កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនីបាល់បោះរទេះកម្ពុជា៖ សមត្ថភាព និងបច្ចេកទេសដូចគ្នា តែយើងត្រូវប្រើបញ្ញា ទើបអាចឈ្នះមេដាយមាស
03, Jun 2023 , 3:42 pm        
រូបភាព
ក្រុមបាល់បោះរទេះនារីកម្ពុជា បានការពារតំណែងមេដាយមាសបានសម្រេច ក្រោយយកឈ្នះថៃ ១១-៩ លើវិញ្ញាសា ៣ទល់៣នាក់ នាព្រឹកថ្ងៃទី៣ មិថុនា នៅសាលរោងដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ កីឡាការិនីបាល់បោះកម្ពុជា ដែលសម្រេចបានមេដាយមាសជូនជាតិ រួមមាន កីឡាការិនី អាន ស៊ីណែត, ស៊ឹម ដា , ឡាយ សាវរី , ភឿង ភ័ស្ត និង សាន រដ្ឋា។


 
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ កីឡាការិនី ឡាក់ សាវរី មានអារម្មណ៍ថា មានសម្ពាធសម្រាប់ខ្លួនឯង ដែលដើរតួនាទី ជាអ្នករកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជា ។ ជាពិសេសនៅពេលដែល សាវរី ឮសំឡេងអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រាវ នៅខាងក្រៅទីលាន។ ប៉ុន្តែ សាវរី បានប្រឹងប្រែងប្រមូលអារម្មណ៍ ដើម្បីផ្ចង់លើការប្រកួត រហូតដល់សម្រេចបានលទ្ធផលជោគជ័យក្នុងសម្រាប់ក្រុម។ 
 
ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កីឡាការិនីបាល់បោះនារីរូបនេះ បានបញ្ជាក់ថា ៖«នៅពេលយើងផ្ចង់គិតទៅលើតែត្រក ហើយនិងបាល់ គឺយើងអត់ឮអ្វីផ្សេងទាំងអស់ ទោះចង់ស្រែកនៅខាងក្រៅ វាយស្គរអី ក៏ខ្ញុំអត់ឮដែរ ព្រោះខ្ញុំផ្ដោតទៅលើតែត្រក ហើយនិងបាល់។ យើងអត់មានអារម្មណ៍វៀចវេរ គឹយើងស៊ុតបានល្អ យើងស៊ុតអត់ភ័យសោះ។
 
ដោយឡែកកីឡាការិនី ស៊ឹម ដា វិញ ក៏បានរួមចំណែកនៃជ័យជម្នះមេដាយមាសរបស់កម្ពុជាដែរ។ ស៊ឹម ដា មិនសូវពូកែបោះបាល់បញ្ចូលទី ឬត្រក់ ឡើយ ប៉ុន្តែ ស៊ឹម ដា មានជំនាញមួយ គឺការពារគូបដិបក្ខ រកគ្រាប់បាល់។ សម្រាប់ ស៊ឹម ដា ក្រុមបាល់បោះនារីថៃ ជាក្រុមដែលមានកម្រិតសមត្ថភាពខ្លាំង។ បើតាម ស៊ឹម ដា ការយកឈ្នះគូប្រកួត ត្រូវពឹងផ្អែកលើប្រាជ្ញាឱ្យខ្លាំង ជាងបច្ចេកទេស។
 


«ក្នុងការលេង គឺមានបច្ចេកទេសដូចៗគ្នាទេ សំខាន់គឺការប្រើបញ្ញារបស់យើងដែរ បើបញ្ញាយើងលើសគាត់ យើងអាចចាប់ពួកគាត់ និងបញ្ជូនបាល់បានល្អ ហើយរួមទាំងការរហ័សរហួនរបស់យើង បច្ចេកទេសរបស់យើង យើងអាចធ្វើអ្វីដែលយើងចង់បាន យើងអាចការពារពួកគាត់បាន។ ចំណុចហ្នឹងហើយ ដែលយើងអាចយកឈ្នះគេបាន»។ នេះបើតាមកីឡាការិនីបាល់បោះនារីកម្ពុជា ដែលដើរតួនាទីជាអ្នកការពារគូបដិបក្ខ។ 
 
ដោយឡែកក្រុមបាល់បោះនារីឡាវ បានមេដាយសំរឹទ្ធ ក្រោយយកឈ្នះលើក្រុមហ្វីលីពីន ។
 
កាលពីឆ្នាំ២០២២ ក្រុមនារីកម្ពុជា ដែលជាម្ចាស់ការពារតំណែងមេដាយមាស ក៏បានឈ្នះក្រុមថៃ លើប្រភេទកីឡាបាល់បោះលើរទេះវិញ្ញាសា៣ទល់៣ នាវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែរ។
 

© រក្សាសិទ្ធិដោយ thmeythmey.com