ជាតិ
អាជ្ញាធរជាតិអប្សរា ពិភាក្សាពីការប្រែប្រួលអាកាសធាតុ ដែលអាចប៉ះពាល់ដល់បេតិកភណ្ឌ
07, Jul 2023 , 7:59 pm        
រូបភាព
បរិវេណមុខប្រាសាទអង្គរវត្តថតពីលើអាកាស។ រូបភាពពីអាជ្ញាធរជាតិអប្សរា
បរិវេណមុខប្រាសាទអង្គរវត្តថតពីលើអាកាស។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់ជុំវិញការ  
ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ដល់បេតិកភណ្ឌ តាមរយៈ​ការ​ចូលរួម​​ចំណែកផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងផ្សេងៗ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយស្តីពី ការកំណត់​អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធអំពីការប្រែប្រួលអាកាសធាតុ និងការបន្សុំានៅតំបន់​បេតិកភណ្ឌ ដោយផ្តោតសំខាន់ទៅលើ ការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការប្រែប្រួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយ​នឹងបេតិកភណ្ឌ។
 

កិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុបង្កផលប៉ះពាល់ដល់បេតិកភណ្ឌ

ថ្លែងក្នុងកិច្ចប្រជុំដែលរៀបចំនៅថ្ងៃទី៦ កក្កដា លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិអប្សរា ថ្លែងថាការប្រែប្រួលអាកាសធាតុ គឺជាបាតុភូតទូទៅ​សម្រាប់សាកលលោក​ទាំងមូល មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាមួយនោះឡើយ។ យ៉ាងណា គេក៏ត្រូវមាន​វិធានការគ្រប់គ្រងល្អប្រសើរ និងសមស្របផងដែរ ដើម្បីបង្ការពីផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងតំបន់ បេតិកភណ្ឌ។ 
 
លោកបានបន្តទៀតថា ជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់​ទៅលើវិធានការមួយច្បាស់លាស់ ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនេះ ដែលអាចប៉ះពាល់ជាវិជ្ជមានទៅលើរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក មានដូចជា សកម្មភាពថែរក្សាទេសភាពវប្បធម៌ មានទាំងប្រាសាទ ទឹក និងព្រៃឈើរួមបញ្ជូលគ្នា។
 
ជាក់ស្តែង សកម្មភាពដាំដើមឈើឡើងវិញនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានធ្វើឡើង​ជារៀងរាល់ឆ្នាំ។ រហូតមកដល់បច្ចុប្បន្ន ការបណ្ដុះ និងដាំដើមឈើឡើងវិញ សម្រេចបាន​ប្រមាណ២លានដើមហើយ។ បន្ថែមពីនេះ ក៏មានការចែកជូនកូនឈើ ជូនសាធារណៈជន​ទូទៅយកទៅដាំដុះបន្តដោយឥតគិតថ្លៃផងដែរ។​ នេះជាតាមខ្លឹមសារ ដែលផ្សាយក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៦ កក្កដា។ 
 
 មន្រ្តីដដែលបានបញ្ជាក់ថា ក្រៅពីនោះអាជ្ញាធរជាតិអប្សរា​បាន​ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ​ពីបុរាណ ដូចជាត្រពាំងបុរាណ ការស្តារនិងបញ្ជូលទឹកក្នុងកសិន្ធុធំៗនៅក្នុងតំបន់អង្គរ។ បន្ថែមពីនេះ ក៏កំពុងរៀបចំដាក់ទឹកឡើងវិញនៅបារាយណ៍លលៃ និងបារាយណ៍ខាងកើតផងដែរ និងបន្តសហការជាមួយស្ថាប័នដៃគូនានា ឱ្យតាមដានអំពីគុណភាពខ្យល់​នៅតំបន់​រមណីយដ្ឋានអង្គរ​​ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com