសិនជាបាក់ខ្លាំង យើងមានតផ្គុំឡើងវិញ ហើយបើយើងតអត់កើត យើងត្រូវការស្វានដាក់បន្លួញតូចមួយ(ភ្ជាប់)។
បន្ទាប់ពីសង្កេតមើលជំងឺលើវត្ថុបដិមា និងអភិរក្ស ឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងរួចមក ជំហានចុងក្រោយ គឺការលាបក្រមួនទៅលើវត្ថុបុរាណទាំងនោះ។ ការលាបក្រមួននេះ គឺដើម្បីថែរក្សាវត្ថុទាំងនោះ ពីបរិយាកាសដែលអាចធ្វើឱ្យពួកវា កើតជំងឺ ច្រែះ ឬឡើងស្និម ជាថ្មីឡើងវិញ។
យ៉ាងណាការសម្អាត និងជួសជុល គឺត្រូវធ្វើទៅតាមបច្ចេកទេស បើពុំនោះទេ អាចនឹងធ្វើឱ្យវត្ថុទាំងនោះអាចខូចខាតឡើងវិញ។ ហើយការរក្សាទុកនៃវត្ថុទាំងនោះក៏ជារឿងសំខាន់ផងដែរ។
ជុំវិញការទុកដាក់នេះ អ្នកស្រី បេ ស៊ីនួន ពន្យល់ថា៖« សីតុណ្ហភាព និងសំណើម គឺយើងត្រូវធ្វើទៅតាមស្តង់ដារ ទើបអត់មានឡើងជំងឺឡើងវិញ។ ដូចជាលោហៈអ៊ីចឹង សីតុណ្ហភាពយើងដាក់២០អង្សាសេ ហើយសំណើមពី៤០ ទៅ៤៥ ដោយប្រើប្រាស់ឧបករណ៍វាស់សំណើម»។
ការងារជាអ្នកអភិរក្សវត្ថុបុរាណពីលោហៈ ជាការងារដែលអត់ធ្មត់ និងប្រើប្រាស់បេះដូង។ ត្រង់ចំណុចអ្នកស្រី ស៊ីនួន និយាយថា៖ «ទាមទារឱ្យយើងម្នាក់ៗស្រឡាញ់ ហើយនឹងពេញចិត្តមែនទែន ក្នុងការធ្វើអាហ្នឹង ហើយមានភាពអត់ធ្មត់»។ អ្នកស្រីបន្ត៖ «ព្រោះថារូបខ្លះតូច ស្ដើង ហើយដីក្រាំងខ្លាំង ហើយបើយើងថា ធ្វើៗទៅ បើធ្វើមិនកើត គឺអត់កើតតែម្ដង គឺរូបនោះមិនទៅមុខទេ។ ដូច្នេះគឺទាមទារ ការស្រឡាញ់ពីក្នុងខ្លួនយើងដែរ»។
ជាស្ត្រីមួយរូប ក្រោមតួនាទីជាអ្នកអភិរក្ស ជួសជុលវត្ថុបុរាណធ្វើពីលោហៈ ខ្លួនមានមោទកភាព ដែលបានឱ្យវត្ថុបុរាណកប់ក្នុងដីមើលមិនយល់នោះ មានជីវិតនិងបង្ហាញរូបរាងម្ដងទៀត ដើម្បីឱ្យសាធារណជនបានឃើញ និងចងក្រងជាឯកសារដល់កូនចៅជំនាន់ក្រោយ៕