អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការធម្មនុញ្ញថៃព្យួរលោក​ Pita ពីសមាជិកសភា
19, Jul 2023 , 2:59 pm        
រូបភាព
នៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា តុលាការធម្មនុញ្ញថៃ បានព្យួរមេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាបេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត។

 
តុលាការ​ធម្មនុញ្ញបាន​ធ្វើ​សេចក្តី​ប្រកាស​នេះ ​បន្ទាប់​ពី​ទទួល​យក​សម្រាប់​ការ​ពិចារណា​លើ​បណ្តឹង​មួយ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​កាន់កាប់​ភាគហ៊ុន​មរតក​របស់​លោក Pita នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV Plc។ 
 
រដ្ឋធម្មនុញ្ញ​ថៃ បានហាម​សមាជិក​សភា​មិន​ឱ្យ​កាន់​ភាគហ៊ុន ​ក្នុង​ស្ថាប័ន​សារព័ត៌មានទេ។ លោក Pita បានអះអាងថា ភាគហ៊ុនចំនួន ៤២ ០០០ភាគហ៊ុន ដែលជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ឪពុកចុង។ លោក​បន្ត​ថា ប័ណ្ណ​កម្មសិទ្ធិ​នេះ​ ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​សាច់​ញាតិ​តាំង​ពី​ពេល​នោះ​មក។ 
 
ការព្យួរឈ្មោះពីសមាជិកសភានេះ មិនបានរារាំងបេក្ខភាព លោក​ Pita ជានាយករដ្ឋមន្ត្រីនោះទេ។ ប៉ុន្តែវាទំនងក្លាយជាហេតុផលមួយទៀត ដែលធ្វើឱ្យលោក Pita ជួបការលំបាក។

លើសពីនេះ ​តុលាការព្យួរ​ឈ្មោះ លោក Pita ​ពី​កាតព្វកិច្ច​សមាជិក​សភា​ដោយ​រង់ចាំ​ការ​នីតិវិធីជាបន្តផងដែរ ដោយសំឡេងប្រាំពីរ ទល់នឹងពីរ។
 
តុលាការបានបញ្ជាឱ្យ លោក Pita ដាក់ការពន្យល់ក្នុងរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីទទួលបានច្បាប់ចម្លងនៃសេចក្តីសម្រេចនេះ៕
 

Tag:
 នយោបាយ
  Pita
  ថៃ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com