អន្តរជាតិ
មន្ដ្រីអាម៉េរិកនិងកូរ៉េខាងត្បូងជួបជជែកអំពីផែនការ​សង្គ្រាម​នុយក្លេអ៊ែរថ្មីជាលើកដំបូង
18, Jul 2023 , 9:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
មន្រ្ដីអាម៉េរិក បានជួបជាមួយនឹងមន្ដ្រីកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងសេអ៊ូល ជាលើកដំបូង ក្រោមយន្តការក្រុមប្រឹក្សានុយក្លេអ៊ែរ (Nuclear Consultative Group) ដើម្បីសម្របសម្រួល​ការ​ឆ្លើយ​តប ​នុយក្លេអ៊ែរ​របស់​សម្ព័ន្ធមិត្ត​ឱ្យ​កាន់​តែ​​ប្រសើរ ​ក្នុង​ករណី​មាន​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង។

 
«តាមរយៈសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងអាម៉េរិក ក្នុងការឈានទៅដល់ការបង្កើតឡើងជំហានថ្មីនៃនុយក្លេអ៊ែរ យើងនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការគំរាមកំហែង នុយក្លេអ៊ែរ និងមីស៊ីល ពីសំណាក់កូរ៉េខាងជើង»។ លោក យូន សុកយ៉ល ប្រធានាធិបតី​កូរ៉េខាងត្បូង ថ្លែងបែបនេះទាក់ទងទៅលើរឿងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សានុយក្លេអ៊ែរ។ 

លោក យូន ក៏បានបន្ថែមទៀតថា កិច្ចពិភាក្សាដំបូងនេះ ជាចំណុចដ៏សំខាន់សម្រាប់ការកសាងសមត្ថភាព ទប់ស្កាត់ដ៏រឹងមាំ និងមានប្រសិទ្ធភាព។ 
 
ក្រុម NCG ត្រូវបានប្រកាសជាលើកដំបូង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលទ្វេភាគី រវាងលោក យូន និងលោក ចូ បៃឌិននៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែមេសា។ កិច្ចពិភាក្សា NCG លើកដំបូងនេះ ដឹកនាំដោយលោក Kim Tae-hyo ទីប្រឹក្សារងសន្តិសុខជាតិកូរ៉េខាងត្បូង និងលោក Kurt Campbell អ្នកសម្របសម្រួលសម្រាប់កិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក។ 
 
ការបង្កើតឡើង NCG ត្រូវបានរិះគន់ខ្លាំង ពីសំណាក់កូរ៉េខាងជើង ដែលចាត់ទុកយន្តការនេះ ជាការបើកចំហដល់ការពិភាក្សាអំពីការប្រើប្រាស់នុយក្លេអ៊ែរ។ ទីក្រុងព្យុងយ៉ាង ក៏ប្រឆាំងនឹងផែនការសម្ព័ន្ធមិត្ត ក្នុងការបង្កើនការបង្ហាញកម្លាំងយោធារួមបញ្ចូលទាំង នាវាផ្ទុកយន្តហោះអាម៉េរិក យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹក។
 
នៅក្នុងកិច្ចពិភាក្សាមួយនេះ ភាគីទាំង២នឹងផ្ដោតលើការចែករំលែកព័ត៌មាន ប្រព័ន្ធពិគ្រោះយោបល់ ជំហានសម្រាប់ការធ្វើផែនការរួម និងការអនុវត្តដើម្បីពង្រឹងការទប់ស្កាត់នុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង។ 
 
ឧត្តមសេនីយទោ John Weidner ដែលចូលរួមកិច្ចពិភាក្សានេះ ក៏រំពឹងទុកកិច្ចពិភាក្សានេះនឹងបង្កើតបានក្របខ័ណ្ឌសម្រាប់សមយុទ្ធយោធាកំពូលទ្វេភាគីថ្មី ដែលនឹងពង្រឹងផែនការរវាងសម្ព័ន្ធមិត្ត៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com