សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​​វៀតណាម ​ជួប​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិកដែលមានជំនាញច្បាស់លាស់
18, Jul 2023 , 9:29 am        
រូបភាព
និស្សិតកំពុងដាក់ពាក្យសម្ភាសការងារក្រុមហ៊ុនមួយនៅវៀតណាម ។ រូបភាព ៖ Lao Dong ។
និស្សិតកំពុងដាក់ពាក្យសម្ភាសការងារក្រុមហ៊ុនមួយនៅវៀតណាម ។ រូបភាព ៖ Lao Dong ។
ក្រុមហ៊ុនវៀតណាមប្រមាណ ៦១ភាគរយ កំពុងជួបការលំបាកក្នុងការជួលមនុស្សដែលមានកម្រិតវិជ្ជាជីវៈត្រឹមត្រូវ ជាពិសេសតម្រូវការជំនាញរបស់ពួកគេ។

 
ក្រុមហ៊ុនវៀតណាមប្រមាណ ៦១ភាគរយ បានត្អូញត្អែរពីការលំបាកក្នុងការជួលមនុស្សដែលមានសមត្ថភាព ទេព្យកោសល្យមកធ្វើការ។ នេះបើយោងតាមរបាយការណ៍និន្នាការទេពកោសល្យពាក់កណ្តាលឆ្នាំ ២០២៣ ដែលរៀបចំឡើងសាជីវកម្ម Talentnet និង Mercer ។
 
នៅក្នុងរបាយការណ៍នេះ ប្រមាណ ៨៣ភាគរយ នៃក្រុមហ៊ុនវៀតណាម កំពុងប្រឈមមុខនឹងបញ្ហា ការជ្រើសរើសបុគ្គលិកជំនាញ ១៨ភាគរយ នៅកម្រិតនាយកប្រតិបត្តិ និង ៦០ភាគរយ នៅកម្រិតគ្រប់គ្រង។
 
បញ្ហាចម្បងនោះ គឺកម្រិតជំនាញរបស់បុគ្គលិក ដោយ ៧៤ភាគរយនៃក្រុមហ៊ុននិយាយថា ពួកគេមិនអាចស្វែងរកមនុស្សដែលមានជំនាញត្រឹមត្រូវ ជាមួយប្រាក់ឈ្នួល និង ៦៤ភាគរយទៀតបាននិយាយថា គឺជាបេក្ខជនដែលត្រៀមរួចជាស្រេចដើម្បីធ្វើការ ប៉ុន្តែមានសមត្ថភាពតិចនៅក្នុងទីផ្សារ។
 
របាយការណ៍ខាងលើនេះ ត្រូវបានផ្អែកលើការស្ទង់មតិទីផ្សារអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣ សម្រាប់ទីផ្សារវៀតណាម ដែលបានផ្តល់ឱ្យដោយក្រុមហ៊ុនចំនួន ១៤៣ នៅគ្រប់វិស័យផ្សេងៗដើម្បីផ្តល់ការយល់ដឹងអំពីប្រាក់ខែ ប្រាក់រង្វាន់ និងនិន្នាការជ្រើសរើសបុគ្គលិកចុងក្រោយបង្អស់។
 
លោក ង្វៀន ធិ ថាញ់ ហឿង អគ្គនាយករងនៃសាជីវកម្ម Talentnet បាននិយាយថា ៖ « របាយការណ៍បង្ហាញថា ការជួលបុគ្គលិកដែលមានគុណភាពខ្ពស់ គឺជាអាទិភាពសម្រាប់អាជីវកម្ម ក្នុងការកសាងកម្លាំងការងាររបស់ពួកគេឡើងវិញ បន្ទាប់ពីការប្រែប្រួលផ្សេងៗ ប៉ុន្តែវាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលឃើញក្រុមហ៊ុនមានការពិបាកក្នុងការជួលអ្នកដែលមានជំនាញត្រឹមត្រូវ »។  
 
បើតាមសារព័ត៌មានវៀតណាម​ Vietnam News  តម្លៃប្រាក់ឈ្នួលនៅវៀតណាមបច្ចុប្បន្ន នាយកប្រតិបត្តិអាចទទួលបានប្រាក់ជាមធ្យមចំនួន ៥០០លានដុង (២១ ១០៧ ដុល្លារ) អាចឡើងដល់ ៩០០លានដុង (៣៧ ៩៩៤ដុល្លារ) ខណៈអ្នកគ្រប់គ្រងទទួលបានប្រហែល ២០០លានដុង (៨៤៤២ ដុល្លារ) ហើយអ្នកឯកទេសទទួលបាន ៨០ លានដុង (៣៣៧៦ដុល្លារ)ក្នុងមួយឆ្នាំ។
 
របាយ​ការណ៍​បាន​បន្ត​ថា ដោយសារ​កង្វះអ្នកមាន​ទេពកោសល្យ និង​ការ​ប្រកួត​ប្រជែង​ខ្លាំង ម្ចាស់អាជីវកម្មជាច្រើន​សុខ​ចិត្ត​ផ្តល់​ប្រាក់​រង្វាន់​ ដើម្បីជាការលើកទឹកចិត្ត ដើម្បីទាក់ទាញរក្សានៅក្នុងក្រុមហ៊ុនខ្លួនបន្ត៕
 

Tag:
 វៀតណាម
  ប្រាក់ឈ្នួល
  បុគ្គលិកជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com