អន្តរជាតិ
លោកវីដូដូ ថា វិបត្តិមីយ៉ាន់ម៉ាអាចដោះស្រាយបាន លុះត្រាភាគីពាក់ព័ន្ធមានឆន្ទៈនយោបាយ
08, Aug 2023 , 4:49 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយអគ្គលេខាធិការអាស៊ាន លោកកៅ គឹមហួន និងមន្រ្តីផ្សេងទៀត។ រូបភាព ASEAN
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយអគ្គលេខាធិការអាស៊ាន លោកកៅ គឹមហួន និងមន្រ្តីផ្សេងទៀត។ រូបភាព ASEAN
ខណៈពេលអាស៊ានប្រារព្ធខួប ៥៦ឆ្នាំ លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២៣ផងនោះ បានទទួលស្គាល់ថា វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែជាបញ្ហាប្រឈមខ្លាំង។ មេដឹកនាំឥណ្ឌូណេស៊ី បានទទូចឱ្យភាគីពាក់ព័ន្ធមីយ៉ាន់ម៉ាបង្ហាញពីឆន្ទៈនយោបាយឱ្យបានពេញលេញ ដើម្បីដោះស្រាយវិបត្តិ ដែលបានអូសបន្លាយជាងរយៈពេល២ឆ្នាំមកនេះ។

 
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានយល់ឃើញថា ស្ថានការណ៍មីយ៉ាន់ម៉ា នៅតែជាបញ្ហាប្រឈមសម្រាប់អាស៊ាន។ បើតាមលោកវីដូដូ ដែលជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២៣ ផងនោះ ការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ត្រូវតែផ្អែកលើការឯកភាព៥ចំណុច រួមទាំងទាមទារនូវឆន្ទៈនយោយបាយពីភាគីពាក់ព័ន្ធនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 
 
«ស្ថានភាពនេះ អាចត្រូវបានដោះស្រាយ ប្រសិនបើមានឆន្ទៈនយោបាយពីភាគីទាំងអស់នៅមីយ៉ាន់ម៉ា»។ ប្រធានាធិបតីឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះនៅក្នុងខួបអាស៊ាន ៥៦ឆ្នាំ ក្នុងក្រុងហ្សាការតា នៅថ្ងៃទី៨ ខែសីហា។ 
 
នៅក្រៅពិធីរំឭកខួបអាស៊ាន ក្នុងថ្ងៃដដែលនេះ ប្រមុខរដ្ឋឥណ្ឌូណេស៊ី បានបន្ថែមថា វិបត្តិមីយ៉ាន់ម៉ា ជាបញ្ហាដ៏ស្មុគស្មាញដែលមានពាក់ព័ន្ធនឹងភាគីជាច្រើន ហើយវាត្រូវការពេលវេលា ដើម្បីដោះស្រាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។ 
 
ក្នុងសុន្ទរកថានៃខួប ៥៦ឆ្នាំរបស់អាស៊ាន មេដឹកនាំឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងច្បាស់ៗថា ឥណ្ឌូណេស៊ី បានត្រៀមខ្លួនគ្រប់យ៉ាងរួចហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវរៀបចំឡើងនៅក្រុងហ្សាការតាចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៧ ខែកញ្ញា ខាងមុខ។ ក្រៅពីមេដឹកនាំអាស៊ាន មេដឹកនាំប្រទេសដៃគូជាច្រើនក៏ចូលរួមដែរ។
 
ប៉ុន្តែលោកចូកូវី មិនទាន់អាចបញ្ជាក់ពីមេដឹកនាំរូបណាខ្លះ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤៣នេះឡើយ៕
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com