បោះឆ្នោត
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូនស្រីថាក់ស៊ីនថា លោក Pita នៅអាចធ្វើបេក្ខភាពនាយករដ្ឋមន្រ្តីម្ដងទៀតប៉ុណ្ណោះ
18, Jul 2023 , 5:09 pm        
រូបភាព
លោកស្រី Paetongtarn Shinawatra (ឆ្វេង) និងលោ​ក Srettha Thavisin ( ស្តាំ) ។ រូបភាព AP ។
លោកស្រី Paetongtarn Shinawatra (ឆ្វេង) និងលោ​ក Srettha Thavisin ( ស្តាំ) ។ រូបភាព AP ។
នៅថ្ងៃទី ១៨ ខែកក្កដា លោកស្រី Paetongtarn Shinawatra ដែលជាកូនអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ និយាយថា បក្សភឿថៃនឹងស្នើលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំពេញអង្គបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រី បន្តបដិសេធមេដឹកនាំបក្សឆ្ពោះទៅមុខ Pita Limjaroenrat នៅជុំទីពីរ។

 
លោកស្រី Paetontarn កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងបញ្ជីរបស់បក្សភឿថៃបាននិយាយថា បក្សភឿថៃនឹងគាំទ្រយ៉ាងពេញទំហឹងដល់លោក Pita ធ្វើជានាយករដ្ឋមន្ត្រី។ ប្រសិន​បើ​សភា​បដិសេធ​លោក Pita នោះ​បក្ស​ភឿថៃ​នឹង​តែងតាំង​លោក​ Srettha Thavisin ។ 
 
លោកស្រីបញ្ជាក់ថា ៖ «បក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin នេះច្បាស់ណាស់»។
 
លោក Pita បានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនដើម្បីក្លាយជានាយករដ្ឋមន្ត្រី ពីសម័យប្រជុំពេញអង្គនៃរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី ១៣ ខែកក្កដា។
 
សម្ព័ន្ធភាពចម្រុះទាំងប្រាំបីបានសម្រេចចិត្តកាលពីថ្ងៃ១៧ ខែកក្កដាថា ពួកគេនឹងតែងតាំង លោក Pita ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅជុំទីពីរបន្ទាប់ បើទោះបីជាឥស្សរជនសំខាន់ៗមួយចំនួនរបស់បក្សភឿថៃបាននិយាយថា លោក Pita នឹងអស់ឱកាសធ្វើនាយករដ្ឋមន្រ្តីជារៀងរហូតក៏ដោយ។ 
 
លោកស្រី Paetongtarn បានរៀបរាប់ថា ការដែល​គាំទ្រ​លោក Srettha Thavisin ដោយសារ​តែ​លោក​មាន​ចំណេះដឹង​ផ្នែក​ជំនួញ និង​សេដ្ឋកិច្ច។ លោក Srettha Thavisin ជា​អតីត​ប្រធាន​អាណាចក្រ​អចលនទ្រព្យ Sansiri ។
 
«ការផ្តោតសំខាន់ គឺនៅពេលដែលយើងអាចបង្កើតរដ្ឋាភិបាលថ្មីបាន វាស្ថិតលើផលប្រយោជន៍សាធារណៈ ព្រោះប្រទេសជាតិត្រូវដើរទៅមុខ... ការផ្តោតទៅលើអ្វីដែលយើងអាចធ្វើដើម្បីអភិវឌ្ឍប្រទេសជាតិ កសាងទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិ និងទាក់ទាញពួកគេកាន់តែច្រើន»។ នេះជាការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra ។ 
 
នៅពេលដែលអ្នកយកព័ត៌មានបានសួរអំពីការសន្យារបស់សមាជិកព្រឹទ្ធសភាម្នាក់ ក្នុងការគាំទ្រគណបក្សភឿថៃ ប្រសិនបើបក្សឆ្ពោះទៅមុខដកចេញពីសម្ព័ន្ធរបស់ខ្លួន។ លោកស្រី Paetongtarn បានឆ្លើយតបថា បក្សចម្រុះទាំងប្រាំបីនឹងពិភាក្សាអំពីបញ្ហានេះ។
 
លោក​ស្រី​បាន​ថ្លែង​ថា​៖ «​សូម​ឲ្យប្រធានបក្សនីមួយៗ​មាន​ការ​ពិភាក្សា​គ្នា​។​ បញ្ហា​នេះ​មាន​លក្ខណៈ​រសើប​ខ្លាំង​ណាស់»។ 
ការបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីនៅជុំបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ សម្រាប់ជុំទីពីរ និងជុំទីបីនៅថ្ងៃទី ២០ ខែកក្កដា។៕
 

Tag:
 ថៃ
  នយោបាយ
  បោះឆ្នោត
  Pita
© រក្សាសិទ្ធិដោយ thmeythmey.com