សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតិផរណាខ្ពស់ កំពុងជំរុញឱ្យប្រជាជនអឺរ៉ុបកាន់តែក្រីក្រ
19, Jul 2023 , 8:59 am        
រូបភាព
រូបភាពពី World Bank / Dragan Mujan ។
រូបភាពពី World Bank / Dragan Mujan ។
ប្រជាជនអឺរ៉ុបកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ តម្លៃថាមពល និងអាហារកើន បណ្តាលឱ្យអំណាចទិញរបស់ពួកគេបានធ្លាក់ចុះ។ វិបត្តិសេដ្ឋកិច្ចបែបថ្មី ដែលពួកគេមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជំរុញឱ្យពួកគេធ្លាក់ក្នុងស្ថានភាពក្រីក្រ។

 
ជីវិតនៅលើទ្វីបអឺរ៉ុប ដែលបានធ្វើឱ្យពិភពលោកច្រណែននឹងរបៀបរស់នៅរបស់ពួកគេ កំពុងបាត់បង់ពន្លឺបន្តិចម្តងៗ ខណៈជនជាតិអឺរ៉ុប មើលឃើញថាអំណាចទិញរបស់ពួកគេធ្លាក់ចុះ 
 
បច្ចុប្បន្ន ជនជាតិបារាំងញាំ foie gras និងផឹកស្រាក្រហមតិចជាងមុន។ ចំណែកនៅអាល្លឺម៉ង់ ការប្រើប្រាស់សាច់ និងទឹកដោះគោបានធ្លាក់ចុះកម្រិតទាប ក្នុងរយៈពេលបីទសវត្សរ៍។ ទីផ្សារអាហារសរីរាង្គ ដែលធ្លាប់តែរីកដុះដាលនៅទីនេះ ក៏កំពុងធ្លាក់ចុះ​ដែរ។ កាលពីខែឧសភា រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អ៊ីតាលី លោក Adolfo Urso ក៏បានកោះ​ប្រជុំបន្ទាន់មួយនៅពេលតម្លៃ Spaghetti ដែលជាអាហារសំខាន់របស់ប្រទេសនេះ បានកើនឡើងទ្វេដងនៃអត្រាអតិផរណាជាតិ។
 
នៅ​ពេល​ដែល​ការ​ប្រើ​ប្រាស់​បានថមថយ អឺរ៉ុប​ក៏​បាន​ឈាន​ដល់វិបត្តិ​សេដ្ឋកិច្ចកាល​ពី​ដើម​ឆ្នាំ​នេះ​ ដែលវាគឺជា​អ្វី​ដែលគេបានព្យាករទុកជា​យូរ​មក​ហើយ។ ប៉ុន្មានឆ្នាំមកនេះ ប្រជាជនវ័យចំណាស់ កម្មករបានផ្តល់អាទិភាពសម្រាប់ពេលទំនេរ និងការងារមានស្ថិរភាពជាងការបង្កើនប្រាក់ចំណូល ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចយឺត ចំពោះផលិតភាពការងារនៅទីនេះ។ ក្រោយពីវិបត្តិកូវីដ-១៩ ជម្លោះរុស្ស៊ី - អ៊ុយក្រែន បានជុំរុញឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ការឡើងថ្លៃអាហារ និងថាមពលកាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅៗ។
 
ទន្ទឹមនឹងនោះ ការឆ្លើយតបរបស់រដ្ឋាភិបាលគ្រាន់តែធ្វើឱ្យមានភាពស្មុគស្មាញជាងមុនប៉ុណ្ណោះ។ ដើម្បីរក្សាការងារ ពួកគេផ្តោតការឧបត្ថម្ភធនដល់ម្ចាស់អាជីវកម្ម ដោយទុកឱ្យអ្នកប្រើប្រាស់មិនមានសាច់ប្រាក់បម្រុង នៅពេលតម្លៃប្រើប្រាស់របស់របរកើនឡើង។ ជនជាតិអាម៉េរិក គឺផ្ទុយពីនេះ។ ពួកគេទទួលបានអត្ថប្រយោជន៍ពីតម្លៃប្រេងឥន្ធនៈថោក និងការឧបត្ថម្ភធនដោយផ្ទាល់ពីរដ្ឋាភិបាល ដើម្បីរក្សានិរន្តរភាពនៃការប្រើប្រាស់។
 
ពីមុន អឺរ៉ុបអាចពឹងផ្អែកលើការនាំចេញ។ ប៉ុន្តែនៅពេលដែលចិនដែលជាទីផ្សារសំខាន់សម្រាប់ទំនិញនៅអឺរ៉ុបមិនទាន់បានធូរស្បើយ បានបណ្តាលឱ្យការរំពឹងកំណើននេះ មិនមានប្រសិទ្ធភាពដូចមុននោះទេ។
 
តម្លៃថាមពលកើន និងអតិផរណានៅកម្រិតខ្ពស់ កំពុងញ៉ាំងឱ្យឃ្លាតឆ្ងាយពីអត្ថប្រយោជន៍តម្លៃរបស់អាជីវកម្មនៅក្នុងទីផ្សារអន្តរជាតិ។ នៅពេលដែលពាណិជ្ជកម្មសកលធ្លាក់ចុះ ការពឹងផ្អែកយ៉ាងខ្លាំងរបស់អឺរ៉ុបលើការនាំចេញក្លាយជាចំណុចខ្សោយ។ បច្ចុប្បន្នការនាំចេញ រួមចំណែក ៥០ភាគរយនៃ GDP ក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលខ្ពស់ជាង ១០ភាគរយ នៅអាម៉េរិក។
 
បន្ទាប់ពីការកែតម្រូវអតិផរណា និងអំណាចទិញ ប្រាក់ឈ្នួលនៅអាល្លឺម៉ង់បានធ្លាក់ចុះ ៣ភាគរយ ចាប់តាំងពីឆ្នាំ២០១៩។ ការធ្លាក់ចុះនៅអ៊ីតាលី និងអេស្ប៉ាញគឺ ៣,៥ភាគរយ ខណៈដែលប្រទេសក្រិក ៦ភាគរយ។ នេះបើយោងតាមទិន្នន័យពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)។
 
សូម្បីតែអ្នកដែលមានជីវភាពសមរម្យ ក៏បាត់បាត់អំណាចទិញ​ដែរ។ នៅទីក្រុងប្រ៊ុចសែល ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានជាងគេនៅអឺរ៉ុប គ្រូបង្រៀន និងគិលានុបដ្ឋាយិកាតម្រង់ជួរគ្នានៅពេលយប់ ដើម្បីទិញទំនិញដែលជិតផុតកំណត់។ នេះបើតាមកាសែត  The Wall Street Journal ។ 
 
យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង ៦ភាគរយ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ។ 
 
កំណើនខ្សោយ និងអត្រាការប្រាក់ខ្ពស់ កំពុងដាក់សម្ពាធលើប្រព័ន្ធសន្តិសុខសង្គម របស់អឺរ៉ុបរួចទៅហើយ។ សេដ្ឋវិទូនិយាយថា ការចំណាយរបស់រដ្ឋាភិបាល រាប់រយពាន់លានដុល្លារដើម្បីឧបត្ថម្ភធនតម្លៃ និងកាត់បន្ថយពន្ធដើម្បីទូទាត់ថ្លៃប្រេងឥន្ធនៈខ្ពស់ អាចជំរុញឱ្យអតិផរណាកើនឡើង។
 
លោក Huw Pill សេដ្ឋវិទូនៅធនាគារកណ្តាលអង់គ្លេសបានព្រមានកាលពីខែមេសាថា ជនជាតិអង់គ្លេសគួរតែទទួលយកថាពួកគេកាន់តែមានភាពក្រីក្រទៅ ហើយឈប់ស្នើសុំឱ្យដំឡើងប្រាក់ឈ្នួលបន្តទៀត។ លោក​បាន​ថ្លែង​ថា​៖ «​ត្រឹមត្រូវណាស់ យើង​ទាំង​អស់​គ្នាកំពុងតែក្រីក្រជាងមុន »។ 
 
លោក Pill ពន្យល់ថា ការព្យាយាមទូទាត់ការកើនឡើងតម្លៃ ជាមួយនឹងការដំឡើងប្រាក់ឈ្នួលនឹងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ។
 
អ្នកវិភាគព្យាករថា នៅពេលដែលការចំណាយលើវិស័យការពារជាតិកើនឡើង និងអត្រាការប្រាក់ខ្ពស់ រដ្ឋាភិបាលអឺរ៉ុបនឹងដំឡើងពន្ធជាមិនខាន ។ ពន្ធ​នៅ​អឺរ៉ុប​គឺ​ខ្ពស់​រួច​ទៅ​ហើយ​បើ​ធៀប​នឹង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត។ ជនជាតិអាម៉េរិក អាចរក្សាទុកប្រហែលបីភាគបួននៃប្រាក់ចំណូលរបស់ពួកគេបន្ទាប់ពីពន្ធ ប៉ុន្តែ​ជនជាតិ​បារាំង និង​អាល្លឺម៉ង់​មាន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ។
 
សហភាពអឺរ៉ុប ជាច្រើនកំពុងប្រឈមជាមួយការកាត់បន្ថយម៉ោងធ្វើការ ជាជាងដំឡើងប្រាក់ឈ្នួល។ IG Metall ដែលជាសហជីពធំបំផុតរបស់អាល្លឺម៉ង់ កំពុងអំពាវនាវឱ្យរក្សាប្រាក់ឈ្នួលមិនផ្លាស់ប្តូរ ប៉ុន្តែមានតែបួនថ្ងៃក្នុងមួយសប្តាហ៍។ ពួកគេជឿថា សប្តាហ៍ធ្វើការខ្លីនឹងធ្វើឱ្យប្រសើរឡើងនូវចិត្តសាស្ត្រ និងគុណភាពជីវិតរបស់កម្មករ ហើយនៅពេលជាមួយគ្នានោះនឹងអាចទាក់ទាញកម្មករវ័យក្មេង។
 
នៅរោងចក្រផលិតរថយន្តក្នុងទីក្រុង Melfi អ៊ីតាលី បុគ្គលិកបានកាត់បន្ថយម៉ោងធ្វើការជាច្រើនឆ្នាំ ដោយសារតែពិបាករកវត្ថុធាតុដើម និងថ្លៃថាមពលខ្ពស់។ ចំនួនម៉ោងធ្វើការថ្មីៗនេះបានថយចុះ ៣០ភាគរយ ហើយប្រាក់ខែក៏ថយចុះទៅតាមនោះដែរ៕
 

Tag:
 អឺរ៉ុប
  អតិផរណា
  អាម៉េរិក
  ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com