អន្តរជាតិ
អាហ្រ្វិកខាងត្បូងថា គ្មានព័ស្តុតាងបញ្ជាក់ថាខ្លួនបញ្ជូនអាវុធឱ្យរុស្ស៊ី
04, Sep 2023 , 3:09 pm        
រូបភាព
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។ រូបភាព Reuters
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa។ រូបភាព Reuters
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa នៅថ្ងៃទី៣ ខែកញ្ញា បានលើកឡើងថា ភ្នាក់ងារស៊ើបអង្កេតឯករាជ្យមួយបញ្ជាក់ថា គ្មានព័ស្តុតាង​បង្ហាញពីការបញ្ជូនអាវុធពីអាហ្រ្វិកខាងត្បូងឱ្យរុស្ស៊ីឡើយ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីអាហ្រ្វិកខាងត្បូងរងការចោទប្រកាន់ថាបានបញ្ជូនអាវុធទៅឱ្យរុស្ស៊ីកាលពីខែធ្នូឆ្នាំមុន។

 
កន្លងមក ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអាហ្រ្វិកខាងត្បូង លោក Reuben Brigety បានអះអាងថា កប៉ាល់រុស្ស៊ី Lady R បានឈប់ចតនៅឯមូលដ្ឋានទ័ពជើងទឹកក្បែរទីក្រុង Cape Town ដោយផ្ទុកអាវុធ និងគ្រាប់រំសេវជាច្រើន កាលពីខែធ្នូឆ្នាំមុន។
 
បន្ទាប់ពីការចោទប្រកាន់នេះ ទីភ្នាក់ងារស៊ើបអង្កេតឯករាជ្យមួយ បានធ្វើការស្រាវជ្រាវលើបញ្ហានេះ។ ការស៊ើបអង្កេតបានរកឃើញថា កប៉ាល់រុស្ស៊ី Lady R បានដឹកនូវសព្វាវុធដែលត្រូវបានបញ្ជាឱ្យកងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១៨ ប៉ុណ្ណោះ។ ជាមួយនឹងលទ្ធផលនៃការស៊ើបអង្កេតនេះ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានលើកឡើងថា មិនមានព័ស្តុតាងណាមួយដែលបង្ហាញថា អាហ្រ្វិកខាងត្បូងនាំចេញអាវុធណាមួយទៅរុស្ស៊ីឡើយ បន្ទាប់ពីមានការសាកសួរមនុស្សប្រមាណ ៥០ នាក់និងការពិនិត្យឡើងវិញលើឯកសារជាង ១០០ ច្បាប់។ 
 
«នៅពេលដែលមានការពិនិត្យរួចរាល់ គ្មានព័ស្តុតាងណាមួយបញ្ជាក់ថាការចោទប្រកាន់ពីការផ្គត់ផ្គង់អាវុធដល់រុស្ស៊ីជាការពិតឡើយ»។ លោក Ramaphosa បានលើកឡើងបែបនេះ នៅថ្ងៃទី៣ ខែកញ្ញា។ 
 
លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលបានចោទប្រកាន់អាហ្រ្វិកខាងត្បូង អាចរកព័ស្តុតាងបញ្ជាក់ថា អាហ្រ្វិកខាងត្បូងពិតជាមានបញ្ជូនអាវុធឱ្យរុស្ស៊ីឡើយ។ ទន្ទឹមនឹងនេះ លោក Ramaphosa ក៏បានចង្អុលបង្ហាញពីការប៉ះពាល់នៃការចោទប្រកាន់នេះលើរូបិយប័ណ្ណរបស់អាហ្រ្វិកខាងត្បូងដែរ។ 
 
បើតាមលោក Ramaphosa ការចោទប្រកាន់នេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជំហររបស់អាហ្រ្វិកខាងត្បូងលើឆាកអន្តរជាតិ និងបានបំផ្លាញមុខមាត់អាហ្រ្វិកខាងត្បូងក្នុងពិភពលោកផងដែរ។ 
 
គួររំលឹកថា មេដឹកនាំអាហ្វ្រិកខាងត្បូងបានបញ្ជាឱ្យមានការស៊ើបអង្កេតដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតអាម៉េរិក បានប្រាប់សន្និសីទសារព័ត៌មានកាលពីខែឧសភាឆ្នាំមុនថា លោកសង្ស័យថាអាហ្រ្វិកខាងត្បូងបានបញ្ជូនអាវុធ និងគ្រាប់រំសេវតាមកប៉ាល់ទៅឱ្យរុស្ស៊ី។ យ៉ាងណាមិញ បើតាមក្រសួងការបរទេសអាហ្រ្វិកខាងត្បូង លោក Reuben Brigety បានធ្វើការសុំទោសចំពោះការអត្ថាធិប្បាយរបស់លោក។ 
 
អាហ្រ្វិកខាងត្បូងមានទំនាក់ទំនងដ៏យូរអង្វែងជាមួយសហភាពសូវៀត និងបានរក្សាទំនាក់ទំនងមិត្តភាពនេះជាមួយរុស្ស៊ីរហូតមក។ នៅក្រោមការដឹកនាំរបស់លោក Ramaphosa ប្រទេសនេះក៏បានរៀបចំសមយុទ្ធជាមួយកងទ័ពជើងទឹករុស្ស៊ី ហើយបានបដិសេធមិនចូលរួមក្នុងការថ្កោលទោសជាមួយលោកខាងលិចលើទីក្រុងម៉ូស្គូ ឬការដាក់ទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចរុស្ស៊ីទៀតផង៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាហ្រ្វិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com