ជាតិ
អាជីវករ អ្នករត់ម៉ូតូឌុប កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួន អាចស្នើសុំបណ្ណប.ស.ស ផ្នែកថែទាំសុខភាព
13, Jul 2023 , 9:59 pm        
រូបភាព
ដោយ:
អាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ អាចទៅស្នើសុំធ្វើប័ណ្ណ ប.ស.ស.ផ្នែកសេវាព្យាបាល ថែទាំវេជ្ជសាស្រ្ត និងប្រាក់បំណាច់មាតុភាព តាមរយៈរបបភាគទានស្ម័គ្រចិត្ត ដើម្បីចូលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម។

 
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៣ ខែកក្កដាថា ប.ស.ស កំពុងអនុវត្តន៍គម្រោងសាកល្បងផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត ដែលត្រូវឆ្លងកាត់ការសិក្សា ដោយបានកំណត់អត្រាភាគទាន ២,៦ភាគរយ នៃប្រាក់ចំណូលជាប់ភាគទានប្រចាំខែ ។ ត្រង់ចំណុចនេះ បានន័យថា អ្នកមានចំណូលតិចជាង ឬស្មើ ៦០ម៉ឺនរៀល ត្រូវបង់ភាគទាន២,៦ ភាគរយ សម្រាប់អ្នកប្រកបរបរកស៊ីដោយខ្លួនឯង។
 
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស។ រូបភាព៖ បសស

សម្រាប់គម្រោងសាកល្បងផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្តនេះ មានអត្រាភាគទាន ២,៦ភាគរយ ដូចទៅនឹងកម្មករក្នុងប្រព័ន្ធដែលមាននិយោជកជាអ្នករ៉ាប់រងបង់ជំនួស។ អគ្គនាយក បសសរូបនេះ បានបញ្ជាក់ថា៖ «ការបង់ភាគទានតិច ឬច្រើន អាស្រ័យលើប្រាក់ឈ្នួលកម្មករនិយោជិតក្នុងប្រព័ន្ធ ដែលប.ស.ស កំណត់ប្រាក់ឈ្នួលជាប់ភាគទាន ចាប់ពី ៤០ម៉ឺនរៀល ដល់ ១២០០០០០រៀល ដើម្បីជាមូលដ្ឋានក្នុងការគណនាភាគទានរបស់ពួកគេ។ ចំណែកឯបុគ្គលស្វ័យនិយោជន៍វិញ មិនថាពួកគេមានចំណូលខ្ពស់ជាង ឬទាបជាង ៦០ម៉ឺនរៀលនោះទេ គឺប.ស.ស បានកំណត់ថេរត្រឹម ៦០ម៉ឺនរៀល មកគណនា នឹងអត្រា ២,៦ភាគរយ»។
 
បើតាមលោក សុផាន់ណារិទ្ធ បុគ្គលដែលអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ផ្នែកសេវាព្យាបាល ថែទាំវេជ្ជសាស្រ្ត និងប្រាក់បំណាច់មាតុភាព ត្រូវគោរពតាមលក្ខខណ្ឌដូចជា ត្រូវបង់ភាគទាន ១៥៦០០រៀលក្នុងមួយខែ, មានមុខរបរ និងប្រាក់ចំណូលផ្ទាល់ខ្លួន ហើយមិនពាក់ព័ន្ធប្រាក់ឈ្នួល, ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយមិនប្រើប្រាស់បុគ្គលិក, ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស, សាមីខ្លួនត្រូវអញ្ជើញទៅស្នើសុំធ្វើបណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម។
 
លោក សុផាន់ណារិទ្ធ បានបន្តថា កម្មកររោងចក្រ សហគ្រាស ដែលបានតម្រូវឱ្យនិយោជិតបង់ ២ភាគរយ និងថៅកែបង់ ២ភាគរយ គឺជារបបសនិ្តសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ។ បច្ចុប្បន្ន ប.ស.ស មិនទាន់ដំណើរការបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍នោះទេ។ ប៉ុន្តែនឹងមានទិសដៅបន្តឈានទៅអនុវត្តន៍ ដោយសារក្នុងច្បាប់ស្ដីពីរបបសន្តិសុខសង្គម បានចង្អុលបង្ហាញរួចហើយ៕


 

Tag:
 បណ្ណប.ស.ស
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com