អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិនថា ទំនាក់ទំនងរវាងចិន-កូរ៉េខាងត្បូង មិនគួររងឥទ្ធិពលពីភាគីទីបីឡើយ 
×![]()
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅថ្ងៃទី៣១ ខែសីហា បានប្រាប់សមភាគីកូរ៉េខាងត្បូង ផាក ជីន ថា ការអភិវឌ្ឍទំនាក់ទំនងចិនរវាងចិន នឹងកូរ៉េខាងត្បូង មិនគួររងសម្ពាធ ឬឥទ្ធិពលពីប្រទេសណាមួយឡើយ។
ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងជាសមាជិកនៃការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន បានលើកឡើងថា គោលនយោបាយរបស់ចិនចំពោះកូរ៉េខាងត្បូង គឺមិនផ្លាស់ប្ដូរ និងរក្សាបាននូវស្ថិរភាព។
ប្រមុខការទូតចិនក៏បានបន្ថែមថា ចិន និងកូរ៉េខាងត្បូងគួរតែប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការមិត្តភាព បន្តបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ការពារការជ្រៀតជ្រែកពីកត្តាខាងក្រៅ ចៀសវាងការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជា និងរួមគ្នាជំរុញឱ្យមានស្ថិរភាពក្នុងតំបន់។
ដោយកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រមុខការទូតចិនបានជំរុញឱ្យភាគីទាំងពីរផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ជាមួយនឹងសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចងទីផ្សារដ៏ធំ ចិនក៏កំពុងពន្លឿនការកសាងប្រព័ន្ធថ្មីមួយសម្រាប់សេដ្ឋកិច្ចបើកចំហកម្រិតខ្ពស់។ លោក វ៉ាង លើកឡើងបែបនេះ មុនបន្តជំរុញឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការចិន-កូរ៉េខាងត្បូង ដើម្បីជួយកូរ៉េខាងត្បូងឱ្យសម្រេចបាននូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រៅតែពីការពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្សេងៗ លោក វ៉ាង បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងរវាងចិនកូរ៉េខាងត្បូង មិនគួររងឥទ្ធិពលពីប្រទេសដទៃឡើយ ដែលហាក់ចង់ម្ដៅលើសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងត្បូងគឺអាម៉េរិក។ លោក វ៉ាង បានអំពាវនាវឱ្យកូរ៉េខាងត្បូងនឹងពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន ច្រានចោលនូវឧបាយកលប្រឆាំងសកលភាវូបនីយកម្មផ្សេងៗ និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗ ដើម្បីបម្រើប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
ក្នុងជំនួបដដែល រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានលើកឡើងថា ចិនគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាដៃគូដ៏សំខាន់។ លោកបន្ដថា ឆ្នាំ២០២៣នេះ គឺជាខួប ៣០ ឆ្នាំនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយកូរ៉េខាងត្បូងទន្ទឹងរង់ចាំការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយចិន ពង្រឹងការយោគយល់គ្នា និងសកម្មក្នុងការពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិនប្រកបដោយភាពចាស់ទុំ។
ទន្ទឹមនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហានានា រួមទាំងការបញ្ចេញទឹកចូលសមុទ្ររបស់ជប៉ុន និងឧបទ្វីបកូរ៉េផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com