ជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មិនទាន់អាចធ្វើនាយករដ្ឋមន្ត្រី! លោក​ Pita ទទួលស្គាល់លទ្ធផលនៅសភា តែមិនបោះបង់
14, Jul 2023 , 11:29 am        
រូបភាព
លោក​ Pita Limjaroenrat បេក្ខជននាយករដ្ឋមន្ត្រីថៃ ។ រូបថត ៖ AFP ។
លោក​ Pita Limjaroenrat បេក្ខជននាយករដ្ឋមន្ត្រីថៃ ។ រូបថត ៖ AFP ។
លទ្ធផលនៃការបោះឆ្នោតពីសមាជិកសភាទាំងពីរបានបង្ហាញថា លោក Pita មិនបានទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីឡើយ។ យ៉ាងណាមិញ លោក Pita បានទទួលយកលទ្ធផល ប៉ុន្តែមិនបោះបង់ការប៉ុនប៉ងឈរឈ្មោះជាថ្មី នៃការបោះឆ្នោតជុំបន្ទាប់នាសប្តាហ៍ក្រោយនោះទេ។

 
លោក Pita Limjaroenrat បានបរាជ័យក្នុងការទៅកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតគាំទ្ រមិនដល់ពាក់កណ្តាលនៃសមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។ 
 
ចំនួនសន្លឹកឆ្នោតចុងក្រោយដែលគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្រ្តីមានត្រឹមតែ ៣២៤សំឡេង ខណៈដែលមិនគាំទ្រមាន ១៨២សំឡេង និងបោះឆ្នោតអនុប្បវាទមាន ១៩៩សំឡេង។ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីបាន មេដឹកនាំបក្សឆ្ពោះទៅមុខមួយនេះត្រូវការសម្លេងយ៉ាងហោចណាស់ ៣៧៥ នៃសំឡេងសរុបសមាជិកសភាទាំងពីរ ដែលមានចំនួន៧៤៩នាក់ ។
 
សមាជិកសភាតំណាងរាស្រ្តដែលបោះឆ្នោតគាំទ្រលោក Pita មានចំនួន៣១១នាក់ មិនគាំទ្រចំនួន១៤៨នាក់ និងបោះឆ្នោតអនុប្បវាទចំនួន៣៩នាក់។ ចំណែកសមាជិកព្រឹទ្ធសភាវិញមានការគាំទ្រ១៣នាក់ ប្រឆាំង៣៤នាក់ និងអនុប្បវាទ ១៥៩នាក់។​
 
លោក Pita បានប្រាប់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់លទ្ធផលត្រូវបានប្រកាសថា លោកទទួលស្គាល់លទ្ធផល ប៉ុន្តែលោកមិនបោះបង់​ការប៉ុនប៉ងកាន់តំណែងមួយនេះឡើយ។ «លទ្ធផលមិនដូចអ្វីដែលយើងរំពឹងទុក យើងនឹងខិតខំប្រមូលការគាំទ្រសម្រាប់ការបោះឆ្នោតលើកក្រោយ ដោយប្តូរយុទ្ធសាស្រ្ត ធ្វើឱ្យប្រាកដថា យើងទទួលបានសន្លឹកឆ្នោត ដែលយើងត្រូវការ»។ លោកបញ្ជាក់បែបនេះ។
 
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៅជុំទីពីរ និងទីបី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ និង ២០ ខេត្តកក្កដា។ វាមិនច្បាស់ទេថាតើ មេដឹកនាំបក្សឆ្ពោះទៅមុខ នឹងត្រូវឈរជាបេក្ខជនបន្តនៅជុំទីពីរ ឬទីបី ឬទាំងពីរថ្ងៃនេះ។ នេះបើតាមការប្រកាសរបស់ប្រធានសភា លោក Wan Muhamad Noor Matha ។ 
 
មុនការបោះឆ្នោត សមាជិកសភាជាច្រើនបានរិះគន់ និងវាយប្រហារគោលនយោបាយបក្សឆ្ពោះទៅមុខ ជុំវិញការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ។ ត្រង់ចំណុចនេះ លោក Pita បានឆ្លើយតបទៅវិញថា ៖«យើងមិនផ្លាស់ប្តូរគោលនយោបាយយើងទេ។ យើងត្រូវតែរក្សាការសន្យាយើង ចំពោះប្រជាជន »។ 
 
នៅពេលដែលសួរថា តើលោកនឹងត្រៀមចូលរួមជាមួយបក្សប្រឆាំងដែរឬទេ ប្រសិនបើបើអ្វីមិនដំណើរការដូចការគ្រោងទុកនោះ? មេដឹកនាំបក្សឆ្ពោះទៅមុខរូបនេះបញ្ជាក់ថា លោកកំពុងយកចិត្តដាក់ លើការរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅជុំទីពីរ។ លោក Pita បន្តថា​៖ « យើងនឹងមានពេលវេលាគ្រប់គ្រាន់ ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើងនៅថ្ងៃទី១៣ ខែកក្កដានេះ សម្រាប់ត្រៀមខ្លួននៅជុំបន្ទាប់ »៕ 
 

Tag:
 ថៃ
  បោះឆ្នោត
  Pita
© រក្សាសិទ្ធិដោយ thmeythmey.com