អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិ​អាម៉េរិកប្រាប់ចិនឱ្យបើកផ្លូវសម្រាប់ជំនួបវិញ​ដើម្បី​បញ្ចៀស​វិបត្តិ
03, Jun 2023 , 5:40 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅថ្ងៃទី៣ ខែមិថុនា បានលើកឡើងពីការព្រួយបារម្ភរបស់លោកចំពោះការមិនមានឆន្ទៈរបស់ចិនដើម្បីគ្រប់បញ្ហា។ លោក អូស្ទីន បញ្ជាក់ថា កិច្ចពិភាក្សាជាគន្លឹះសំខាន់ដើម្បីជៀសវាងជម្លោះរវាងភាគីទាំងពីរ។



ខណៈភាគីអាម៉េរិកបានអំពាវនាវជាច្រើនដងឱ្យមានពិភាក្សា​ ចិនបានច្រានចោល ស្របពេលទំនាក់ទំនងទ្វេភាគីស្ថិតនៅចំណុចទាបបំផុត ដ្បិតភាគីទាំងពីរបានប៉ះទង្គិចលើបញ្ហាជាច្រើន។ 
 
នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិសុខអាស៊ី Shangri-La រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន និយាយថា ការទាក់ទងគ្នាដោយបើកចំហររវាងរដ្ឋមន្ត្រីការពារជាតិ និងយោធារបស់អាម៉េរិកនិងចិន ជារឿងសំខាន់ណាស់ ដើម្បីជៀសវាងជម្លោះ និងពង្រឹងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
 
«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែលចិនមិនមានឆន្ទៈក្នុងការចូលរួមយ៉ាងយកចិត្តទុកដាក់លើការពង្រឹងយន្តការសម្រាប់ការគ្រប់គ្រងវិបត្តិរវាងយោធាទាំងពីរ»។ លោក អូស្ទីន បញ្ជាក់បែបនេះនៅថ្ងៃទី៣ ខែមិថុនាបែបនេះ។ លោកក៏បានសង្កត់ធ្ងន់ថា ការពិភាក្សារិតតែច្រើន នឹងអាចធ្វើឱ្យភាគីទាំងពីរជៀសវាងការយល់ច្រឡំ និងការគណនាខុសដែលអាចនាំទៅរកវិបត្តិ ឬជម្លោះ។ 
 
គួរបញ្ជាក់ថា​ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានបដិសេធសំណើជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាម៉េរិកក្នុងកិច្ចប្រជុំកំពូលសន្តិសុខនេះ។ លោក Li ត្រូវបានអាម៉េរិកដាក់ទណ្ឌកម្មតាំងពីឆ្នាំ២០១៨ មកពាក់ព័ន្ធនឹងការទិញអាវុធពីរុស្ស៊ី។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Liu Pengyu អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោននៅថ្ងៃទី២ ខែមិថុនាបានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា ការពិភាក្សារវាងភាគីចិននិងអាម៉េរិកធ្វើឡើងក្នុងគោលបំណងចង់ឱ្យភាគីទាំងពីរកាន់តែយល់ពីគ្នា។ យ៉ាងណាមិញ លោក Liu Pengyu បានចោទសួរពីភាពស្មោះត្រង់ និងសារសំខាន់នៃការពិភាក្សានេះ ស្របពេលដែលអាម៉េរិកដែលអះអាងថាខ្លួនចង់និយាយជាមួយភាគីចិន ប៉ុន្ដែកំពុងគាបសង្កត់ចិនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាននិងបន្តដាក់ទណ្ឌកម្មលើមន្ត្រី ស្ថាប័ន និងក្រុមហ៊ុនរបស់ចិន៕

Tag:
 (ចិន
  អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com