អន្តរជាតិ
សំណុំរឿង Fukushima៖ ស្ថានទូតជប៉ុនប្រចាំក្រុងប៉េកាំងរងការគប់ដុំឥដ្ឋ
29, Aug 2023 , 5:39 pm        
រូបភាព
ដោយ៖ ងួនសៅ​ ពុទ្ធិឫទ្ធិ 
 
រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី២៩ ខែសីហា អះអាងពីការយាយីទៅលើជនជាតិជប៉ុនដែលរស់នៅចិនចាប់តាំងពីការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima មក ឯស្ថានទូតជប៉ុនប្រចាំក្រុងប៉េកាំងក៏បានរងការគប់ដុំឥដ្ឋថែមទៀត។ ជប៉ុនចាត់ទុកទង្វើនេះជារឿងមួយដែលគួរឱ្យសោកស្ដាយជាខ្លាំង។

 
ប្រតិកម្មនៅតែបន្តមាននៅចិនចាប់តាំងពីជប៉ុនចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រតិកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushimaនៅថ្ងៃទី២៤ ខែសីហា ដែលបណ្ដាលឱ្យចិនប្រកាសហាមឃាត់​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ជិត​ខាង​មួយនេះ។ ព្រមគ្នានឹងរឿងនេះ ជប៉ុនបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលនៅចិនមានការប្រុងប្រយ័ត្ន ហើយក៏បានបង្កើនសន្តិសុខជុំវិញសាលារៀនដែលមានសិស្សជប៉ុន និងបេសកកម្មការទូតរបស់ខ្លួន។
 
នៅថ្ងៃទី២៩ ខែសីហា រដ្ឋមន្ត្រីការបរទេសជប៉ុនក៏ប្រកាសពីករណីគប់ដុំឥដ្ឋមួយដុំទៅលើស្ថានទូតជប៉ុនក្នុងទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រី Fumio Kishida ក៏បានស្នើរឱ្យចិនចាត់វិធានការធ្វើឱ្យស្ថានភាពនេះមានភាពស្ងប់ស្ងាត់វិញ។
 
«យើងជំរុញម្តងទៀតឱ្យរដ្ឋាភិបាលចិនចាត់វិធានការសមស្របជាបន្ទាន់ ដូចជាការអំពាវនាវឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើសកម្មភាពដោយស្ងប់ស្ងាត់ ដើម្បីការពារកុំឱ្យស្ថានការណ៍កើនឡើង និងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធានាឱ្យបានសុវត្ថិភាពជូនជនជាតិជប៉ុន និងបេសកកម្មការទូតរបស់យើងនៅចិន»។ រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ថ្លែងបែបនេះ។ 
 
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយនៅថ្ងៃទី២៨ ខែសីហាថា ចិនតែងតែការពារសុវត្ថិភាព និងសិទ្ធិក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ជនបរទេសនៅក្នុងប្រទេស។ លោក Wang ក៏បានជំរុញឱ្យជប៉ុនប្រឈមមុខនឹងកង្វល់ស្របច្បាប់របស់ភាគីទាំងអស់ទៅលើបញ្ហាបញ្ចេញទឹក និងបញ្ឈប់ជាបន្ទាន់សកម្មភាពនេះ ហើយពិគ្រោះជាមួយប្រទេសជិតខាង និងភាគីពាក់ព័ន្ធដទៃទៀតឱ្យបានពេញលេញ។
 
បន្ថែមពីលើនេះ​ ជប៉ុនក៏បានគំរាមនាំបញ្ហានៃការហាមឃាត់របស់ទីក្រុងប៉េកាំងលើការនាំចូលអាហារសមុទ្រទាំងអស់របស់ខ្លួនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ប្រសិន​បើ​ការ​តវ៉ា​តាមរយៈផ្លូវ​ការទូតគ្មាន​ប្រសិទ្ធភាព៕ 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com