អន្តរជាតិ
ចិន​ព្រមាន ក្រោយអាម៉េរិកនិង​តៃវ៉ាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី​
02, Jun 2023 , 4:21 pm        
រូបភាព
អាម៉េរិក និង​តៃវ៉ាន់នៅថ្ងៃទី១ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ យ៉ាងណាមិញ សកម្មភាពនេះបានជំរុញឱ្យចិនបង្ហាញការខឹងសម្បារ និងព្រមានចំៗលើអាម៉េរិក។



កិច្ចព្រមព្រៀងថ្មីរវាងអាម៉េរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សរ៍នៅទី ២១ ផ្ដោតសំខាន់លើការជំរុញពាណិជ្ជកម្មដោយមានការសម្រួលការត្រួតពិនិត្យពីពន្ធគយ ការកែលម្អនីតិវិធីបទប្បញ្ញត្តិ និងការបង្កើតវិធានការប្រឆាំងអំពើពុករលួយផ្នែកពាណិជ្ជកម្មរវាងភាគីអាម៉េរិក និងតៃវ៉ាន់។ 
 
ថ្វីបើ​គ្មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ភាគីទាំង២បានរក្សាទំនាក់ទំនងក្រៅផ្លូវការតាមរយៈវិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់។ លើសពីនេះ អាម៉េរិកក៏ជាដៃគូរពាណិជ្ជកម្មដ៏ធំមួយរបស់តៃវ៉ាន់ផងដែរ។ 
 
បើតាមការលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកនៅថ្ងៃទី១ ខែមិថុនា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ត្រូវបានចុះហត្ថលេខាដោយតំណាងភាគីអាម៉េរិកនៅតៃវ៉ាន់ ​និងការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិនៅអាម៉េរិក។
 
កិច្ចព្រមព្រៀងនេះមានបំណងពង្រឹង និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅ។ លោក Sam Michel អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
«យើងសូមអរគុណដៃគូតៃវ៉ាន់ដែលបានជួយយើងឱ្យឈានដល់ដំណាក់កាលដ៏សំខាន់នេះ ហើយទន្ទឹងរង់ចាំការចរចានាពេលខាងមុខលើផ្នែកពាណិជ្ជកម្មបន្ថែមក្នុងដំណាក់កាលបន្ទាប់ទៀត»។ លោក Michel បានលើកឡើងបែបនេះ។ 
 
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ភាគីចិនបានបង្ហាញភាពខឹងសម្បារទៅកាន់ទី​ក្រុង​វ៉ាស៊ីនតោន ដោយចាត់ទុក​ការ​ចុះ​ហត្ថលេខានេះមាន​អត្ថន័យគាំទ្រអធិបតេយ្យភាពតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning ក៏បានព្រមានអាម៉េរិកថា កុំព្យាយាមបញ្ជូនសញ្ញាខុសទៅកងកម្លាំងឯករាជ្យតៃវ៉ាន់ក្នុងនាមធ្វើពាណិជ្ជកម្ម?
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com