អន្តរជាតិ
​មនុស្ស​យ៉ាងហោចណាស់ ១៤​នាក់​បានបាត់បង់ជីវិត​ក្នុងជំនន់ទឹកភ្លៀង ​នៅ​ភាគ​ឦសានចិន
07, Aug 2023 , 5:19 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ

មនុស្សយ៉ាងហោចណាស់ចំនួន១៤នាក់ បានបាត់បង់ជីវិត ក្នុងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីព្យុះ Doksuri នៅក្រុងShulan ស្ថិតនៅភាគឦសានចិននៅថ្ងៃទី៦ ខែសីហា។

 
តំបន់​ភាគ​ឦសានចិន ទីក្រុងប៉េកាំង និងខេត្តហឺប៉ី នៅតែបន្តមានភ្លៀងធ្លាក់ខ្លាំង និងបានបង្កជាជំនន់ទឹកភ្លៀង ចាប់តាំងពីព្យុះ Doksuri បានធ្វើឱ្យមានដីបាក់ នៅខេត្ត Fujian ប្រមាណ រយៈពេល ២សប្តាហ៍មុន។ តាមការរាយការណ៍របស់មន្រ្តីចិន មនុស្សយ៉ាងហោចណាស់ចំនួន១៤នាក់ បានបាត់បង់ជីវិត ក្នុងជំនន់ទឹកភ្លៀង នៅក្រុងShulan ស្ថិតនៅភាគឦសានចិន ក្នុងថ្ងៃទី៦ ខែសីហា។ 
 
ចំនួនអ្នកស្លាប់នេះ គឺបន្ថែមពីលើករណីស្លាប់នៅក្នុងក្រុងប៉េកាំង និងខេត្តហឺប៉ី ដែលមានច្រើនជាង ២០នាក់រួចមកហើយ។ យ៉ាងណាមិញ មកទល់ពេលនេះ អាជ្ញាធរចិន មិនទាន់ផ្តល់ទិន្នន័យជាក់លាក់លើអ្នកស្លាប់នៅទូទាំងប្រទេសនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងចំណោមជនរងគ្រោះនៅក្រុង Shulan ក្នុងខេត្តJilin មន្រ្តីចិនចំនួន ៣រូប បានបាត់បង់ជីវិត ដោយក្នុងនោះ រួមមានអភិបាលក្រុងរងក្រុងShulan ដែលមានចំនួនប្រជាជនប្រមាណជាង ៥៨ម៉ឺននាក់ផង។ 
 
មកទល់ពេលនេះ កម្រិតទឹកនៅក្នុងទីក្រុងបានស្រកដល់កម្រិតសុវត្ថិភាព ហើយកិច្ចខិតខំប្រឹងប្រែងឆ្លើយតបបន្ទាន់ក៏ត្រូវបានចល័តដើម្បីផ្លាស់ប្តូរទីលំនៅ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់ជនរងគ្រោះផងដែរ។ ជាមួយគ្នា ថាមពលក៏ត្រូវបានស្តារឡើងវិញទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ជាច្រើន នៅទីក្រុងប៉េកាំង និងនៅខេត្តហឺប៉ី ។ 
 
យ៉ាងណាក៏ដោយ អាជ្ញាធរតំបន់ចិន បានព្រមានថា កម្រិតទឹកទន្លេ Songhua នៅភាគឦសានចិន និងដៃទន្លេ Nenjiang បន្តស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដដែល។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីព្យុះ Doksuri ព្យុះ Khanun ដែលកំពុងបោកបក់នៅជប៉ុន អាចមកដល់កូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែសីហា។ ព្យុះមួយនេះ​ ត្រូវបានព្យាករថា នឹងបណ្តាលឱ្យមានខ្យល់ និងព្យុះភ្លៀង នៅភាគ​ឦសានចិន ចុងសប្តាហ៍នេះ៕
 

Tag:
 ចិន
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com