អន្តរជាតិ
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្ខំឱ្យប្រជាជនចិនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួននៅខេត្តហ៊ូណាន
28, Aug 2023 , 6:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
ប្រជាជនចិនរាប់ពាន់នាក់ក្នុងខេត្តហ៊ូណាន ត្រូវជម្លៀសខ្លួន ស្របពេលការព្យាករណ៍អាកាសធាតុបានព្រមានពីការធ្លាក់ភ្លៀងខ្លាំងខេត្តមួយចំនួននៅថ្ងៃទី២៨ ខែសីហាថានឹងមានភ្លៀងធ្លាក់ខ្លាំង ហើយអាចបង្កជាទឹកជំនន់ភ្លាមៗនារយៈពេលពីរថ្ងៃខាងមុខ។

-
ប្រជាជនជាងបីពាន់នាក់ដែលស្ថិតនៅក្នុងខេត្ត Hunan ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពជាបន្តបន្ទាប់ចាប់កាលពីចុងសប្តាហ៍ ដោយសារតែភ្លៀងបានធ្លាក់ខ្លាំងមកលើស្រុក Sangzhi, Shimen និង Yongshun ហើយទីក្រុង Zhangjiajie។ 
 
បើយោងតាមការផ្សាយរបស់រដ្ឋ CCTV ស្រុក Sangzhi មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះដែលមានអតិបរមា២៥៦មីលីម៉ែត្រពេញមួយយប់នៅថ្ងៃទី២៦ឈានចូលថ្ងៃទី២៧។ នេះគឺជាភ្លៀងធ្លាក់ខ្លាំងបំផុតនៅ ស្រុក Sangzhi ចាប់តាំងពីឆ្នាំ១៩៩៨មក។
 
ពេលនេះ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះបញ្ហាទឹកជំនន់ ស្របពេលដែលព្យុះទីហ្វុង Saola កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងដែលត្រូវបានព្យាករណ៍ថានឹងមកដល់ខេត្តគ័ងតុងនៅថ្ងៃទី១ ខែកញ្ញា។ 
 
គួរបញ្ជាក់ថា ​ចិន​ត្រូវ​បាន​រង​គ្រោះ​ដោយ​ភ្លៀង​ធ្លាក់ និង​ទឹក​ជំនន់​ជា​ច្រើន​សប្តាហ៍មកហើយ។ កាលពីចុងខែកក្កដា ព្យុះទីហ្វុង Doksuri បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងបំផុតវាយប្រហារប្រទេស។ ជាក់ស្ដែងទីក្រុងប៉េកាំងបានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល១៤០ ឆ្នាំ៕ 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com