អន្តរជាតិ
កូរ៉េ​ខាង​ត្បូង​ថា ប្រទេសខ្លះកន្តើយទង្វើ​ខុស​ច្បាប់​របស់​កូរ៉េ​ខាងជើង
03, Jun 2023 , 7:40 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី៣ ខែមិថុនា បានព្រមានថា ការព្រងើយកន្តើយរបស់ប្រទេសមួយចំនួនចំពោះអាកប្បកិរិយាខុសច្បាប់របស់កូរ៉េខាងជើង បានធ្វើឱ្យទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) បាត់បង់ប្រសិទ្ធភាព។


កូរ៉េខាងជើងនាពេលថ្មីៗនេះ បានបង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាលើកដំបូងរបស់ខ្លួន។ សកម្មភាពនេះ បានបង្កឱ្យអាម៉េរិកនិងសម្ព័ន្ធមិត្តមិនពេញចិត្តជាខ្លាំង និងប្រកាសថ្កោលទោសទៀតផង។ លើសពីនេះ អាម៉េរិកក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាបន្ទាន់ផងដែរ។ 
 
យ៉ាងណាមិញ ចិន និងរុស្ស៊ីនៅថ្ងៃទី២ ខែមិថុនាហាក់បានព្រងើយកន្តើយនឹងការអំពាវនាវរបស់អាម៉េរិកឱ្យក្រុមប្រឹក្សាសន្តិសុខថ្កោលទោសកូរ៉េខាងជើងចំពោះការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបនាពេលថ្មីៗនេះ។ លើសពីនេះទាំងចិន និងរុស្ស៊ីបានបន្ថែមថាការអំពាវនាវឱ្យមានការថ្កោលទោសរបស់អាម៉េរិកនេះ នឹងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
 
ក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិសុខអាស៊ី Shangri-La​ Dialogue នៅសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Lee Jong-sup បានលើកឡើងថា ការព្រងើយកន្តើយរបស់ប្រទេសមួយចំនួនចំពោះអាកប្បកិរិយាខុសច្បាប់របស់កូរ៉េខាងជើង បានធ្វើឱ្យការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងដែលបានអនុម័តនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាត់បង់ប្រសិទ្ធភាព។ 
 
«ការជ្រើសរើសមិន​អើពើចំពោះអាកប្បកិរិយាខុសច្បាប់របស់កូរ៉េខាងជើង នឹងប៉ះពាល់ដល់សន្តិសុខ មិនត្រឹមតែនៅឧបទ្វីបកូរ៉េទេ តែក៏ប៉ះពាល់ដល់តំបន់ប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលផងដែរ»។​ លោក Lee បានសង្កត់ធ្ងន់បែបនេះ។ 
 
បើទោះបីជាបាញ់បង្ហោះផ្កាយរណបនេះមិនទទួលបានជោគជ័យក្តី កូរ៉េខាងជើងបានសន្យានឹងបន្តបាញ់បង្ហោះទៀតនៅពេលឆាប់ៗ៕

Tag:
 (កូរ៉េខាងត្បូង
  កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com