អន្តរជាតិ
សិង្ហបុរីនិងវៀតណាម ពង្រឹងការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែប្រសើរ
30, Aug 2023 , 8:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
សិង្ហបុរី និងវៀតណាម ឯកភាពគ្នាពង្រីកការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែប្រសើរឡើង ស្របពេលប្រទេសទាំង២ សម្លឹងគោលដៅដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីឱ្យខ្ពស់ជាងពេលបច្ចុប្បន្ន។

 
កិច្ចសហប្រតិបត្តិការផ្នែកអាកាសចរណ៍ នឹងផ្ដោតលើការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរដោយរលូនជាងមុនរវាងសិង្ហបុរី និងវៀតណាម ក៏ដូចជាការសម្រួលការឆ្លងកាត់នៅប្រទេសណាមួយ មុនបន្តទៅគោលដៅបន្ទាប់។ 
 
ពីនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង Lee Hsien Loong និយាយថា ការពង្រីកការតភ្ជាប់ផ្លូវអាកាសជាទិដ្ឋភាពមួយនៃកិច្ចសហប្រតិបត្តិការដែលសិង្ហបុរីចង់ចាប់ផ្តើម ខណៈដែលសិង្ហបុរីព្យាយាមលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
 
បន្ថែមពីលើនេះ លោក លី ក៏បានសង្កត់ទៅលើកិច្ចព្រមព្រៀងសេវាកម្មអាកាសជាមួយវៀតណាមជាអ្វីដែលសិង្ហបុរីចាប់អារម្មណ៏។ ប្រមុខរដ្ឋាភិបាលសិង្ហបុរី បញ្ជាក់ថា ប្រទេសទាំងពីរត្រូវ​ស្វែង​រក​កញ្ចប់កិច្ចសហប្រតិបត្តិការ​សំខាន់​មួយដើម្បី​បង្កើតបានជាអ្វីថ្មីមួយនៅពេលដែលប្រទេសទាំងពីរក្លាយជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយជាមួយគ្នា។ 
 
លើសពីនេះ តាមរយៈការពង្រឹងទំនាក់ទំនងមួយនេះ ប្រទេសទាំងពីរក៏រំពឹងទុកលើការពង្រីកទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការអប់រំផងដែរ។ តួយ៉ាងនៅថ្ងៃទី២៩ ខែសីហា សិង្ហបុរីបានវិនិយោគឧទ្យានឧស្សាហកម្មថ្មីចំនួន៤ទៀតនៅវៀតណាម ហើយលោក លី និងសមភាគីវៀតណាម ផាម មិញឈិញ ក៏ជួបជាមួយថ្នាក់ដឹកនាំយុវជននៃប្រទេសទាំងពីរក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងលើគោលនយោបាយជាតិរបស់គ្នាទៅវិញទៅមកថែមទៀត។ 
 
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក លី ធ្វើឡើងស្របពេលនឹងខួបលើកទី៥០នៃទំនាក់ទំនងការទូត ព្រមជាមួយនឹងខួបលើកទី១០នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានចាត់ទុកដំណើរទស្សនកិច្ច​នេះ​ ​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី៕ 
 

Tag:
 វៀតណាម
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com