ជាតិ
វិថី​​បញ្ចប់​ជំងឺ​​អេដស៍គឺ​ពិត​ជា​មាន​​ ... តើ​យើងស្ថិត​នៅ​លើ​វិថីនេះឬ​នៅ?
14, Jul 2023 , 8:59 am        
រូបភាព
​​ដោយ៖ ផាទ្រី​ស្យា អ៊ុង​ពីន​ នាយិកា​ប្រចាំប្រទេស​ នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/​ជំងឺ​​អេដស៍​ (UNAIDS) ប្រចាំ​ប្រទេស​កម្ពុជា ឡាវ​ និង​ម៉ាឡេស៊ី

 
ភ្នំពេញ៖ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ឆ្លើយ​តប និង​ស្ដារ​ឡើង​វិញ​ពី​ជំងឺ​​រាត​ត្បាត​កូវីដ-​១៩ ការ​ផ្តោតលើការ​បញ្ចប់​ជំងឺ​​អេដស៍នៅ​តែ​ជា​កត្ដា​ចាំ​បាច់​។ សំណួរ​សម្រាប់​ពិចារណា៖ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ដើម្បី​​ជំរុញ​ឱ្យ​ការឆ្លើយតបនឹងមេរោគអេដស៍ មាន​ភាព​ប្រសើរ​ឡើង រហ័ស និង​មាន​ចីរ​ភាព​ជាងមុន?
 
របាយ​ការណ៍ពិភព​លោក​ស្ដី​ពី​​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​អេដស៍​របស់​ UNAIDS ដែល​ទើប​ចេញ​ផ្សាយ​ថ្មី​ៗ​នេះ បាន​បង្ហាញ​​ថា​ វិថីក្នុងការបញ្ចប់​ជំងឺ​អេដស៍​គឺ​ពិត​ជា​មាន ហើយវិថី​នេះ​​អាច​ធានា​ការ​ត្រៀម​ខ្លួន ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​ជំងឺរាតត្បាតនាពេលអនាគត និង​ជំរុញ​វឌ្ឍនភាព​ឆ្ពោះ​ទៅ​កាន់​​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។


 
ទិន្នន័យ​ និង​ឧទាហរណ៍​នៅ​ក្នុង​របាយ​ការណ៍ពិភពលោក​ បង្ហាញ​យ៉ាង​​ច្បាស់​​ថា ​តើ​វិថី​​នោះ​ជាអ្វី​។​ វា​មិន​មែន​ជា​អាថ៌​កំបាំង​ទេ​។ តែ​វា​ជា​ជម្រើសគោល​​នយោបាយ​ និង​ហិរញ្ញ​វត្ថុ​។​ ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ទទួល​បាន​ជោគ​ជ័យ ​នៅ​ពេល​ដែល​ការ​ឆ្លើយ​តប​ទាំង​នោះ ​ត្រូវ​បាន​ពង្រឹងនៅ​​​ក្នុង​ការ​ដឹក​នាំគោល​​នយោ​បាយ​​ ដោយ​​សម​ស្រប​នឹង​សភាពការណ៍​​ជាក់​ស្ដែង, ដោះ​ស្រាយ​វិសម​ភាព​ដែល​រា​រាំង​វឌ្ឍនភាព​, អនុញ្ញាត​ឱ្យ​សហគមន៍​ និង​អង្គ​ការ​សង្គម​ស៊ីវិលបំពេញ​​តួនាទី​សំខាន់​ៗ​របស់​ពួក​គេ ​ក្នុង​ការ​ឆ្លើយ​តបនឹងមេរោគ​អេដស៍​​ និង​ធានា​​ឱ្យ​​បាន​នូវ​ហិរញ្ញ​ប្បទាន​គ្រប់​គ្រាន់​ និង​និរន្តរ​ភាព​។​
 
ប្រទេស​ជា​ច្រើន ​បាន​ដើរ​លើ​ផ្លូវត្រូវក្នុងការ​សម្រេចបានគោលដៅ។ Botswana, Eswatini, Rwanda, United Republic of Tanzania និង Zimbabwe បាន​សម្រេច​គោល​ដៅ​ ៩៥–៩៥–៩៥ រួច​ហើយ​។ នេះ​​មាន​​ន័យ​​ថា​​ ៩៥% នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ (PLHIV) ដឹង​ពី​ស្ថាន​ភាព​មេរោគអេដស៍​របស់​ពួក​គេ​ និង ៩៥% នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​ដែលបានដឹងពីស្ថានភាព​មេរោគ​អេដស៍​ បាន​ទទួល​ការ​ព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍​ ​និង​ ៩៥% នៃ​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ដែល​បាន​ទទួល​ការ​ព្យាបាលដោយឱសថប្រឆាំងនឹង​មេរោគ​អេដស៍​ មានផ្ទុក​​មេរោគទាបបំផុត​។ យ៉ាង​​ហោច​​ណាស់ ​​មាន​​ប្រទេស​​ចំនួន​ ១៦ ​​ផ្សេង​​ទៀត​ កំពុង​តែ​ឈានជិត​សម្រេចបាន​គោល​ដៅ​នេះ​។ ចំណែក​​ប្រទេស​កម្ពុជា​ ក៏​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ដែល​​ជិត​ឈាន​នឹង​សម្រេច​​សមិទ្ធផលនេះ​ដែរ​។​ កម្ពុជា​សម្រេចបាន​  ៨៦-៩៩-៩៨ ដែល​ជា​វឌ្ឍន​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​​ក្នុង​រយៈ​ពេលលើស​ពី​មួយ​ទសវត្សរ៍​នៃ​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង ​រវាងរាជ​​រដ្ឋា​ភិបាល​ ដៃ​គូ​ទ្វេ​ភាគី​ និង​ពហុ​ភាគី​ អង្គ​ការ​សង្គម​ស៊ីវិល​ សហគមន៍​អ្នក​ផ្ទុក​មេរោគ​អេដស៍​ និង​ប្រជា​ជន​គន្លឹះ​​ និង​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​គ្រប់​​វិស័យ​ និង​គ្រប់​កម្រិត​។
 
រដ្ឋាភិបាល​គ្រប់​​ប្រទេស​​អាច​ធ្វើ​បាន​ ហើយ​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​កំពុង​តែ​​អនុវត្ត​យន្តការ​ ដើម្បី​បញ្ចប់​ជំងឺ​អេដស៍​។ វឌ្ឍន​​ភាព​​នៃ​ការ​ឆ្លើយតបនឹងមេរោគ​​​អេដស៍​ មាន​​ភាព​​រឹង​មាំ​បំផុត​នៅ​ក្នុង​ប្រទេស​ និង​តំបន់ ​ដែល​មាន​ការ​វិនិយោគ​ហិរញ្ញ​វត្ថុ​ច្រើន​ ដូច​ជា​នៅ​អាហ្វ្រិក​ខាង​កើត​ និង​​ខាង​ត្បូង​។​ ម្យ៉ាង​ទៀត ការ​បង្កើន​ឱ្យមាន​បរិយាបន្នក្នុង​ ​ក្រប​ខណ្ឌ​ច្បាប់​ និង​គោល​នយោបាយ​ ក៏​ជា​គន្លឹះដ៏​សំខាន់​​ផង​ដែរ​។ នៅ​ពេល​ដែល​យើង​ដក​ចេញ​នូវ​គោល​នយោបាយ​ ដែល​ដាក់​ទោសទណ្ឌ​​ និង​រារាំង​​ដល់​​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ប្រជាជន​គន្លឹះ​ ក្នុង​ការ​ទទួលបាន​​សេវា​​​ នោះ​យើងអាច​​បង្កើន​ការ​ចូល​រួម​ ​និងការ​​​បញ្ចេញ​មតិ​របស់​សហគមន៍​ដែលងាយរងគ្រោះ​​​។ ហើយ​នោះ​​គឺ​​ជា​ពេល​ដែល​យើងអាច​​ធានា​នូវ​សមភាព និង​សម​ធ៌ម ​ក្នុងការទទួល​បាន​​សេវា​បង្ការ​​ និង​​ព្យាបាល​មេរោគ​អេដស៍​។
 
កម្ពុជា​ស្ថិត​ក្នុង​ពេល​វេលា​ដ៏​សំខាន់​មួយ​៖ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្តេជ្ញា​បង្កើន​ការ​វិនិ​យោគ​​ប្រចាំ​ឆ្នាំ​ពី​ ៣,៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​ ដល់​ ៦,​៦​ លាន​ដុល្លារ​អាម៉េរិក​ សម្រាប់​​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ ​ពី​ឆ្នាំ​២០២៤​ ​ដល់​ឆ្នាំ​២០២៨។​ នេះ​​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ដែល​គួរ​អប​អរ​​សាទរ​។ ថ្មី​ៗ​នេះ​ កម្ពុជា​ក៏​បាន​ក្លាយ​ជា​សមាជិក​ ​នៃ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​​កម្មវិធីរបស់​​ UNAIDS​ និង​បាន​តស៊ូ​មតិ​យ៉ាង​មុត​មាំ ​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​គោល​នយោ​បាយ​ ការ​ឆ្លើយ​តប​ផ្អែក​លើ​ភស្តុតាង​ ការ​ផ្តោត​លើ​ការបង្ការ​​មេរោគ​អេដស៍​ និង​ការ​ចូល​រួមរបស់​​សហគមន៍​។
 
​​ការ​ផ្ដោត​សំខាន់​លើ​ប្រជា​ពលរដ្ឋ ​​និង​សហគមន៍​ គឺ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ពី​យុទ្ធ​សាស្ត្រ​ ​ដែល​យើង​អាច​រួម​គ្នា​បញ្ចប់​ជំងឺ​អេដស៍​ ដែល​ជា​ការ​គំរាម​កំហែង​ដល់​សុខ​ភាព​សាធារណៈ​នៅត្រឹម​ឆ្នាំ​ ២០៣០​។ ដូច​ដែល​របាយ​ការណ៍​ពិភព​លោក​ បាន​កំណត់​ចេញ​ ទោះ​ជា​យ៉ាង​ណា​ក៏​​ដោយ​ យន្ត​ការ​ និង​យុទ្ធ​សាស្ត្រ​ទាំង​នោះ ​​​មិន​កើត​ឡើង​ដោយ​ឯក​ឯង​​នោះ​ទេ​។​ ខណៈ​​ដែល​ការ​ទទួល​បាន​ការ​ព្យាបាល​មេរោគ​អេដស៍ ​​បាន​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​​ចំនួន​ ២០,៨ លាន​នាក់យ៉ាង​ណា​​ក៏​ដោយ​ ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​​បដិសេដ ក្នុង​ការ​​ទទួល​បាន​ការ​ព្យាបាលនៅ​ឡើយ​​​។
 
នៅ​ទូ​ទាំង​ពិភព​លោក​ ជំងឺ​អេដស៍​បាន​ឆក់​យក​ជីវិត​រៀង​រាល់​នាទី ​​ក្នុង​ឆ្នាំ ២០២២។ ​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី មាន​​ចំនួន​ ១,៣​ លាន​នាក់ ហើយ​ប្រជា​ពល​រដ្ឋ​ ​​៩,២ លាន​នាក់​ នៅពុំ​ទាន់​ទទួល​បាន​​ការ​ព្យាបាលនៅ​ឡើយ​ ក្នុង​នោះ​មាន​​ ៤៣% នៃកុមារផ្ទុក​​មេរោគ​អេដស៍​។ វិសម​ភាព​សង្គម​ និង​សេដ្ឋ​កិច្ច ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ និង​រវាង​ប្រទេស​ជា​ច្រើន​ ​កំពុង​ធ្វើ​ឱ្យ​ជំងឺ​រាត​ត្បាត​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ ហើយ​​វិសាលភាព​ជំងឺ​ទាំង​នេះ ​បាន​ជះ​ឥទ្ធិពល​​ទៅ​លើ​ជន​ក្រីក្រ និងជន​​ងាយ​រង​គ្រោះ​បំផុត​។​
 
នៅ​​កម្ពុជា​ ​​​កុមារ​​ផ្ទុក​​មេរោគ​​អេដស៍​​តែ ៥៩% ប៉ុណ្ណោះ​​ ​​កំពុង​​ទទួល​​ការ​​ព្យាបាល​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ក្នុង​ចំណោម​ ១០​ នាក់​ ដែល​ផ្ទុក​មេរោគ​អេដស៍ ​មិន​បាន​ទទួល​សេវា​​បង្ការ​​ពី​ម្ដាយ​ទៅ​កូន​​ កាល​ពី​ឆ្នាំ​មុន ហើយ​នេះ​​​បណ្តាល​ឱ្យ​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ ៩,៩% ពី​ម្តាយ​ទៅ​កូ​ន​។ គេ​​​ប៉ាន់​​ប្រមាណ​​ថា​ មនុស្ស​​ប្រហែល​ ៤​ នាក់​​បាន​​ឆ្លង​​មេរោគ​​អេដស៍​​ជា​​រៀង​​រាល់​​ថ្ងៃ​។ ៨៣%​ នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​សរុប ​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​គន្លឹះ​ ​(ស្ត្រី​ធ្វើការតាមគ្រឹះស្ថានកម្សាន្ត​ បុរសស្រឡាញ់បុរស និង​បុរសរួម​ភេទ​ជា​មួយ​បុរស​​ផ្សេង​ទៀត​​ ស្ត្រី​បំប្លែង​ភេទ​ និង​អ្នក​ដែល​ប្រើ​ប្រា​ស់​ និង​ចាក់​ថ្នាំ​ញៀន​) និង​ដៃ​គូ​រួមភេទ​របស់​ពួក​គេ​។ ការ​កើន​ឡើង​នៃ​សមាមាត្រ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី ​គឺ​ក្នុង​ចំណោម​បុរស និង​ក្មេង​ប្រុស​។ ពួក​គេមាន​ចំនួន​ ៧៩% ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​ទាំង​អស់ ​ក្នុង​ឆ្នាំ​២០២២​។​
 
ទិន្នន័យ​ទាំង​នេះ ​កំពុង​ប្រាប់​យើង​ថា​ យើង​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​​។ យើង​ដឹង​ពី​ជំហាន​ដែល​ត្រូវអនុវត្ត​ ​ហើយ​យើង​ត្រូវ​អនុវត្ត​ស​កម្ម​ភាព​ទាំង​នោះ​ឥឡូវ​នេះ។
 
យ៉ាង​ណា​ក៏​ដោយ​ ជុំ​វិញ​ពិភព​លោក​ វិធាន​ច្បាប់​ និង​គោល​នយោ​បាយ​ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​រើស​អើង​នៅ​តែ​បន្ត​បង្កើន​ហា​និ​ភ័យ ​នៃ​ការ​ចម្លង​មេរោគ​អេដស៍​ និងរារាំង​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​​គ្រប់​គ្រង​ការ​រីក​រាល​ដាលមេរោគអេដស៍ ​ក្នុង​ចំណោម​​ប្រជាជន​គន្លឹះ​​​។​ ការ​​បង្រ្កាបលើ​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ស្ទើរ​តែ​ធ្វើ​ឱ្យការប្រឈមរបស់ពួកគេ ទៅនឹងការឆ្លង​មេរោគ​អេដស៍​ ឬ​ជំងឺកាមរោគកើន​ឡើង​ទ្វេ​ដង​។​ គូ​ស​បញ្ជាក់​ផង​ដែរ​ថា ​​ភស្តុតាង​​ជា​ច្រើន​ បាន​​បញ្ជាក់​​ពី​​ការ​ចុះ​បង្ក្រាប ដែលជាមូល​ហេតុ​​ជំរុញ​ឱ្យកើន​ឡើង​នៃ​ការប្រឈមនឹង​ការ​ឆ្លង​​មេរោគ​អេដស៍​។​ ម្យ៉ាង​ទៀត ​នៅ​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល​ប្រឈម​​នឹង​ឧបសគ្គ​ក្នុងការ​អនុវត្តសេវាបង្ការ​មេរោគ​អេដស៍​ អត្រាប្រេវ៉ាឡង់​មេរោគអេដស៍ ​គឺ​ខ្ពស់​ជាង​​ដល់​ទៅ​ប្រាំ​បួន​ដង បើធៀបនឹង​ប្រទេស​ដែល​គ្មានឧបសគ្គ​ក្នុងការ​អនុវត្ត​សេវាបង្ការ​មេរោគ​អេដស៍​​។
 
ឧបសគ្គ​​ក្នុង​​ដំណើរ​វឌ្ឍនភាព មិន​អាច​ដោះ​ស្រាយ​បាន​ដោយ​ការ​គេច​វេស​នោះ​ទេ​។ យើង​ត្រូវ​តែ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នោះ​ដោយ​អង់​អាច​។ យន្ត​ការ​​ដែលអាច​បញ្ចប់​ជំងឺ​អេដស៍​បាន​ ​​តម្រូវ​ឱ្យ​មាន​ការ​សហការ​គ្នា រវាងគ្រប់បណ្តាប្រទេស រដ្ឋាភិបាល និង​សហគមន៍ អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​រួម​គ្នា។ លើស​ពី​នេះ​ វា​ទាម​ទារ​ភាព​ជា​អ្នក​ដឹក​នាំ​ដ៏​ក្លាហាន​។​ ទិស​ដៅ​យន្ត​ការ​ ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍​ពិភពលោក ​បង្ហាញ​ថា ​វិធី​សាស្ត្រ​ជោគ​ជ័យ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ទសវត្សរ៍​នេះ​ ប្រសិន​បើ​យើង​ដើរ​លើ​ទិស​ដៅ​នេះ​រួម​គ្នា និង​អនុវត្ត​យន្ត​ការ​ជា​បន្ទាន់។
 
យើង​នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​នៅ​ខាង​មុខ ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បីបញ្ចប់​ជំងឺ​អេដស៍។ ​ហើយ​យើង​នៅ​តែបន្ត​ដំណើរ​នេះ​​ ជាមួយ​​កម្ពុជា និង​ដៃ​គូ​សហការផ្សេងទៀត​​ក្នុង​ការឆ្លើយ​តប​នឹងមេរោគអេដស មិន​ត្រឹម​តែ​ដើម្បី​បញ្ចប់ជំងឺ​អេដស៍​នៅឆ្នាំ​ ២០៣០ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​បន្ត​ការ​ឆ្លើយ​តប​ និង​កសាង​ការ​ថែ​ទាំ​សុខ​ភាព​ប្រកប​ដោយ​គុណ​ភាព​ និង​ចីរភាព​​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ពេល​នេះ​​ និង​នា​ពេល​អនាគត​៕
 

Tag:
 ជំងឺអេដស៍
© រក្សាសិទ្ធិដោយ thmeythmey.com